បទយកការណ៍៖ អ្នកការពារសិទ្ធិមនុស្សស្នើទៅសមត្ថកិច្ច​កុំប្រើគ្រាប់កាំភ្លើងពិត ពេល​ពលរដ្ឋតវ៉ាបញ្ហា​ដីធ្លី

អ្នកមានជម្លោះដីធ្លី​មក​ពីភូមិគគីរ ស្ថិត​ក្នុង​ឃុំបិតត្រាង ត្រូវសមត្ថកិច្ចបង្ក្រាបក្រោយហេតុការណ៍ដុតកង់ឡាន តវ៉ារឿងដីធ្លីជាមួយឧកញ៉ាម្នាក់ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញលោក ពៅ សារ័ត្ន ជាពលរដ្ឋម្នាក់ដែលបានរងរបួសដោយគ្រាប់កាំភ្លើងក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងពលរដ្ឋ និងអាជ្ញាធរខេត្តព្រះសីហនុ នៅពេល​ដែល​សមត្ថកិច្ចចម្រុះនៃខេត្តនេះចុះអនុវត្ត​សាលដីកាស្ថាពររបស់តុលាការកំពូលកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

លោក ពៅ សារ័ត្ន ដែលអះអាងថា ជាកម្មករសំណង់បានត្រូវគ្រាប់កាំភ្លើងបាញ់ចូលត្រង់ស្មាខាងឆ្វេងបៀមគ្រាប់ជាប់ឆ្នឹងខ្នង រហូតមកដល់ពេលនេះក្រុមគ្រូពេទ្យបានវះកាត់យកគ្រាប់ចេញរួចហើយកាលពីចុងសប្តាហ៍មុន។ ពេលនេះ លោក​កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។

ម្តាយបង្កើតរបស់លោក ពៅ សារ័ត្ន ​គឺ អ្នកស្រី អន អៀន ដែលកំពុងអង្គុយមើលថែកូន រៀបរាប់ថា គ្រួសារគាត់គ្មានដីធ្លីនៅខេត្តព្រះសីហនុនោះទេ ហើយកូនរបស់គាត់ក៏ពុំបានចូលរួមតវ៉ាក្នុងហេតុការណ៍នោះដែរ ដោយថា កូនគាត់គ្រាន់តែជាអ្នកធ្វើសំណង់ក្បែរកន្លែងកើតហេតុតែប៉ុណ្ណោះ។​

អ្នកស្រីបន្ថែមថា៖ «កូនខ្ញុំធ្វើសំណង់នៅកំពង់សោមហ្នឹង គឺគ្មានដីទេ។ ហើយអ៊ុំក៏គ្មានការងារអីទេ ដល់ពេលកូនទទួលគ្រោះថ្នាក់អញ្ចឹង សូមឲ្យបងប្អូនជួយឧបត្ថម្ភ​។ អ៊ុំអត់មានរករឿងរ៉ាវអីទេ ធ្វើដូចម្តេចចៃដន្យ យើងជិះម៉ូតូទៅទិញម្ហូបពេលជួបឧបទ្ទវហេតុ  អញ្ចឹងបកក្រោយវិញក៏ត្រូវគ្រាប់។ ហើយអាការៈហ្នឹងធ្ងន់ មួយកំណាត់ខ្លួនខាងក្រោយហ្នឹង អត់ដឹងទេ ជើងពុំទាន់កំរើករួចទេ វាដូចលក្ខខណ្ឌងាប់ពាក់កណ្តាលខ្លួនហើយ។ ខ្ញុំចង់បានលុយយកព្យាបាលកូនឲ្យជា ព្រោះខ្ញុំគ្មានអីទេ»

ស្រ្តីមេម៉ាយវ័យជាង៥០ឆ្នាំរូបនេះ បានអំពាវនាវទៅរដ្ឋាភិបាលឲ្យជួយរកយត្តិធម៌ជូនកូនគាត់ ដោយធ្វើយ៉ាងណាវែកមុខចាប់ជនដៃដល់យកទៅដាក់ទោសសតាមច្បាប់ និងផ្តល់សំណងឲ្យគាត់ដើម្បីបានថវិកាព្យាបាលជំងឺ។

មន្រ្តីការពារសិទ្ធិមនុស្សបានចាត់ទុកថា ករណីអាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបទៅលើពលរដ្ឋពេលតវ៉ាប្រឆាំងការចុះអនុវត្តសាលដីការបស់តុលាការកំពូលនោះ ជាទង្វើរខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្រុមមន្ត្រីសិទ្ធមនុស្ស​ទាំងនោះ បាន​ស្នើទៅ​សមត្ថកិច្ចជៀសវាងការប្រើប្រាស់គ្រាប់កាំភ្លើងពិត នៅ​ពេល​ដែល​ក្រុ​ម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លីធ្វើការតវ៉ា​​​។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាមនីតិវិធីច្បាប់ ពេលចុះអនុវត្តសាលក្រម ឬសាលដីកា ប្រសិនបើមានការតវ៉ាពីពលរដ្ឋរហូតមានអំពើហិង្សាធ្ងន់ធ្ងរ អ្នកដឹកនាំការចុះអនុវត្តត្រូវដកថយ ឬពន្យារពេលមួយរយៈសិន ដើម្បីបញ្ចៀសអំពើហិង្សាកើតឡើង។

លោកបន្ថែមថា៖ «នៅពេលដែលអនុវត្តអញ្ចឹង ប្រសិនជាមានស្ថានភាពហិង្សាវាកើតឡើង យើងនៅតែចចេសក្នុងការអនុវត្តរហូតដល់មានការផ្ទុះអាវុធ ហើយបង្ករជាហិង្សាររហូតទៅដល់ត្រូវរបួស ឬក៏អាចប៉ះពាល់ដល់អាយុជីវិតអី អ្នកដឹកនាំត្រូវតែទទួលខុសត្រូវ»។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ បានស្នើទៅរដ្ឋាភិបាលត្រូវធ្វើការស៊ើបអង្កេតឲ្យបានពិតប្រាកដ និងឯករាជ្យ ដើម្បីចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដោយ​ថា អំពើ​ហិង្សា​នោះ​ គឺ​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។

លោកបន្ថែមថា៖ «អញ្ចឹងទាក់ទងហ្នឹ​ង វាត្រូវតែមានការស៊ើបអង្កេតមួយឲ្យបានពិតប្រាកដ និងមានតម្លាភាព និងឯករាជ្យ ដើម្បីទប់ស្កាត់កុំឲ្យមានការប្រើប្រាស់អំពើហិង្សាដោយការបាញ់គ្រាប់ពិត បង្កឲ្យមានការរងរបួសបន្តទៀត ព្រោះយើងឃើញវាជាវប្បធម៌មួយអាក្រក់មួយ»

ក្នុងវីអូឌីឃ្លីបមួយដែលបានចែកចាយតគ្នា​តាមបណ្តាញសង្គម អំពីហេតុការណ៍ប៉ះទង្គិចគ្នារវាងពលរដ្ឋ និងសមត្ថកិច្ចខេត្តព្រះសីហនុនោះ មនុស្សមួយក្រុមប្រដាប់ដោយកាំភ្លើង ស្លៀកពាក់ជាមន្រ្តីកងរាជអាវុធហត្ថបានវាយសំពង និងធាក់ទៅលើពលរដ្ឋទាំងដៃជាប់ខ្នោះ ខណៈពលរដ្ឋផ្សេងដេកដួលនៅលើដីដោយសារត្រូវគ្រាប់កាំភ្លើង និងដំបង។

​ប្រធានអង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា មានប្រសាសន៍ជាទូទៅថា នៅក្នុងប្រទេសប្រជាធិបតេយ្យដែលមានការគោរពសិទ្ធិ រាល់ការបង្ក្រាបទៅលើអ្នកតវ៉ា គឺសមត្ថកិច្ចកម្រប្រើគ្រាប់កាំភ្លើងពិតណាស់ ដោយថា លុះត្រាតែភាគីទាំងពីរមានកាំភ្លើងឬអាវុធដូចគ្នា។

លោកបន្ថែមថា៖ «គេមានស្ព្រាយ៍។ ស្ព្រាយ៍ហ្នឹង បាញ់ឲ្យអ្នកតវ៉ាហ្នឹងដួលសន្លប់១រយៈ ដើម្បីមានឱកាសក្នុងការចាប់។ គេមិនប្រើកាំភ្លើងគ្រាប់ពិតទេ បើកាលណាអ្នកតវ៉ាអត់មានកាំភ្លើង យើងប្រើកាំភ្លើងគ្រាប់ពិត អាហ្នឹងខុសហើយ។ បើគេប្រើកាំភ្លើងគ្រាប់ពិតក្នុងករណីជនល្មើសមានកាំភ្លើង ហើយការបាញ់ក្នុងន័យការពារខ្លួនទេ។ ប៉ុន្តែ ក្នុងករណីនៅកំពង់សោមយើងវិញម្ខាងដបសាំង និងកាំភ្លើងពិតវាហាក់បីដូចជាមិនស្នើគ្នាសោះ»

លោក មឿន តុលា ចាត់ទុកសកម្មភាពអាជ្ញាធរបង្ក្រាបទៅលើពលរដ្ឋពេលតវ៉ាដីធ្លីនៅខេត្តព្រះសីហនុនេះថា ជាទង្វើរខុសច្បាប់ ដោយថា សមត្ថកិច្ចបានធ្វើទារុណកម្មលើពលរដ្ឋទាំងបំពាន ដែលអ្នកប្រព្រឹត្តនោះ ត្រូវចាប់មកដាក់ទោសតាមច្បាប់ឲ្យខានតែបាន។

លោកបន្ថែមថា៖ «បើសិនជាមានត្រឹមតែដបសាំង មានត្រឹមដុំថ្មទេ ខ្ញុំយល់ថា អាជ្ញាធរលោកមិនគួរណាប្រើគ្រាប់កាំភ្លើងពិតទេគួរ រកវិធីអីផ្សេងមកដោះស្រាយ។ អ្វីដែលខ្ញុំមើលរូបភាពតាមវីដេអូខ្ញុំឃើញនៅពេលដែលចាប់គ្នាបានហើយ ចង់ស្លាបសេកហើយមានមន្រ្តីកងរាជអាវុធហត្ថហ្នឹងទៅធាក់គ្នាពីលើថែមទៀត ពេលដែលគ្នាដេកនៅដីហើយហ្នឹង។ ហើយអាហ្នឹងនៅតាមផ្លូវច្បាប់គឺ ខុសហើយព្រោះច្បាប់យើងប្រឆាំងនឹងការធ្វើទារុណកម្ម។ និយាយឲ្យចំអ្នកដែលលោតទាត់ធាក់ហ្នឹងត្រូវតែមានទោស»

ក្រុមសិទ្ធិមនុស្សបានជំរុញទៅអាជ្ញាធរឲ្យទទួលខុសត្រូវចំពោះការបង្រ្កាប​ដ៏​ហិង្សា​ទៅ​លើ​ការ​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពលរដ្ឋ​នៅខេត្តព្រះសីហនុនេះ​ និងស្នើឲ្យបញ្ឈប់ការប្រើប្រាស់គ្រាប់កាំភ្លើងពិតបាញ់ទៅលើពលរដ្ឋ ពេលចុះអនុវត្តសាលដីការបស់តុលាការផងដែរ។

អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឱ សារឿន បានច្រានចោលការលើកឡើង​របស់​ក្រុម​មន្រ្តីសិទ្ធិ​មនុស្ស​ទាំងនោះ​។ លោក មានប្រសាសន៍ថា ទោះបីជាក្នុងហេតុការណ៍នោះសមត្ថកិច្ច​មានកាំភ្លើងក៏ដោយ ក៏ពួកគាត់​មិនបានបាញ់ពលរដ្ឋទេ ដោយថា ប្រហែលជា​មានអ្នកបន្លំ​ឆ្លៀតឱកាស​ ពេលស្ថានការណ៍ច្របូកច្របល់​។

លោកថា៖ «យើងសង្កេតឃើញបុរសម្នាក់ដែលត្រូវរបួសហ្នឹង គឺសមត្ថកិច្ចបានបញ្ជាក់ថា ការចុះប្រតិបត្តិការនេះ ពុំ​មានប្រើប្រាស់អាវុធប្រភេទឡុក ដែលបានរកឃើញក្បាលគ្រាប់នៅក្នុងខ្លួនបុរសរងគ្រោះ។ ដូច្នេះ សមត្ថកិច្ចបានដាក់ការសង្ស័យ​ អាចនឹងមានជនបន្លំណាមួយ ​ដែលគាត់ឆ្លៀតឱកាសពេលមានស្ថានការណ៍ច្របូកច្របល់។ ដូច្នេះ សមត្ថកិច្ចបានបើកការស៊ើបអង្កេត»

តែទោះយ៉ាងណា ព្រះរាជអាជ្ញារងសាលាដំបូង​ខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បាន​អះ​អាង​ថា តុលាការ​ខេត្ត​នេះ​កំពុង​តែ​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ប៉ុន្តែលោក​បាន​បដិសេធ​ផ្ដល់​​ព័ត៌មាន​លម្អិត​អំពី​ដំណើរការ​នៃ​ការ​ស៊ើប​អង្កេត​នោះ។

មន្រ្តីការពារសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត បានចាត់ទុកថា ករណីអាជ្ញាធរសង្ស័យមានអ្នកទី៣ជាអ្នកបាញ់ទៅលើពលរដ្ឋនោះ គឺជាលេស​មិនទទួលខុសត្រូវតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា ការលើកឡើងរបៀបនេះ វាគ្រាន់តែជាការដោះសារយករួចខ្លួនទេ ប៉ុន្តែដែលជាការពិត ត្រូវតែមានការស៊ើបអង្កេត ការស្រាវជ្រាវរកការពិតឲ្យឃើញ ព្រោះយើងគិតឃើញថា តើការផ្ទុះអាវុធនោះអ្នកណាដែលមានអាវុធប្រើប្រាស់? ហើយបើយើងមិនមានការស៊ើបអង្កេត ឬក៏រកយុត្តិធម៌ជូនជនរងគ្រោះទេ អាហ្នឹងវាប៉ះពាល់ទៅដល់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាកិច្ចការពារសុវត្ថិភាពចំពោះប្រជាពលរដ្ឋ ហើយវារឹត​តែអាក្រក់ដែលបន្តឲ្យមាននិទណ្ឌភាព»

កាលពី​ឆ្នាំ២០១១ នៅពេលអាជ្ញាធរខេត្តកំពង់ស្ពឺបានចុះអនុវត្តសាលដីកាតុលាការ សមត្ថកិច្ចខេត្តនេះ បានប៉ះទង្គិចគ្នាយ៉ាងហិង្សាជាមួយក្រុមពលរដ្ឋ ដោយសមត្ថកិច្ចបាន​បាញ់ពលរដ្ឋខ្លះ​ឲ្យរងរបួសធ្ងន់-ស្រាលផងដែរ។ ករណីដាច់​ដោយឡែក​មួយទៀត នៅ​ឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះខេត្តក្រចេះដែលចុះការពារគ្រឿងចក្រក្រុមហ៊ុនចំការកៅស៊ូ​មេមត់ បាន​ប៉ះទង្គិចគ្នាជាមួយពលរដ្ឋមានជម្លោះដីធ្លីពេលនោះ​​ពលរដ្ឋមួយចំនួនត្រូវ​បានបាញ់​​​ឲ្យរងរបួសទៀតផង តែជនប្រព្រឹត្តមិនត្រូវបានចាប់យកមកដាក់ទោសឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ