អាមេរិក​ ​ទទួលស្គាល់​មេបក្សប្រឆាំងជាប្រធានាធិបតី​វេណេស៊ុយអេឡាជំនួសលោក ម៉ាឌូរ៉ូ​

លោក ដូណាល់ ត្រាំ លោក ម៉ាឌូរ៉ូ (លើ) និងលោក Juan Guaido (ក្រោម)។ រូបភាព៖ វេបសាយបរទេស

សហរដ្ឋអាមេរិក បាន​ប្រកាសទទួលស្គាល់​ប្រធានរដ្ឋសភានិង​ជា​មេដឹកនាំបក្សប្រឆាំង ជាប្រធានាធិបតី​ប្រទេស​​វេណេស៊ុយអេឡាបណ្ដោះអាសន្នជំនួសប្រធានាធិបតីបច្ចុប្បន្ន​លោក​ នីកូឡាស ម៉ាឌូរ៉ូ។

លោក Juan Guaido ប្រធានរដ្ឋសភាវេណេស៊ុយអេឡា បានប្រកាស​ខ្លួន​ជាប្រធានាធិបតីរដ្ឋាភិបាល​អន្តរកាលជាបណ្ដោះ​អាសន្ន​​ ក្នុង​អំឡុងពេល​ដែល​លោកដឹក​នាំ​បាតុកម្ម​កាលម្សិលមិញ។

ក្រសួងការបរទេសអាមេរិក​ បាន​បញ្ជាក់​ក្នុងសេចក្តី​ថ្លែងការណ៍មួយដែល​ចេញ​​កាល​ពីម្សិលមិញ ថា​ អាមេរិក​គាំទ្រ​​ប្រធានរដ្ឋសភា លោក Juan Guaido ជាប្រធានាធិបតីប្រទេស​​វេណេស៊ុយអេឡាជាបណ្ដោះ​អាសន្ន​។ សេចក្តីប្រកាសព័ត៌មានដដែល ថាការប្រកាសខ្លួន​ជាប្រធានាធិបតី​របស់លោក JuanGuaido ស្រប​តាម​មាត្រា២៣៣​ នៃ​រដ្ឋ​ធម្មនុញ្ញ​​​វេណេស៊ុយអេឡា ហើយ​ក៏មាន​ការគាំទ្រ​ពីសមាជិក​រដ្ឋសភា​ដែល​ចង់​ឲ្យ​មានការស្ដារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញផងដែរ​។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ សហរដ្ឋ​អាមេរិក ក៏បាន​អំពាវឲ្យលោក ម៉ាឌូរ៉ូ ចុះចេញ​ពីដំណែង​ ដោយ​ថា ​ប្រជាជន​វេណេស៊ុយអេឡារងការឈឺចាប់​យូរគ្រប់​គ្រាន់ហើយ ក្រោម​ការគ្រប់គ្រង​បែប​ផ្ដាច់​ការ​របស់​លោក។ អាមេរិក​ថា ខ្លួនត្រៀម​ខ្លួន​រួចជាស្រេចហើយក្នុងការ​ជួយ​ស្តារលទ្ធិ​ប្រជាធិបតេយ្យនៅ​វេណេស៊ុយអេឡា​ឡើងវិញ ក៏ដូចជាការផ្ដល់​ជំនួយ​មនុស្សធម៌​នានាដល់ពលរដ្ឋប្រទេសនេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយទៀតដែល​ចេញផ្សាយ​ដោយ​សេតវិមានកាលពីម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់​ ត្រាំ ក៏បាន​អំពាវនាវ​ឲ្យប្រទេស​លោក​ខាងលិច​ដទៃទៀតទទួលស្គាល់​លោក​ Juan-Guaido ជាប្រធានាធិបតី​​វេណេស៊ុយអេឡាបណ្ដោះ​អាសន្ន​ផងដែរ​។

ភ្លាម​ៗក្រោយ​ការទទួលស្គាល់​លោក​ Juan-Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡាពីភាគី​អាមេរិក​ លោក ម៉ាឌូរ៉ូ បានប្រកាស​ថា ជាការកាត់​ផ្ដាច់​ទំនាក់​ទំនង​ការទួត​រវាង​ប្រទេស​ទាំងពីរ។ លោក ម៉ាឌូរ៉ូ ទុក​ពេល​៧២ម៉ោង​ឲ្យ​បុគ្គលិក​ទូត​អាមេរិក​ទាំងអស់​ចាក​ចេញ​ពីប្រទេស​វេណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ ថា​លោក​ជាប្រធានាធិបតី​តែមួយគត់​របស់​ប្រទេស​អាមេរិក​ឡាទីនមួយនេះ។ លោក បន្ថែម​ថា ​វេណេស៊ុយអេឡា មិនចង់ត្រលប់​ទៅសតវត្សទី២០ ដែល​ក្រុម​ជនបរទេស​និយាយភាសាអង់គ្លេសធ្វើ​អន្តរាគមន៍ និង​​ធ្វើរដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​នានានៅ​អាមេរិក​ឡាទីនននោះទេ។

ទោះជាយ៉ាងណាក៏ដោយ​ក្នុង​សេចក្តី​ថ្លែងការណ៍ដាច់​ដោយឡែកមួយទៀតរបស់​ក្រសួង​ការបរទេស​អាមេរិក​ចេញ​ផ្សាយ​កាលពីម្សិលមិញ​ អាមេរិកថា​ខ្លួនមិនផ្តាច់​ទំនាក់​ទំនងការទូតជាមួយ​វេណេស៊ុយអេឡាទេ។ អាមេរិក លើកឡើង​ថា ​លោក ម៉ាឌូរ៉ូ លែង​ជាប្រធា​នាធិបតី​ស្របច្បាប់​ទៀតហើយ ដូច្នេះលោកគ្មានសិទ្ធិ​កាត់​ផ្ដាច់​ទំនាក់ទំនង​ការទូតរវាងប្រទេស​ទាំងពីរឡើយ​។ ប្រភពដដែល​ឲ្យដឹងថា ​អាមេរិកនឹង​នៅតែរក្សាទំនាក់​ទំនងជាធម្មតា​ជាមួយវេណេស៊ុយអេឡាតាមរយៈរដ្ឋាភិបាល​របស់លោក Juan-Guaido ​ប្រធានាធិបតី​បណ្ដោះ​​អាសន្នរបស់​ប្រទេសនេះ។

គិតមកត្រឹមព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សម្ព័នមិត្ត​អាមេរិកជិត​១០ប្រទេស​ បានប្រកាស​គាំទ្រលោក Juan-Guaido ​ជាប្រធានាធិបតីវេណេស៊ុយ​អេឡា។ ​ ប្រទេសទាំងនោះរួមមាន​កាណាដា ប្រេស៊ីល ប៉េរូ អាហ្សង់​ទីន ប៉ារ៉ាហ្កាយ កូស្តារីកា និង​អេក្វាទ័រជាដើម។ ដោយ​ឡែក​សហភាព​អឺរ៉ុប បើទោះ​ជាមិនបានទទួលស្គាល់លោក Juan-Guaido ជាប្រធានាធិបតី​ដោយត្រង់​យ៉ាងណាក្តី ប៉ុន្តែក្នុងសេចក្តីប្រកាស​ព័ត៌មាន​ចេញកាលពីម្សិលមិញ​សហភាព​អឺរ៉ុប បានប្រកាសគាំទ្រ​ទាំងស្រុង​នូវសកម្មភាព​របស់​រដ្ឋសភា​វេណេស៊ុយ​អេឡា។

ទោះយ៉ាងណាក៏ដោយ ប្រទេសមួយចំនួន​រួមមាន​ គុយបា បូលីវៀ តួកគី និង​រុស្ស៊ី​ បាន​ចេញ​មុខការពារ​ភាពជាប្រធានាធិបតី​ស្របច្បាប់​របស់​លោក ម៉ាឌូរ៉ូ ហើយថ្កោល​ទោស​អាមេរិក​ថា​បាន​រំលោភ​អធិបតេយ្យភាព កិច្ចការ​ផ្ទៃក្នុង​​វេណេស៊ុយអេឡា និង​បំពាន​ច្បាប់​អន្តរជាតិទៀតផង​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ