លោក ម៉ាឌូរ៉ូ ថាគ្មានអ្វីទម្លាក់​លោកបាន​ទេ ដរាបណា​ក្រុម​យោធានៅតែមានភក្តីភាព

Nicolás Maduro ចូលរួមក្នុងពិធីមួយក្នុងអំឡុងពេលធ្វើសមយុទ្ធយោធានៅមូលដ្ឋានទ័ពអាកាស Libertador ក្នុងទីក្រុង Maracay។ រូបភាព៖ HO/AFP/Getty Images

មេដឹកនាំប្រទេសវេណេស៊ុយអេឡា លោក​ នីកូឡាស់ ម៉ាឌូរ៉ូ អះអាងថា ​គ្មានសម្ពាធណាមួយដែល​អាចទម្លាក់​លោក​​ពីតំណែងបាន​ឡើយ ព្រោះ​ថា លោកមាន​ក្រុមយោ​ធាដែលស្មោះស្ម័គ្រនៅ​ជាមួយ។

លោក​ ម៉ាឌូរ៉ូ បានថ្លែងបែបនេះតាម​កញ្ចក់​ទូរទស្សន៍រដ្ឋរបស់​ប្រទេសវេណេស៊ុយអេឡា​កាលពីថ្ងៃពុធម្សិលមិញ ខណៈពេល​ដែល​លោក​ Juan Guaidó មេដឹកនាំក្រុមប្រឆាំងធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោកចុះចេញ​ពីដំណែង។ តាម​រយៈវីអូឃ្លីបនោះ លោក​ ម៉ាឌូរ៉ូ បាន​បង្ហាញសកម្មភាព​របស់​លោកនៅ​​ជាមួយក្រុម​យោធា។ លោក ម៉ាឌូរ៉ូ ក៏បាន​ព្រមាន​ទៅអាមេរិកផងដែរថា វេណេស៊ុយ​អេឡានឹងធ្វើដូច​វៀតណាម​ ប្រសិន​​​បើ​យោធា​អាមេរិកលូកដៃចូល​ជួយក្រុម​ប្រឆាំងនោះ។​

ហេតុអ្វី ​បាន​ជាក្រុម​យោធានៅតែមានភក្តីភាពជាមួយលោក ម៉ាឌូរ៉ូ?​

ក្រុម​អ្នកជំនាញ​យោធា និងអ្នកឃ្លាំមើលស្ថានការណ៍ប្រទេសវេណេស៊ុយ​អេឡាមួយចំនួន​ផ្ដល់​ហេតុ​ផល​ស្រដៀងគ្នា​ទាក់​ទង​នឹង​មូលហេតុ​ដែល​ក្រុម​យោ​ធានៅតែស្មោះស្ម័គ្រជាមួយលោក ម៉ាឌូរ៉ូ។

អ្នកវិភាគជាន់ខ្ពស់នៃអង្គការវិបត្តិ​អន្តរជាតិ​ (International Crisis Group) លោក Phil Gunson មានប្រសាសន៍ប្រាប់សារព័ត៌មាន​ BBC របស់​អង់គ្លេស ថា​ លោក ម៉ាឌូរ៉ូ បាន​ប្រើយុទ្ធសាស្រ្តផ្ដល់ជា​ដំណែង​ដល់ក្រុមមេទ័ពធំ​ៗជារដ្ឋមន្រ្តី ឬ​ ដំណែង​ដែលមានឥទ្ធិពល​ផ្សេងទៀត។ លោកថា ពីមុនក្រុមយោធាទាំងនោះ​នៅតែក្នុងបន្ទាយប៉ុណ្ណោះ។

លោកស្ រី​San Miguel អ្នកជំនាញ​បញ្ហាយោធាវេណេស៊ុយអេឡា បាន​ថ្លែងប្រាប់​សារព័ត៌មាន​Financial Times ថា ដើម្បីទទួលបាន​ភក្តីភាព​ពីក្រុ​ម​យោធា ​លោក ​ម៉ាឌូរ៉ូ បាន​ធ្វើការ​ដំឡើង​ឋានន្តរសក្តិរបស់ពួកគេ។ លោកស្រី បន្តថា ចាប់តាំងឡើងកាន់​អំណាចមក​ មេដឹកនាំរូបនេះ បាន​បង្កើនចំនួនឧត្តមសេនីយ៍រហូតដល់១២០០នាក់ ដែល​ច្រើនជាងនៅអាមេរិកប្រហែល​ពីរដង។

​ក្រៅ​ពីការផ្ដល់​អំណាច លោក​ ម៉ាឌូរ៉ូ ក៏បាន​ផ្ដល់ផលប្រយោជន៍ខាង​ផ្នែក​ហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់​ដល់ក្រុម​មេទ័ពធំៗទាំងនោះ​ផងដែរ​។ លោកស្រី​ San Miguel ថា​ ពួកគេត្រួវបានលោក​ ម៉ាឌូរ៉ូ រៀបចំឲ្យ​កាន់​កាប់​វិស័យដែល​អាចរកចំណូលបាន​ច្រើន​ដូចជា ប្រេង រ៉ែ និង​ការនាំចូលម្ហូប​អាហារជាដើម។ ជាក់ស្តែងក្រុមហ៊ុនប្រេងរដ្ឋ PDVSA ស្ថិតក្រោមការគ្រប់គ្រងរបស់​ប្រមុខសន្តិជាតិ ឧត្តមសេនីយ៍​ Manuel Quevedo។ ចំណែកឯជំនួញធំៗទាក់ទងនឹង​អាហារនិងគ្រឿងបរិភោគ ត្រូវបានកាន់កាប់​ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក​ Vladimir Padrino។

អ្នកជំនាញសន្តិ​សុខនៃសាកលវិទ្យាល័យ Florida International លោក Brian Fonseca​ ត្រូវបាន​សារព័ត៌មាន​ BBC របស់​អង់គ្លេស​ដកស្រង់សម្តីថា​ លោក ម៉ាឌូរ៉ូ បាន​ទាក់​ទាញក្រុម​យោធាទាំងនោះឲ្យនៅជាមួយខ្លួនតាមរយៈការ​បើក​ដៃឲ្យ​ពួកគេប្រព្រឹត្តអំពើពុករលួយ។

អ្នកវិភាគជាន់ខ្ពស់នៃអង្គការវិបត្តិ​អន្តរជាតិ​ (International Crisis Group) លោក Phil Gunson បានឲ្យដឹងបន្ថែម​ថា​ ក្រុមមេទ័ព​ក៏មានការព្រួយបារម្ភ​ថា ​ពួកគេអាចនឹងមាន​ទោស ប្រសិន​បើ​លោក ម៉ាឌូរ៉ូ អស់​អំណាចទៅ។

ទោះយ៉ាងណាក៏ដោយ ក្រុម​ប្រឆាំងដែល​ដឹកនាំដោយ​លោក ​ Juan Guaidó បាន​ធ្វើការ​ធានា​ដល់​ក្រុម​យោធា ថាពួកគេ​នឹងមិនត្រូវបានដាក់​ទោសទណ្ឌអ្វីនោះទេ។ ក្រុម​លោក Juan Guaidó កាលពីថ្ងៃ​ទី២៨ ខែមករា បាន​នាំគ្នីគ្នាទៅកាន់​មូលដ្ឋាន​របស់​ក្រុម​យោធា។ ក្រុម​ប្រឆាំងបានហុចលិខិត​ដែល​ធានាការលើកលែងទោសដល់ក្រុម​យោធា តែលិខិតនោះត្រូវបាន​ទាហានម្នាក់ទទួល​យក ហើយ​ដុត​ចោលនៅនឹង​មុខតែម្តង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ