ស្លាប់​យ៉ាង​តិច​​១៨​នាក់​ក្រោយ​ការ​​វាយ​ប្រហារ​លើ​វិហារ​មួយ​​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន​

មន្រ្តីប៉ូលីសនិងទាហានឈរនៅខាងក្រៅព្រះវិហារដែលវាយប្រហារដោយគ្រាប់បែកនៅក្នុងខេត្ត Jolo ខេត្ត Sulu។ រូបភាព៖ rte.ie

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៨​នាក់ ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ពេល​គ្រាប់​បែក ២​គ្រាប់ ត្រូវ​បាន​បំផ្ទុះ​វាយ​ប្រហារ​លើ​វិហារ​កាតូលិក​មួយ​កន្លែង ស្ថិត​នៅ​លើ​កោះ​មួយ​នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​ហ្វីលីពីន ដែល​ជា​មូលដ្ឋាន​រឹង​មាំ​របស់​ពួក​ឧទ្ទាម​ឥស្លាម។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ចុះ​ផ្សាយ​បែប​នេះ ក្រោយ​ពី​បាន​ដក​ស្រង់​សម្ដី​របស់​កង​ទ័ព​ហ្វីលីពីន ដោយ​កត់​សម្គាល់​ថា ការ​វាយ​ប្រហារ​នោះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​គាំ​ទ្រ​ស្វ័យភាព​បន្ថែម​ទៀត​របស់​តំបន់​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​មូស្លីម។

រូបថតមួយសន្លឹកដែលបានចេញផ្សាយដោយកងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) ការិយាល័យព័ត៌មានសាធារណៈ (PIO) Western Mindanao Command (WESTMINCON) បង្ហាញពីកំទេចកំទីនៅក្នុងវិហារកាតូលិកមួយដែលគ្រាប់បែកពីរគ្រាប់បានផ្ទុះនៅ Jolo ខេត្ត Sulu នៅកោះមីនដាណាវភាគខាងត្បូង។ រូបភាព៖ AFP/ HANDOUT ARMED FORCES OF THE PHILIPPINES, WESTERN MINDANAO COMMAND

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម (IS) បាន​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​នេះ ដែល​ជា​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​មួយ​ទៅ​លើ​វិហារ​កាតូលិក​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​មាន​ប្រជាជន​ភាគ​ច្រើន​បំផុត​ជា​គ្រឹស្ដ​សាសនិក។

បើ​តាម AFP បន្ទាប់​ពី​គ្រាប់​ទី​១​ផ្ទុះ​ឡើង ភ្លាមៗ​ក្រោយ​មក គ្រាប់​ទី​២​ក៏​បាន​ផ្ទុះ​ឡើង​នៅ​ខាង​ក្រៅ​វិហារ​នោះ​ផង​ដែរ ដោយ​បាន​សម្លាប់​​ទាហាន​ហ្វីលីពីន ដែល​បាន​រូត​រះ​ចូល​ទៅ​ជួយ​សង្គ្រោះ​អ្នក​រង​របួស​នៅ​អគារ​បាក់​បែក​ហុយ​ផ្សែង​ទ្រលោម ស្ថិត​នៅ​ក្នុង​ទីក្រុង​ចូឡូ។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា នេះ​គឺ​ជា​ការ​ប្រហារ​ដ៏​បង្ហូរ​ឈាម​បំផុត​មួយ​កើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ខណៈ​ដែល​តំបន់​នោះ​ធ្លាក់​ចូល​ក្នុង​អំពើ​បះបោរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ