សភាអឺរ៉ុប ឲ្យសមាជិកទទួលស្គាល់មេដឹកនាំបក្សប្រឆាំងជាប្រធានាធិបតីជំនួស ម៉ាឌូរ៉ូ

មេដឹកនាំគណបក្សប្រឆាំងនៅវេណេស៊ុយអេឡា លោក Juan Guaido (ឆ្វេង) និងប្រធានាធិបតី លោក ម៉ាឌូរ៉ូ (ស្ដាំ)។ រូបភាព៖ វេបសាយបរទេស

សភាអឺរ៉ុប អំពាវនាវឲ្យប្រទេសជាសមាជិកក្នុងសហភាពមួយនេះ​ទទួល​ស្គាល់​មេដឹកនាំបក្សប្រឆាំងលោក Juan Guaidó ជាប្រធានាធិបតី​វេណេស៊ុយ​អេឡាបណ្ដោះអាសន្ន ជំនួសលោក ម៉ាឌូរ៉ូ រហូតដល់មាន​ការ​បោះឆ្នោត​ថ្មី។

សភាអឺរ៉ុបបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទទួលស្គាល់ប្រធានាធិបតីស្តីទីរបស់ Venezuela លោក Juan Guaido និងបានទទូចដល់សហភាពអឺរ៉ុបនិងរដ្ឋជាសមាជិករបស់ខ្លួនឱ្យធ្វើតាម។ រូបភាព៖ www.scmp.com

យោងតាមសេចក្តីប្រកាសព័ត៌មានដែល​ចេញ​ផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ​សភាអឺរ៉ុប បានប្រកាសទទួលស្គាល់លោក​ Juan Guaidó ជាប្រធានាធិបតីស្របច្បាប់​បណ្តោះអាសន្ន ដោយថា ការឡើងកាន់ដំណែងរបស់លោក​ធ្វើឡើងស្របតាម​រដ្ឋធម្មនុញ្ញវេណេស៊ុយអេឡា។ ប្រភពដដែលឲ្យដឹងបន្ថែមថា សហភាពអឺរ៉ុប និងប្រទេសជាសមាជិកនឹងទទួលស្គាល់​តែ​តំណាង​រដ្ឋាភិបាល​វេណេស៊ុយអេឡាណាដែលត្រូវបានតែងតាំងដោយ​មេដឹកនាំស្របច្បាប់​ ពោលគឺក្រុមលោក​ Juan Guaidó តែប៉ុណ្ណោះ។

សភាអឺរ៉ុប បាន​ថ្កោលទោសផងដែរចំពោះ​អាជ្ញាធររបស់​លោក ​ម៉ាឌូរ៉ូ ដែល​បានគាបសង្កត់​និងប្រើហិង្សា​ទៅលើប្រជាពលរដ្ឋខ្លួន បណ្ដាលឲ្យ​មានទាំងអ្នកស្លាប់ និងរបួសជាច្រើននាក់។ សភាអឺរ៉ុប ក៏បានបង្ហាញ​ជំហគាំទ្រការអំពាវនាវរបស់​អង្គការសហប្រជាជាតិ​ដែលស្នើឲ្យមានការស៊ើបអង្កេតលើករណី​នេះ។

លោក Juan Guaidó និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនីកូឡាម៉ាឌូរ៉ូនៅរដ្ឋធានីការ៉ាកា។ រូបថត Carlos García Rawlins / Reuters

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស ​ លោកស្រី Michelle Bachelet កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩ បាន​អំពាវ​ឲ្យមានការ​បង្កើតក្រុមការងារស៊ើបអង្កេតឯករាជ្យមួយករណីបង្រ្កាបដោយហិង្សា​លើក្រុមបាតុករដែល​ដឹកនាំលោក​ Juan Guaidó។ លោកស្រី បានលើកឡើងក្នុងកិច្ចប្រជុំ​ដែលធ្វើឡើងនៅក្រុងសឺណែវ ប្រទេសស្វីស ថាមនុស្សយ៉ាងតិច២០នាក់បានស្លាប់ដោយសារបង្រ្កាបក្នុងអំឡុងពេលបាតុកម្ម​កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

សភាអឺរ៉ុប ក៏បាន​រិះគន់ក្រុម​លោក ​ម៉ាឌូរ៉ូ ផងដែរជុំវិញការ​ចាប់​ឃុំ​ខ្លួនអ្នកសារព័ត៌មានដែល​ក្នុងនោះក៏មាន​មកពីអឺរ៉ុបផងដែ។ ក្រុមសមាជិកសភា​សហភាពនេះ បាន​អំពាវឲ្យដោះលែង​អ្នកទាំងនោះជាបន្ទាន់។

https://twitter.com/EP_President/status/1090936126087544832

លោក Juan Guaido បានប្រកាស​ខ្លួន​ជាប្រធានាធិបតីរដ្ឋាភិបាល​អន្តរកាលជាបណ្ដោះ​អាសន្ន​​ ក្នុង​អំឡុងពេល​ដែល​លោកដឹក​នាំ​បាតុកម្មទាមទារឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីដំណែង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ ភ្លាមៗសហរដ្ឋអាមេរិក​ និងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនមាន​ដូចជា កាណាដា ប្រេស៊ីល ប៉េរូ អាហ្សង់​ទីន ប៉ារ៉ាហ្កាយ កូស្តារីកា និង​អេក្វាទ័រ ជាដើម បាន​ប្រកាសគាំទ្រ និងទទួលស្គាល់លោក Juan Guaido។

ដោយ​ឡែក​សហភាព​អឺរ៉ុប មិនបានទទួលស្គាល់លោក Juan-Guaido ជាប្រធានាធិបតី​ភ្លាមៗនោះទេ។ ប៉ុន្តែក្នុងសេចក្តីប្រកាស​ព័ត៌មាន​ចេញកាលថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ ​ សហភាពនេះ បានប្រកាសគាំទ្រ​ទាំងស្រុង​នូវសកម្មភាព​របស់​រដ្ឋសភា​វេណេស៊ុយ​អេឡា និងលោក Juan Guaido៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ