វិភាគ៖​ តើកម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បានត្រៀមខ្លួនការពារប្រព័ន្ធអនុគ្រោះពន្ធឬទេ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបភាព៖ Franck Robichon/AFP via Getty Images)

​ទឹកប្រាក់ជិត ៧០០លានដុល្លារ​ក្នុងមួយឆ្នាំៗ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធសម្រាប់នំាចេញ​ទំនិញរបស់ខ្លួន​ទៅលក់នៅ​ទី​ផ្សា​​​រ​អឺរ៉ុប​នោះ នឹងបាត់បងទៅវិញ​តែរយៈ​ពេល ២ខែទៀតប៉ុណ្ណោះ បើស្ថានការណ៍​ន​យោបាយមិនវិលទៅស្តារប្រជាធិបតេយ្យឡើងវិញ តា​​ម​ការ​ទាមទារ​​​របស់សហភាពអឺរ៉ុប​ទេនោះ។

សហភាពអឺរ៉ុបកំពុងដំណើរការព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា​ ដោយទុកពេលត្រឹមខែមិនា ឆ្នាំ២០១៩នេះ។ លក្ខខណ្ឌចម្បង​ដែល​សហភាពអឺរ៉ុប​ទាមទារ គឺឲ្យ​គណបក្សប្រឆាំង​បានចូលរួមប្រឡូកក្នុងឆាកនយោបាយឡើងវិញ មិនទទួលស្គាល់រ​ដ្ឋាភិបា​ល​ថ្មី​​ដែ​ល​ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា និងត្រូវរៀបចំការបោះឆ្នោតឡើងវិញ​តាមយន្តការប្រជាធិបតេយ្យ។

ប៉ុន្តែ សារ​នយោបាយ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពុំ​បាន​បង្ហាញ​ថា កម្ពុជា​នឹង​ព្យាយាម​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អឺរ៉ុប​នោះ​ឡើយ។

ក្នុងជំនួបជាមួយក្រុមអ្នកកាសែត​កាលពីថ្ងៃសុក្រ​សប្ដាហ៍​មុន លោក ហ៊ុន សែន បានអះអាងថា កម្ពុជាកំពុងបង្កើ​ត​​​យុ​​ទ្ធ​នាការ​ពង្រឹង​ឯករាជ្យរបស់ខ្លួន ​ដើម្បី​ទប់ទល់​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប និង​អាមេរិក​តាម​​​រយៈ​​​ធ្វើកំ​ណែ​ទម្រង់​វិស័​យ​​​ធុរៈកិច្ច​​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ជា​ង​នេះទៅទៀត មេដឹកនាំរូបនេះ បានព្រមានពីខេត្តកណ្តាល ក្នុងកម្មវិធីមួយថា បើសហភាពឺរ៉ុបហ៊ានដាក់ទណ្ឌកម្ពុជាមែន លោកថា នឹងមិនអត់ឱនឲ្យបក្សប្រឆាំងដែរ។

បញ្ហា​នេះ​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើកម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បានត្រៀមខ្លួនការពារប្រព័ន្ធអនុគ្រោះពន្ធឬទេ?

ក្រុម​អ្នកវិភាគនយោបាយ និង​ឃ្លាំ​មើល​សង្គម​កម្ពុជា បាន​បង្ហាញការយល់​ឃើញ​ផ្សេង​គ្នា​អំពី​ដំណើរ​វិវឌ្ឍ​នៃ​ស្ថានការណ៍​នយោបាយ និង​សង្គម​កម្ពុជា​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

លោកបណ្ឌិត​ ឡៅ ម៉ុងហៃ វិភាគថា ដំបូងៗ​ឡើយ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច មាន​ចេតនា​ចង់​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ តាម​រយៈ​ការ​បញ្ចេញ​សកម្មភាព​មួយ​ចំនួន​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ ដូច​ជា​ការ​បញ្ជូន​ក្រុម​មន្ត្រី​ឲ្យ​ទៅ​ជជែក​​ជាមួយ​សហភាព​អឺរ៉ុប ការ​កែ​ច្បាប់​បើក​ផ្លូវ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រឆាំង​ធ្វើ​នយោបាយ​ឡើង​វិញ​បាន និង​ជំហរ​របស់​ក្រសួង​មហាផ្ទៃ​ដែល​ជំរុញ​ឲ្យ​បើក​លំហ​សេរីភាព​សម្រាប់​អង្គការ​សង្គម​ស៊ីវិល។

លោក ឡៅ ម៉ុងហៃ វិភាគទៀតថា ចំណែកសារនយោបាយថ្មីៗនេះ លោកវិភាគថា គ្រាន់តែជាយុទ្ធសាស្ត្រ​បន្លាចទៅដៃកូកុំ​ឲ្យមើ​ល​ឃើ​ញ​ថា ខ្លួនកំពុងភ័យខ្លាចទៅនឹងសម្ពាធអន្តរជាតិតែប៉ុណ្ណោះ។

បើតាមលោក ឡៅ ម៉ុងហៃ ក្នុងកាលៈទេសៈនេះ បើមេដឹកនាំចង់បន្តអំណាច​តាមរយៈ​ការ​បោះបង់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពីស​ហភា​ព​អឺរ៉ុប និងសហរដ្ឋអាមេរិក លោកវិភាគថា មន្ត្រីមួយចំនួនក្នុងបក្សកាន់អាចអំណាចនឹងប្រឆាំង ព្រោះគេមិន​ចង់ឃើ​ញ​ពលរ​ដ្ឋច្រើ​ន​លា​ន​​នា​ក់ ប្រ​ឈមនឹងការបាត់បង់ប្រាក់ចំណូលនោះទេ។

លោកថា៖ «ខ្ញុំថា នៅ [រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ] ហើយបើសិនជាសម្តេចតេជោ ថា មិន​ខ្ចី​រវី​រវល់​អញ្ចឹង ​ក៏​មាន​អ្នក​ដែល​ធ្វើ​ការ​ជាមួយ​គាត់​ហ្នឹង ​ក៏​គេ​គិត​គូរ​ដែរ»។

របាយការណ៍របស់គណៈ​កម្មការអឺរ៉ុប ចេញផ្សាយ​កាលពី​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា កម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មា​នទំ​ហំ​ជាសាច់ប្រាក់ជាង ​៦ពាន់លានដុល្លារ ដែល​ភាគ​ច្រើន​លើស​លប់​ជា​ផលិត​ផល​កាត់ដេរ។

ចំណែកសហរដ្ឋអាមេរិកវិញ ក៏បានផ្ដល់ប្រព័ន្ធអនុគ្រោះ​ពន្ធ GSP ដល់កម្ពុជាតាំងពីឆ្នាំ១៩៩៧ ហើយ​កម្ពុជាបាននាំ​ទំនិ​ញទៅ​លក់​នៅទីផ្សារអាមេរិកនេះ គិត​ជា​​ទឹ​​ក​ប្រា​​​ក់​ប្រមាណជា ៣ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ​ៗ។

ប្រធានរាជបណ្ឌិត្យសភា​របស់រដ្ឋាភិបាល លោក​បណ្ឌិត សុខ ទូច វិភាគថា ការ​ទាម​ទារ​ពី​សំណាក់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ឲ្យ​គណបក្ស​កាន់​អំណាច​ប្រគល់​អាសនៈ​ទៅ​ឲ្យ​គណបក្ស​ប្រឆាំង​វិញ​ និង​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ លោក​ថា ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ។ លោក​ថា ព្រោះ​វា​​បានរំលោភច្បាប់ និង​រដ្ឋ​​ធម្មនុញ្ញកម្ពុជា ព្រោះថា ពលរដ្ឋជាង ៨០ភារយ បាន​ចេញ​ទៅ​បោះ​ឆ្នោត​គាំទ្របក្សកាន់អំណាច។

លោក សុខ ទូច វិភាគទៀតថា ជំហរដ្ឋាភិបាលមកដល់ពេលនេះ មិនផ្លាស់ប្តូរទេ ក្នុងការចង់រក្សាប្រព័ន្ធអនុគ្រោះនេះ បើសហភា​ព​អឺ​រ៉ុប​ធ្វើសម្បទានខ្លះ លើលក្ខខណ្ឌរបស់ខ្លួននោះ។

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​លោក សុខ ទូច

លោកថា៖ «ទី៣ គ្មានស្អីបញ្ច្រាសទេ គឺបានប្រាប់ទៅសហគមន៍អឺរ៉ុបវិញថា បើសិនជាអ្នកផ្តល់សម្បទាន EBA មកឲ្យកម្ពុជា កម្ពុ​ជាបា​ន​​ផ្ត​ល់ឱកាសច្រើនណាស់សម្រាប់ស្អីដែលគេចង់បាន សម្រាប់ការលើកលែងទោស​ឲ្យអ្នកន​យោបា​យ​ទាំង ​១១៨ ​ឧទាហ​រណ៍​អីអ​ញ្ចឹង​ទៅ ហើយទី២ គឺផ្តល់សេរីភាពខាងសារព័ត៌មាននូវគ្រប់និន្នាការអាចចូលមកកម្ពុជាបាន។ អានេះជាការ​សម្ប​ទានមិន​​មែន​បញ្ច្រាស សម្បទានទៅ សម្បទានមក»។

លោក សុខ ទូច វិភាគទៀតថា ប្រទេសមួយដែលទទួលបានប្រព័ន្ធអនុគ្រោះនេះរហូត វានឹងធ្វើឲ្យមនុស្សមិនរីកចម្រើនទេ លោក​ថា​​ដូ​ចនេះ កម្ពុជាក៏ត្រូវចេះរៀនថា ការប្រកួតប្រជែងនៅក្នុងទីផ្សារសេរី ត្រូវបង្កើនការផលិត ដោយថា នៅជុំវិញកម្ពុជា មាន​វៀ​ត​ណា​​​ម និងថៃ គេមិនត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBA ទេ។

អ្នកវិភាគនយោយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគថា រដ្ឋាភិបាលពេលនេះ មិន​បានត្រៀម​ខ្លួ​ន​ទៅការពា​រប្រព័​ន្ធ​អ​​​នុ​​​​​គ្រោះ​​​ពន្ធទេ គឺបានត្រៀមផ្ទេរអំណាចឲ្យទៅកូនៗរបស់ពួកគេ។

អ្នក​វិភាគរូបនេះ វិភាគទៀតថា ការត្រៀមខ្លួនទៅការពារប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រដ្ឋា​ភិបា​ល​​ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដោយតម្លាភាពនិងយុត្តិធម៌ តែលោកថា យន្តការនេះ អាច​ជាគ្រោះថ្នាក់ក្នុងការផ្ទេរអំណាចឲ្យ​​ទៅ​កូន​ៗ​រ​បស់ពួកគេ ពេលគណបក្សនេះចាញ់ឆ្នោត។​ លោកថា ដូចនេះ គណ​បក្សប្រជាជន​កម្ពុជានឹង​មិន​លេង​ល្បែងប្រជា​ធិប​តេយ្យ​នេះទេ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកថា៖ «បើតាមជំហររដ្ឋាភិបាលបច្ចុប្បន្ន EBA ហ្នឹងនឹងបាត់ហើយ ព្រោះនៅក្នុងខែ៣​ហ្នឹ​ង ជាដំ​ណាក់កា​លទី១ ដែលគេព្យួរ​ហើ​យ ​ហើយ ៦ខែទៀត បើយើងនៅតែមិនធ្វើតាមគេ គេដកហើយ។ អញ្ចឹង នៅក្នុង​ខែមីនាហ្នឹង ស្ថិត​នៅក្នុងដំ​ណាក់កា​លទី១​ហើយ​»។

​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ មើល​ឃើញ​ថា ប្រព័ន្ធ​អនុគ្រោះ​របស់​អាមេរិក និង​របស់​សហភាព​អឺរ៉ុប គឺ​ក្ដី​កង្វល់​មួយ​របស់​លោក ហ៊ុន សែន ប៉ុន្តែ ការ​បាត់​បង់​អំណាច គឺ​ជា​ក្ដី​កង្វល់​ធំ​ជាង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​ទៀត។

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

លោក គឹម សុខ ប្រាប់​ថា​៖ «អំណាចទៅវិញទេ ដែលនៅតែជាចំណុចអាទិភាព គន្លឹះទី១ ដែលលោក ហ៊ុន សែន ត្រូវបារម្ភ ហើយ​ធ្វើ​អ្វីៗ​ដើម្បីរក្សា មិនមែនមិនមែន EBA នៃសហភាពអឺរ៉ុប ឬ GSP ទេ ពីព្រោះ អំណាច គឺជាអ្វីៗទាំងអស់របស់គាត់។ ប្រសិនបើ​គាត់​សម្រួល​ផ្លូវ​ទាំងឡាយធ្វើឲ្យបាត់អំណាចរបស់គាត់ គាត់មិនធ្វើទេ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ