វិភាគ៖​ តើមា​ន​អ្វី​កើត​ឡើង​បើលោ​ក ​សម​ រង្ស៊ី​ វិល​ចូល​កម្ពុ​ជាទាំងគ្មានសញ្ញាបើកច្រក?

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

នៅប៉ុន្មានថ្ងៃនេះ មេបញ្ជាការកងទ័ពមួយចំនួន បានគំរាមថា នឹងកម្ទេច​លោក សម រង្ស៊ី ខណៈមេបក្សប្រឆាំងរូបនេះ ប្រកា​សពីគ​ម្រោងវិលចូលស្រុក​វិញនៅអំឡុងឆ្នាំនេះ ទាំងមិនទាន់មានសញ្ញាបើកផ្លូវពីបក្សកាន់អំណាចនោះ។

សារព្រមានពីសំណាក់មេទ័ពមួយចំនួនេះ បាន​កើតឡើ​ងមិ​នដ​ល់​មួ​យ​ស​ប្តាហ៍ផង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រ​មាន​​​កា​ល​ពីថ្ងៃ​ទី២៤ ខែមករា​ ថា នឹង​ក​ម្ទេ​ច​កង​​ទ័ព​ទាំងឡាយណាដែល​ប្រឆាំងរដ្ឋាភិបាល និងរំឭកឲ្យកងកម្លាំងត្រៀមក​ម្ទេចក្រុម​បដិវ​ត្តព​​ណ៌ ​ដែលលោកថា ប៉ុនប៉ងផ្តួល​រំលំរដ្ឋាភិបាល​ស្រ​ប់ច្បាប់​រ​ប​​ស់លោក។

២១ មករា ២០១៩ / 21 January 2019 ប្រជុំ ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ គណបក្ស​សង្គ្រោះ​ជាតិ​​ នៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក។ រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

លោក ​សម ​​រង្ស៊ី បាននិរទេសខ្លួនម្តងទៀត មុនបោះឆ្នោត​ឆ្នាំ២០១៧ ដើម្បីគេចចេញពី​បណ្ដឹង​នៅ​តុលាការ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច ក្នុងនោះ​មានទាំ​ង​ប​ណ្តឹ​​ងរបស់​លោក ហ៊ុន​ សែន ផងដែរ។

ប៉ុន្តែ ជាការកត់សម្គាល់ វិធានការជាបន្តបន្ទាប់ទៅលើមេដឹកនាំបក្សប្រឆាំងនេះ កើត​ឡើង​ចំពេលដែលប្រជាប្រិយ​ភាព​របស់អតីត​គណបក្ស​ស​ង្គ្រោះជាតិ បាន​កើនប្រជាប្រិយភាពជិតទាន់បក្សកាន់អំណាច ​ទាំងនៅក្នុងរដ្ឋសភា និងនៅ​ឃុំ-សង្កាត់។

សំណួរត្រង់ថា តើនឹងមានអ្វីកើតឡើងនៅកម្ពុជា​បើលោក សម រង្ស៊ី វិលចូលស្រុកមែននោះ?​

អ្នកវិភាគនយោបាយ ដែលរដ្ឋាភិបាលប្តឹងរហូតជាប់ពន្ធនាគារ គឺលោក គឹម សុខ យល់ថា ដំណើរវិល​ត្រ​ឡប់​ចូ​ល​កម្ពុ​ជា​វិញ​របស់លោក សម រង្ស៊ី ស្ថិតនៅក្នុងដំណាក់កាលស្ទាបស្ទង់នៅឡើយ។

ប៉ុន្តែ លោក គឹម សុខ វិភាគថា បើលោក សម រង្ស៊ី វិលចូលកម្ពុជាមែន​ វានឹងជំរុញ​សម្ពាធអន្តរជាតិកា​ន់តែ​ខ្លាំ​ងទៅលើប​ក្សកា​ន់​អំ​ណា​ច និង​ចល​នា​ងើ​បឡើងវិញនៃចលនាប្រឆាំងនៅក្នុងស្រុក។

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

លោកថា៖ «បើលោក សម រង្ស៊ី ចូលស្រុកមែន គឺសហគមន៍អន្តរជាតិមានតួនាទីសំខាន់មួយ គឺតាមដានស្ថានការណ៍ហើយ ហើយបើលោក ហ៊ុន​ សែន ចាប់លោក សម រង្ស៊ី នោះសម្ពាធកាន់តែធ្ងន់ពីសហគមន៍អន្តរជាតិនឹងធ្លាក់ទៅលើក្រុមលោក ហ៊ុន សែន ហើយ»

ប៉ុ​ន្តែ លោក គឹម សុខ វិភាគថា សម្ពាធអន្តរជាតិខ្លាំង ឬខ្សោយ អាស្រ័យលើយុទ្ធសាស្ត្រ​របស់​បក្ស​ប្រ​​ឆាំង។

លោកថា៖ «ការងើបឡើងនៃសកម្មជនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងចលនាមហាជននោះ ក៏ស្ថិតនៅលើផែនការណ៍​នយោបាយហ្មត់ចត់កម្រិត​ណារបស់ក្រុមលោក សម រង្ស៊ី ដែលកំពុងដាក់ផែនការចូលប្រទេសកម្ពុជា។ ដូច្នេះ រឿងទាំង​អស់នេះ វា​អា​ស្រ័​​យគ្នាទៅវិញទៅមក វាមិនដាក់ពីគ្នាទេ»

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងប្រទេសលោកសេរីមួយចំនួនទៀត ប្រកាសមិនទទួល​ស្គាល់លទ្ធ​ផលបោះ​ឆ្នោតថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលការបោះឆ្នោតនោះ គ្មានវត្តមានគណបក្សប្រឆាំង ​ព្រោះគណបក្សនេះ​ ត្រូវបាន​តុលាការ​កំពូល​រំលា​យ​ចោល​នៅថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ពោលគឺ​មុនការបោះឆ្នោតជាតិចូលមកដល់។

មកដល់ពេលនេះ សហភាពអឺរ៉ុបកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាវិញ បើរដ្ឋាភិបាលនៅតែមិនព្រម​ប្រគ​ល់​ស​ង​អាសនៈឃុំ-សង្កាត់ ដែលបានរឹបអូស ឲ្យមកគណបក្សបក្សប្រឆាំងវិញ និងរៀបចំបោះឆ្នោត​ថ្នាក់ជាតិឡើង​វិញតាម​យន្ត​កា​​​រប្រជាធិបតេយ្យ ដោយមានគណបក្សប្រឆាំងចូលរួម។

ចំណែកសហរដ្ឋអាមេរិកវិញ មកដល់ពេលនេះ មិនទាន់លុបចោ​លវិធានការដាក់ទ​ណ្ឌកម្មទិដ្ឋាការ​ដល់មន្ត្រី​រដ្ឋាភិបា​លមួយ​ចំ​នួន​នៅ​ឡើ​យទេ​ ព្រមទាំងវិធានការបង្កកទ្រព្យសម្បត្តិ មេបញ្ជា​ការកងអង្គរក្សនាយករដ្ឋមន្ត្រី គឺលោក ហ៊ីង ប៊ុនហៀ​ង នៅឡើយទេ ដោយ​ជំរុញ​ឲ្យបក្សកាន់អំណាចវិលទៅរកការពិភាក្សានយោបាយជាមួយបក្សប្រឆាំងឡើងវិញ ដើម្បីផ្សះផ្សារជាតិ។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សារគំរាមកម្ទេចដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី មិនមែន​ជា​​វិ​​ធានការច្បាប់ទេ ដោយថា គម្រោងនៃការវិលត្រឡប់របស់លោក សម រង្ស៊ី មិនមែនជាការនាំអាវុធចូល ​ដើម្បីប្រ​ឆាំង​​នឹ​​ងរដ្ឋាភិបាល​ទេ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ការប្រើពាក្យកម្ទេចនេះ បានឆ្លុះបញ្ចាំងថា កា​របណ្តើ​ម​អំណាច​នៅកម្ពុជាបច្ចុប្បន្ន កំពុងដើរលើ​គ​ន្លង​​ចាស់បែបបណ្តុះគំនិតហិង្សានិយម។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកថា៖ «ច្បាប់មានសិទ្ធិ​តែចាប់ឃាត់ខ្លួន ឃុំខ្លួន ឬ​ចាប់ជននោះឯងកាត់ទោស​តាមតុលាការប៉ុណ្ណោះទេ អត់មា​នសិ​ទ្ធិអីទៅ​ក​ម្ទេ​ចអី ជា​សត្រូវអីកាន់អាវុធមកឯណា។ ប៉ុន្តែ អាការប្រើប្រាស់ពាក្យកម្ទេចហ្នឹង វាហាក់បង្ហាញថា ខ្មែរនិង​ខ្មែរ​លែង​និយាយ​គ្នា​កើត​​ ​បា​ន​ប​​ណ្តុះ​គំនិតទឹកឡើងត្រីស៊ីស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ហ្នឹង​ វា​ដុះ​កាន់​តែ​រីក​ធំ​ឡើងៗ​ធ្វើ​ឲ្យ​សង្គម​យើង​ទៅ​ថ្ងៃ​អនាគត​នឹងប្រះស្រាំ»

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើការវិលត្រឡប់របស់លោក សម សង្ស៊ី  ត្រូវបានបង្ក្រាប ឬកម្ទេច ដូ​ចសារគំរា​មមែ​​ន លោ​ក​ថា បក្សកាន់អំណាចកំ​ពុងលេងល្បែង​ដ៏គ្រោះថ្នាក់មួយសម្រាប់ប្រទេសជាតិ។

លោកថា៖ «ខ្ញុំគិតថា សហភាពអឺរ៉ុបនឹងមានវិធានការផ្សេងក្រៅពី EBA ហ្នឹងហើយ គេមិនយកបញ្ហាហ្នឹងជាវិធានកា​រចុងក្រោយ​ទេ។ ​អញ្ចឹង ​ជាការគិត​របស់ខ្ញុំ មិនគួរជ្រើសរើសយកផ្លូវនេះទេ»

អ្ននវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ភាគរយតិចបំផុតដែលថា លោក​ សម រង្ស៊ី សម្រេចចិត្តវិ​លចូ​ល​កម្ពុជាវិញ ទាំងគ្មានសញ្ញាបើកផ្លូវពីគណបក្សកាន់អំណាចនោះ។

ប៉ុន្តែ អ្នកវិភាគរូបនេះ វិភាគថា បើលោក សម រង្ស៊ី ចូល​មកកម្ពុ​ជាមែន ចលាចលក្នុង​សង្គមអាច​នឹងកើ​តឡើង ដោយសារ ​តែអ្នក​គាំ​ទ្រ​មួ​យចំ​នួនទៀត មិនទទួលយក​ចំណាត់កា​រ​រ​បស់រ​ដ្ឋាភិបាល។

លោក ឡៅ ម៉ុងហៃ បង្ហាញការព្រួយបារម្ភថា ពេលនោះ បក្សកាន់អំណាច ដៃម្ខាងទប់ទៅនឹងរលកងើបឡើងនៅ​​ក្នុ​ងស្រុក និងដៃ​ម្ខា​​​ងទៀត ប្រឹងទប់ទៅ​នឹង​គំនា​ប​​រ​​ប​ស់អន្តរជាតិ។ លោកព្រមានថា ពេលនោះចរន្តបែកបាក់ជាតិនឹងចូលមកដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ