វៀតណាមរៀបចំកន្លែងសម្រាប់ គីម ជុងអ៊ុន និង ត្រាំ ជួបគ្នាដើមខែកុម្ភៈ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននៅឯសណ្ឋាគារ Capella នៅលើកោះ Sentosa ប្រទេសសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ Reuters)

រដ្ឋាភិបាលវៀតណាមកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ជំនួបជាលើកទី២ រវាងមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅដើមខែកុម្ភៈ។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ គឺមេដឹកនាំប្រទេសទាំងពីរនោះធ្វើដំណើរទៅកាន់វៀតណាម ចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ គឺចំពេលពិធីបុណ្យចូលឆ្នាំវៀតណាម។​

មន្ត្រីជាន់ខ្ពស់អាមេរិក និងកូរ៉េខាងជើងបានជួបគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ បានជជែកពីរបៀបវារៈដែលមេដឹកនាំទាំងពីរនឹងជជែកគ្នាជាលើកទី២។ ក្នុងនោះរបៀបវារៈសំខាន់គឺការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

បច្ចុប្បន្ន វៀតណាម​បានដើរនយោបាយការទូតទំនាក់ទំនងល្អទាំងជាមួយអាមេរិក និងជាមួយកូរ៉េខាងជើង។

កាលពីចុងខែវិច្ឆិកាឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានធ្វើដំណើរទស្សនកិច្ចទៅវៀតណាម ដើម្បីរៀនសូត្រពីការធ្វើដំណែទម្រង់សេដ្ឋកិច្ច។​ ឆ្នាំមុន វៀតណាម​បាននាំទំនិញទៅកូរ៉េខាងជើងដែលភាគច្រើនជាផលិតផលអាហារក្នុងទំហំទឹកប្រាក់៧,៣លានដុល្លារ។​

ចំណែកជាមួយអាមេរិកចាប់តាំងពីអាមេរិកដកទណ្ឌកម្មអាវុធលើវៀតណាមកាលពីឆ្នាំ២០១៦មក ទំនាក់ទំនងប្រទេសទាំងពីរកាន់តែស្និទ្ធស្នាលឡើង។​

នៅឆ្នាំ២០១៨ វៀតណាមនាំទំនិញទៅលក់នៅអាមេរិក​ក្នុងទំហំទឹកប្រាក់៤៧,៥៣ប៊ីលានដុល្លារ កើនឡើង១៤,៣ ភាគរយ បើធៀបឆ្នាំ២០១៧។ របាយការណ៍រដ្ឋាភិបាលវៀតណាមឲ្យដឹងទៀតថា ទំនិញនាំចេញ២០ភាគរយរបស់ប្រទេសនេះគឺយកទៅលក់នៅអាមេរិក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ