ចិន ​ច្រានចោលការចោទប្រកាន់​របស់​អាមេរិកដែលថាខ្លួន​ជា​ការគំរាម​កំហែង​ដ៏ធំ​

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ថ្លែងក្នុង​សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ fmprc.gov.cn

ក្រសួងការបរទេសចិន បាន​ច្រាន​ចោលព័ត៌មាន​ដែលថា​ប្រទេសខ្លួន​ជា​ការគំរាម​កំហែងដ៏ធំមួយ​សម្រាប់​សហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី  Hua Chunying បានថ្លែងក្នុង​សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃកាលពីម្សិលមិញ​ ថា ​របាយការណ៍របស់​អាមេរិក​ដែល​ថា ​ចិន និង​រុស្ស៊ី ​ជាការគំរាម​កំហែងមួយដ៏ធំ​​ដល់​អាមេរិក ជាការចោទប្រកាន់​ដែល​គ្មានមូលដ្ឋាន ហើយ​ចិនប្រឆាំង​ដាច់​ខាត​ចំពោះ​ការលើកឡើងនេះ។ លោកស្រី ​បន្តថា ​ចិន បាន​និយាយជាច្រើនលើក​ហើយ ​ថា​​ប្តេជ្ញា​ធ្វើការ​អភិវឌ្ឍតាម​មាគា៌​សន្តិភាព និងប្រកាន់​គោលការ​ណ៍ការពារ​ខ្លួន​តែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បាន​បន្ថែម​ថា ចិនតែងតែដើរតួនាទីជាស្ថាបនិកសន្តិភាព​ អ្នកចូលរួម​ក្នុងការ​អភិវឌ្ឍ និង​ជា​អ្នកថែរក្សា​សណ្ដាប់​ធ្នាប់​​ពិភពលោក។ លោកស្រី Hua Chunying ក៏បាន​ប្រាប់​ទៅ​អាមេរិក​ផងដែរ​ថា​ គួរតែ​បោះបង់​​នូវការ​ចោទប្រកាន់ ​និង​គំនិត​ដែល​ហួសសម័យ​បែបនេះ​ទៅ។

កាល​ពីថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ទីភ្នាក់​ងារ​ស៊ើបការ​សម្ងាត់​របស់​អាមេរិក បាន​ចេញ​របាយការណ៍មួយដែលនិយាយពី​​ការ​គំរាម​កំហែង​ដែល​ប្រទេសខ្លួន​កំពុងប្រឈម​​។ ​របាយការណ៍នោះ បាន​លើកឡើងថា​ ការគំរាម​កំហែង​ទាំងនោះមានដូចជា កិច្ចខិតខំប្រឹងប្រែងរបស់​​រុស្ស៊ីក្នុង​ការ​ពង្រីក​ឥទ្ធិពល និងការ​ធ្វើទំនើបកម្ម​វិស័យ​យោធារបស់​ចិនជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ