សាលារាជធានីភ្នំពេញសម្រេចមិនអនុញ្ញាត​ឲ្យ​សង់​រោង​កម្មវិធី​អ្វី​ទាំងអស់​លើ​ដង​ផ្លូវ​ចាប់​ពី​ខែ​កក្កដា​ទៅ

រោងការដែលសង់នៅលើបណ្ដោយផ្លូវមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។ រូបភាព៖ Urban Voice Cambodia

អាជ្ញាធរ​រាជធានីភ្នំពេញ ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​សង់​រោង​កម្មវិធី​អ្វី​ទាំង​អស់​​នៅ​លើ​ដង​ផ្លូវ​សាធារណៈ​ទាំង​អស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ត​ទៅ។

ក្នុង​សេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដែល​ វីអូឌី ​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​សម្រេច​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​នៅ​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់​ផ្លូវ​មួយ​ចំណែក​សម្រាប់​សង់​រោង​កម្មវិធី​ផ្សេងៗ​រហូត​ដល់​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ខាង​មុខ ប៉ុន្តែ លោក​ថា អនុញ្ញាត​ឲ្យ​សង់​រោង​ត្រឹម​តែ​ចំណែក ១ភាគ ២ នៃ​ទ្រូង​ផ្លូវ​ប៉ុណ្ណោះ។

ក្នុង​សេចក្ដី​ណែនាំ​ដដែល​នោះ លោក ឃួង ស្រេង បាន​​សម្រេច​ទៀត​ថា ប្រជា​ពលរដ្ឋ​​នឹង​មិន​អាច​សង់​រោង​កម្មវិធី​នានា​នៅ​លើ​ចំណែក​ណា​មួយ​នៃ​ដង​ផ្លូវ​ត​ទៅ​ទៀត​ឡើយ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ត​ទៅ។

បើ​តាម​សេចក្ដី​ណែនាំ​នេះ រាល់​រោង​កម្មវិធី​ទាំង​អស់ ត្រូវ​បាន​សាលា​រាជ​ធានី​ភ្នំពេញ តម្រូវ​ឲ្យ​រៀបចំ​ធ្វើ​ឡើង​នៅ​តាម​ទីតាំង​ឯកជន​ ទីតាំង​សាធារណៈ​មួយ​ចំនួន ដូចជា វត្ត​អារាម ឬ​ព្រះវិហារ ជាដើម។

សាលា​​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បែប​នេះ ជា​ផ្នែក​មួយ​នៃ​វិធានការ​រៀប​ចំ​សណ្ដាប់​សាធារណៈ និង​យុទ្ធនាការ​រំដោះ​ចិញ្ចើម​ផ្លូវ ដែល​ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​២០១៧​មក​ម៉្លេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ