តារា​កំប្លែង​នាយ កុយ និង​នាយ​ក្រិន រង​របួស​ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

តារា​កំប្លែង​លោក ជួង ជី ហៅ​នាយ កុយ រង​របួស​ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ អំឡុង​ធ្វើ​ដំណើរ​ត្រឡប់​ពី​ខេត្ត​រតនគិរី ជាមួយ​ដៃ​គូ​កំប្លែង នាយ ក្រិន នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៩។ រូបថត៖ នគរបាលជាតិ

នគរបាល​ជាតិ​បាន​ផ្សាយ​ថា តារា​កំប្លែង​​នៅ​កម្ពុជាពីររូប នាយ​កុយ​ និង​នាយ​ក្រិន​ បាន​រង​របួស​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រថយន្ត​របស់​ពួកគេ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅខេត្តត្បូងឃ្មុំ ខណៈពេលពួកគេធ្វើដំណើរត្រឡប់​មក​ពី​ខេត្ត​រតនគិរី​។

ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ លោក​ បែន​ រ័​ត្ន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ដោយ​គេហ​ទំព័រ​នគរបាល​ជាតិ ដែល​បាន​និយាយ​ថា តារាកំប្លែង លោក ជួង ជី ហៅនាយកុយ និងលោក ទេស សុជន ហៅនាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍នៅ​លើ​ផ្លូវ​លេខ​ ៧៣​ ឃុំ​តំបែរ​ ស្រុក​តំបែរ​ នៅព្រឹកថ្ងៃអាទិត្យ ទី២០មករានេះ ដោយសារ​រថយន្ដម៉ាក​ឡង់​គ្រី​ស័​រ​​ពណ៌​ស ​ដែលបើកបរដោយលោក ជួង ជី បានបែក​កង់​ និងរ៉េចង្កូត​ទៅ​បុក​ដើមឈើ​។

បើតាមលោក​ បែន​ រ័​ត្ន ក្រោយហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក ជួង​ ជី​ ហៅ​នាយ​កុយ​ បានរងរបួសកែងដៃស្ដាំ ចំណែកលោក ទេស​ សុជន​ ហៅនាយក្រិន ក៏ទទួលរងគ្រោះថ្នាក់ផងដែរ។

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ​ ១,៧៦១​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំងប្រទេស​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ ដែល​តួលេខនេះថយចុះ​​ ១ភាគរយ​បើប្រៀប​​ធៀបនឹងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ