លោក ម៉ាឌូរ៉ូ ចង់​និយាយតទល់​ជាមួយមេបក្សប្រឆាំង តែបដិសេធបោះឆ្នោត​ឡើងវិញ

លោក នីកូឡាស់ ម៉ាឌូរ៉ូ បញ្ជាក់ថា លោក​ចង់និយាយទល់​មុខគ្នាជាមួយមេដឹកនាំបក្សប្រឆាំងដើម្បីកំណត់ពីបញ្ហារបស់​វេណេស៊ុយអេឡា និងស្វែងរកដំណោះស្រាយ​ដែល​សម​ស្របមួយ ប៉ុុន្តែលោកបដិសេធការបោះឆ្នោតប្រធានាធិបតីឡើងវិញ​។

លោក ម៉ាឌូរ៉ូ បាន​លើកឡើងបែបនេះក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតជនជាតិអេស្ប៉ាញ លោក ​Jordi Évole  ដែលត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យម្សិលមិញ។ លោក ម៉ាឌូរ៉ូ បាន​ថ្លែងបន្តថា​នយោបាយមិនមែនជាល្បែងក្មេងនោះទេ។ វិទ្យុសម្លេងសហរដ្ឋអាមេរិក បានដកស្រង់សម្តីរបស់​លោកបន្តថា​ មេដឹកនាំក្រុមប្រឆាំងលោក Juan Guaido ត្រូវតែគិត​ពីអ្វីដែលខ្លួនកំពុងធ្វើ​​ ដោយថាកុំ​ចង់ធ្វើជាប្រធានាធិបតី​ដោយមិនមាន​នរណាបោះឆ្នោតឲ្យនោះ​។

ក្នុងបទសម្ភាសន៍ដដែលនោះ លោក ម៉ាឌូរ៉ូ ក៏បាន​បង្ហាញ​ជំហផងដែរថា​នឹងមិន​អនុញ្ញាតឲ្យមានការ​បោះឆ្នោត​ឡើងវិញនោះទេ។ លោក បាន​បន្ថែមថា​ លោកអាចរៀបចំការបោះឆ្នោត​រដ្ឋសភាឡើងវិញបាន​ ប៉ុន្តែសម្រាប់ការបោះឆ្នោតប្រធានាធិបតី​ទាល់​តែ​រង់ចាំដល់​ឆ្នាំ២០២៤។

លោក ម៉ាឌូរ៉ូ ចង់​ឲ្យមានការបោះឆ្នោត​រដ្ឋសភា ដោយសារតែរដ្ឋសភារបស់​ប្រទេសនេះកំពុងស្ថិតក្រោម​ការគ្រប់គ្រងរបស់លោក Juan Guaido ​មេដឹកនាំបក្សប្រឆាំងដែល​ប្រកាស​ខ្លួន​ជាប្រធានាធិបតី​វេណេស៊ុយអេឡា បណ្ដោះ​អាសន្ន។

ការលើកឡើង​ជាថ្មីរបស់លោក ម៉ាឌូរ៉ូ ដែល​ចង់ឲ្យមានការចរចារ​ជាមួយមេដឹកបក្សប្រឆាំង ធ្វើឡើង ស្របពេលដែល​ប្រមុខស្តីទីទ័ពអាកាសវេណេស៊ុយអេឡា ឧត្តមសេនីយ៍ Francisco​ Yanezប្រកាសគាំទ្រលោក Juan Guaido។

លោក ម៉ាឌូរ៉ូ ក៏បាន​វាយប្រហារ​លោក ដូណាល់ ត្រាំផងដែរ។ លោក ម៉ាឌូរ៉ូ ថា បើលោក ត្រាំនៅតែជ្រៀតជ្រែក​ចង់ឲ្យលោកចុះចាញ់ពីដំណែង នោះលោក ត្រាំ ​នឹង​ចាកចេញ​ពីសេតវិមាន​ដោយបាតដៃប្រឡាក់​ឈាម។

លោក ម៉ាឌូរ៉ូ ក៏បានបដិសេធផងដែរពីជំនួយមនុស្សធម៌ណាមួយរបស់​អាមេរិក​។ លោក បានបង្ហាញការព្រួយបារម្ភថា​អាមេរិក​អាចប្រើការផ្ដល់​ជំនួយនេះ ដើម្បី​ជាលេសឲ្យ​កងទ័ពខ្លួន​ចូល​ទឹក​ដីវេណេស៊ុយអេឡា។

មេដឹកនាំបក្សប្រឆាំង លោក Juan Guaidoកាលពីម្សិលមិញ​ បាន​លើកឡើងថា​ លោក មានគម្រោងទទួលជំនួយមនុស្ស​ធម៌របស់​បណ្ដាប្រទេសផ្សេងៗ ដល់​ប្រជាជន​វេណេស៊ុយអេឡា ដែលក្នុងនោះក៏មាន​អាមេរិកផងដែរ។

លោក ត្រាំ ក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មានCBS កាលពីថ្ងៃអាទិត្យ​ម្សិលមិញ បាន​បដិសេធពីការស្នើសុំ​​របស់ លោកម៉ាឌូរ៉ូ ដែល​ចង់ជួបរូបលោក។ លោក ត្រាំ បានលើកឡើងផងដែរថាការ​បញ្ជូនទ័ពចូល​ធ្វើ​អន្តរាគមន៍ដើម្បី​ដោះស្រាយវិបត្តិ​នៅវេណេស៊ុយអេឡា នៅតែ​ជាជម្រើសមួយសម្រាប់​សហរដ្ឋអាមេរិក។

លោក Juan Guaido បានប្រកាសខ្លួនជាប្រធានា​ធិបតី វេណេស៊ុយអេឡាបណ្ដោះ​អាសន្ន អំឡុងពេល​ ​ដែល​លោក ដឹកនាំបាតុកម្ម​ទាមទារឲ្យលោកម៉ាឌូរ៉ូចុះចេញពីដំណែង​កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ។

លោក ម៉ាឌូរ៉ូ បាន​ជាប់​ឆ្នោត​ជាប្រធានាធិបតី​វេណេស៊ុយអេឡាជាថ្មីម្តងទៀតកាលពីខែឧសភា ឆ្នាំ​២០១៨កន្លងទៅ។ ប៉ុន្តែការបោះឆ្នោតនេះត្រូវបាន​ក្រុមប្រទេសលោកសេរីមានដូចជា​អាមេរិក កាណាដា និង សហគមន៍អឺរ៉ុបជាដើមប្រកាសមិនទទូលស្គាល់ ​ដោយថា​ការបោះឆ្នោតនេះមិនមាន​ការចូលរួម​ពីបក្សប្រឆាំងធំៗ និងមានការទិញដូរសន្លឹក​ឆ្នោតជាដើម។ ប្រទេស​ទាំងនោះ ម្តងហើយម្តងទៀតបាន​អំពាវនាវឲ្យ​លោក ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតមួយឡើងវិញ ដែល​មាន​ដោយភាពសេរី និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ