លោក ហ៊ុន សែន ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិននៅ​ថ្ងៃ​នេះ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ដៃ​គ្រវី​នៅ​លើ​យន្តហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៩ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៤​ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន​ហើយ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​នេះ ជា​ដំណើរ​ទស្សនកិច្ច​ត្រូវ​បាន​លោក​លើក​ឡើង​ថា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ដ្របន្ថែមទៀត។

ទំព័រ​ហ្វេសប៊ុកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យដឹងថា លោកចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ប្រទេសចិន ដែលចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា។

បើតាមហ្វេសប៊ុក ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន គ្រោង​ជួប​ជជែក​ពិភាក្សា​ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាយករដ្ឋ​មន្ត្រី​ចិន លោក លី ឃឹជាំង ប្រធានសភាប្រឹក្សានយោបាយចិន លោក វ៉ាង យ៉ាង និង​មេដឹកនាំ​ចិន​ដទៃ​ទៀត​។

ក្រៅពីនេះ លោក ហ៊ុន សែន ក៏មានជំនួបដាច់ដោយឡែកជាមួយប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិ​របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន លោក​​រដ្ឋមន្ត្រី សុង តាវ ប្រធានសមាគមមិត្តភាពចិន-កម្ពុជា លោកស្រី គូ សៀវលៀន និងថ្នាក់ដឹកនាំធុរៈកិច្ច ៤រូបទៀត មកពីធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែប និងក្រុមហ៊ុនហួណេងគ្រុប។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវ​បាន​ធ្វើឡើង​តែ​ ៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​សហភាព​អឺរ៉ុប​ បាន​សម្រេច​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​ភូមា​ សម្រាប់​រយៈ​ពេល ៣​ឆ្នាំ​ជាប់​គ្នា ទៅ​តាម​សំណើ​បណ្ដា​សមាជិក​ដែល​ជា​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ