ក្រសួងបរិស្ថាននៅថ្ងៃនេះបានចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលអាចកើតមានឡើងក្នុងរដូវប្រាំង។
យោងតាមសេចក្តីជូនដំណឹងក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថាភ្លើងឆេះព្រៃកើតមានជារៀងរាល់ឆ្នាំ ក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនានាក្នុងប្រទេសកម្ពុជា ។ ភ្លើងឆេះព្រៃកើតឡើងដោយសារការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការតាំងទីលំនៅថ្មី ការដុតព្រៃដើម្បីចាប់សត្វ និងការធ្វេសប្រហែសរបស់មនុស្ស ។
ដើម្បីបង្កា និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន បានណែនាំ អាជ្ញាធរមានសមត្ថកិច្ច សហគមន៍ និងអ្នកដែលពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងទៀតដែលជាសកម្មភាពល្មើសច្បាប់ ។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋរក្សាទឹកសម្រាប់ប្រើប្រាស់ នារដូវប្រាំងដោយកម្ពុជា នឹងទទួលរងឥទ្ធិពលបាតុភូត អែល នីណូ (El Nino) ដែលធ្វើឲ្យមានសភាពក្តៅហួតហែង។ អាកាសធាតុក្ដៅនេះ នឹងធ្វើឲ្យព្រៃឈើនៅកម្ពុជា ងាយនឹងរងនូវបាតុភូតភ្លើងឆេះព្រៃ។