ស្នងការនគរបាលភ្នំពេញ គ្រោងសង់អគារថ្មីដោយបំពាក់បច្ចេកវិទ្យាទំនើបសម្រាប់តាមដានបទល្មើស

អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្ពស់៩ជាន់ គ្រោងនឹងសាងសង់នៅក្នុងខាងមុខនេះ ដោយស្ថិតនៅទីតាំងចាស់ដដែលនៅក្នុងខណ្ឌឫស្សីកែវ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់អគារថ្មីមានកំពស់៩ជាន់ ដែលមានបំពាក់បច្ចេកវិទ្យាទំនើប​​​ក្នុងការតាមដានគ្រប់ហេតុការណ៍ និងបទល្មើសក្នុងរាជធានីភ្នំពេញ។

យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិដែលបានស្រង់សម្តី ស្នងការក្រុងភ្នំពេញ លោក ស ថេត បានឲ្យដឹងថា លោកមានគម្រោងសាងសង់អគារថ្មីមានកម្ពស់៩ជាន់ដែលស្ថិតនៅទីតាំងចាស់ដដែលក្នុងខណ្ឌឬស្សីកែវ។

ប្រភពដដែល បានឲ្យដឹងថាអគារថ្មីរបស់ស្នងការដ្ឋានរនគរបាលរាជធានីភ្នំពេញនឹងមានបំពាក់បច្ចេកវិទ្យាទំនើបដែលអាចតាមដានគ្រប់សកម្មភាព និងបទល្មើសដែលកើតឡើងក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនបានបញ្ជាក់ថានឹងតាមដានយ៉ាងណានោះទេ។

លោក ស ថេត បានប្រាប់ វីអូឌី នៅថ្ងៃនេះថា លោកពិតជាមានគម្រោងសាងសង់អគារថ្មី ប៉ុន្តែមិនទាន់ដឹងថាពេលណាចាប់ផ្តើមសាងសង់នោះទេ ព្រោះពុំទាន់មានថវិកាគ្រប់គ្រាន់។ ​​​លោកបានបដិសេធផ្តល់ព័ត៌មានលម្អិតអំពីគំរោងនេះ។

កាលពីឆ្នាំ២០១៥ ចិនបានផ្តល់កាមេរ៉ាសុវត្ថិភាព២០០គ្រឿងដើម្បីបំពាក់តាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញ សម្រាប់តាមដានបទល្មើចរាចរណ៍និងបទល្មើសផ្សេងៗ។ នៅក្នុងឆ្នាំ២០១៧ ជប៉ុនបានផ្តល់កាមេរាសុវត្ថិភាព៦០០គ្រឿង​​​ បន្ថែមលើការផ្តល់ដោយប្រទេសចិន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ