ក្រុមកង​ទ័ព​ប្រកាសជំហរ​គាំទ្រ​លោក ហ៊ុន សែន កម្ទេចបក្សប្រឆាំង

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ហ៊ុន សែន

កងកម្លាំងយោធានៅក្នុងប្រទេស បានបង្ហាញជំហរគាំទ្ររដ្ឋាភិបាលដឹកនាំ​ដោយ​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលគំរាមកម្ទេចអតីតមេដឹកនាំអតីត​បក្សប្រឆាំងនៅក្រៅប្រទេស លោក សម រង្ស៊ី​ ឬក្រុមប្រឆាំងរដ្ឋាភិបាល។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ​កាលពីថ្ងៃទី២៥ មករាកន្លងមកនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសអំពីគម្រោងធ្វើមាតុភូមិនិវត្តន៍នាពេលខាងមុខ ដោយថា អាចមានប្រជាពលរដ្ឋ អ្នកស្នេហាលទ្ធិប្រជាធិបតេយ្យ និងអ្នកគាំទ្រជាច្រើននាក់ ត្រៀមទៅទទួលរូបលោក។

លោក សម រង្ស៊ី ក៏​បានអំពាវនាវទៅ​កងកម្លាំងប្រដាប់អាវុធ កុំឲ្យ​ស្ដាប់តាមបញ្ជាលោក ហ៊ុន សែន និងកុំបាញ់ប្រជាពលរដ្ឋស្លូតត្រង់ និងជំរុញពួកគេឲ្យ​ឈរខាងប្រជាពលរដ្ឋ ដើម្បីទាមទារសេរីភាព និងយុត្តិធម៌។

ប៉ុន្ដែ ភ្លាមៗ​ក្រោយពីលោក សម រង្ស៊ី ប្រកាសអំពីគម្រោងធ្វើមាតុភូមិនិវត្តន៍ និងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធកុំស្ដាប់តាមបញ្ជារដ្ឋាភិបាលដឹកនាំ​ដោយ​បក្សកាន់អំណាចនោះ ក្រសួងការពារជាតិ មន្ដ្រីជាន់ខ្ពស់កងទ័ពជើងទឹក និងជើងគោក និងកងកម្លាំងយោធាជាច្រើនទៀត បានប្រកាសត្រៀមកម្ទេចក្រុមប្រឆាំងនឹងរដ្ឋាភិបាល និងការអំពាវនាវរបស់លោក សម រង្ស៊ី។

ក្រុម​មេដឹកនាំ​កង​ទ័ព​បាន​សម្ដែង​ជំហរ​គាំ​ទ្រ​របស់​ពួកគេ​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ឬ​កិច្ច​សម្ភាស​នានា​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ដោយ​សារព័ត៌មានស្និទនឹងរដ្ឋាភិបាល Fresh News។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ថា៖ «កង​យោធពល​ខេមរ​ភូមិន្ទ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​អនុវត្ត​នូវ​ដីកា​របស់​តុលាការ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ជន​ដែល​តុលាការ​តាម​ចាប់​ខ្លួន»។

បន្ទាប់​ពី​ក្រសួង​ការពារ​ចេញ​សេចក្ដី​ថ្លែងការណ៍​បែប​នេះ បញ្ជាការដ្ឋាន​ផ្សេងៗ​នៃ​កង​ទ័ព ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន Fresh News ដែល​ចុះ​ផ្សាយ​ថា ពួកគេ​សុទ្ធ​តែ​ថ្កោល​ទោស និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស។

ការប្រកាសជំហររបស់កងទ័ពជាតិនេះ ធ្វើឡើងក្រោយពេលអតីតគណបក្សប្រឆាំងអំនាវពាវឲ្យពលរដ្ឋ និងកងកម្លាំងយោធាក្រោកឈរឡើងប្រឆាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានកើតក្រោយការបោះឆ្នោតថ្នាក់ជាតិដ៏ចម្រូងចម្រាស់មួយ និងការរិះគន់ពីក្រុមប្រទេសលោកសេរី។

ក្នុងពិធីប្រា​រព្ធខួប ២០​ឆ្នាំនៃថ្ងៃ​បង្កើត​ប​ញ្ជា​កា​រដ្ឋានកងទ័ពជើងគោក​នៃកងយោ​ធ​​​ព​លខេ​មរ​ភូ​មិន្ទ កាលពីថ្ងៃទី២៤មករា ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចទៅប្រទេសចិននោះ  លោក​ហ៊ុន សែន បានថ្លែងក្រើនរំលឹកឲ្យកងកម្លាំងយោធា​ការពាររដ្ឋាភិបាល​របស់​លោក អធិបតេយ្យភាព បូរណភាព និងប្រឆាំងការជ្រៀតជ្រែកពីប្រទេស។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ក៏​បាន​គំរាម​កម្ទេច​ចោល​កង​ទ័ព​ណា​ដែល​​លោក​ហៅ​ថា ទ័ព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​ដែរ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៥​ថា ស្ថិត​ក្នុង​អំណាច​ជាង ៣​ទសវត្សរ៍ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ប្រើ​ប្រាស់ម្ដង​ហើយ​ម្ដង​ទៀត​នូវ​​អំពើ​ហិង្សា​នយោបាយ ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច។

Human Rights Watch បាន​ចាត់​ថ្នាក់​លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​លំដាប់​ទី៦ នៅ​ក្នុង​ចំណោម​មេដឹកនាំ​កាន់​អំណាច​យូរ​បំផុត​នៅ​លើ​ពិភព​លោក ដោយ​ស្ថិត​នៅ​ពី​ក្រោយ​មេដឹកនាំ​ផ្ដាច់​ការ​ហ្ស៊ីបាវ៉េ លោក រ៉ូប៊ឺត មូហ្គាបេ ដែល​ត្រូវ​បាន​ពួក​យោធា​ទម្លាក់​ពី​អំណាច​កាល​ពី​ចុង​ឆ្នាំ២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ