ចិន ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគី​ណាមួយលើវេណេស៊ុយអេឡា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃនាទីក្រុងប៉េកាំង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ក្រសួងការពារប្រទេសចិន

រដ្ឋាភិបាលក្រុងប៉េកាំង បានចេញមុខជំទាស់​ទៅ​នឹងការ​​ចាត់វិធានការជាឯកតោភាគី​ណាមួយប្រឆាំង​ប្រទេសវេណេស៊ុយអេឡា ក្រោយ​ពីសហរដ្ឋ​អាមេរិក​បាន​ទណ្ឌកម្មលើក្រុមហ៊ុន​ប្រេងរបស់​រដ្ឋ​អាមេរិកឡាទីនមួយនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃនាទីក្រុងប៉េកាំងកាលពីម្សិលមិញថា ចិន ប្តេជ្ញារក្សាគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ លោក ជឿជាក់​ថា ​ស្ថានការណ៍ក្នុងប្រទេសវេណេស៊ុយអេឡា គឺត្រូវតែកំណត់ដោយ​ពលរដ្ឋវេណេស៊ុយអេឡា ហើយ​ចិន​ជំទាស់​រាល់​ការដាក់​ទណ្ឌកម្មជាឯកតោភាគី​ណាមួយលើប្រទេសនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បន្ថែមថា ​ប្រវត្តិសាស្រ្តបាន​បង្រៀន​ហើយថា ​ការ​ជ្រៀតជ្រែក​ពីខាងក្រៅ ឬ ការដាក់​ទណ្ឌកម្ម​ មិនបាន​ជួយដោះស្រាយបញ្ហាទេ តែ​វា​ជាការបន្ថែម​បន្ទុក​ទៅវិញ។ លោក Geng Shuang បន្តថា ការដាក់​ទណ្ឌកម្ម​របស់ប្រទេសណាមួយប្រឆាំងវេណេស៊ុយអេឡា នឹង​ជះឥទ្ធិពលជាអវិជ្ជមាន​ដល់សុខមាលភាព​ពលរដ្ឋប្រទេសនេះ ហើយប្រទេស​ទាំងនោះត្រូវ​ទទួលខុសត្រូវ​លើអ្វីដែលខ្លួន​បាន​ធ្វើ។

សហរដ្ឋអាមេរិកកាលពីថ្ងៃទី​២៨ ខែមករា កន្លងទៅ​ បាន​ដាក់ទណ្ឌកម្មប្រឆាំងនឹង​ក្រុមហ៊ុនប្រេងរបស់​​វេណេស៊ុយអេឡា ឈ្មោះ ​PDVSA។ PDVSA ជាក្រុមហ៊ុនរដ្ឋ​តែមួយគត់​របស់​ប្រទេសនេះដែល​ទទួលខុសត្រូវ​ក្នុងការនាំចេញប្រេងទៅបរទេស។ ការដាក់​ទណ្ឌនេះ ជាផ្នែកមួយដែល​សហរដ្ឋអាមេរិក​ធ្វើក្នុងការ​ជំរុញឲ្យមេដឹកនាំវេណេស៊ុយអេឡា​ លោក ម៉ាឌូរ៉ូ ចុះចេញ​ពីដំណែង។ ទណ្ឌកម្មនេះ នឹងរារាំងក្រុមហ៊ុន ​PDVSA មិន​អាចនាំចូលប្រេងមក​សហរដ្ឋអាមេរិក​បាន​ទៀតទេ។

កាល​ពីថ្ងៃទី២១​ ខែឧសភា ឆ្នាំ ២០១៨ សហរដ្ឋអាមេរិក​បាន​ចេញសេចក្តីសម្រេចមួយដោយហាមមិនឲ្យ​ក្រុមហ៊ុននិង​ប្រជាជនអាមេរិកទិញហ៊ុនរបស់ក្រុមហ៊ុន​ប្រេង​ PDVSA។

ការដាក់ទណ្ឌកម្មទាំងនេះ មានគោលបំណង​ដើម្បីបិទផ្លូវ​ការប្រព្រឹត្តិអំពើពុករលួយរបស់លោក ម៉ាឌូរ៉ូ និងបក្សពួកខ្លួនដែលយកក្រុមហ៊ុននេះដើម្បីបម្រើប្រយោជន៍។​ សហរដ្ឋអាមេរិក ថា​លោក ម៉ាឌូរ៉ូ បានប្រើប្រាស់​ក្រុមហ៊ុន​ PDVSA ដើម្បីចិញ្ចឹមក្រុម​យោធាក្នុងការរក្សាអំណាច​របស់​ខ្លួន។

តាមការចុះផ្សាយរបស់​សាព័ត៌មាន ​Fox News ចំណូល​ពីការលក់ប្រេងរបស់វេណេស៊ុយអេឡាពឹងផ្អែកយ៉ាងខ្លាំងលើ​អាមេរិក ព្រោះ​ប្រេង​៤១ភាគរយត្រូវបាន​នាំចេញទៅ​អាមេរិក។ ចំណែកឯប្រេង​ដែលនាំទៅចិន និងរុស្ស៊ី មិនបានផ្ដល់​ជាចំណូលដល់ប្រទេសនេះទេ ព្រោះថា​វា​ជា​បំណុល​ដែល​ត្រូវសងត្រលប់​ទៅ​វិញ ដោយសារ​ វេណេស៊ុយអេឡាជំពាក់​ប្រទេសទាំងពីរ​នេះរាប់​ពាន់​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ