វិភាគ៖ ​តើ​វិធានការ​របស់​អាមេរិ​កនិ​ងស​ម្ព័ន្ធ​មិត្ត​នៅវេណេ​ស៊ុយ​អេ​ឡា​ គំ​រាម​ដល់​កម្ពុ​ជាឬ​ទេ?​

លោក ដូណាល់ ត្រាំ លោក ម៉ាឌូរ៉ូ (លើ) និងលោក Juan Guaido (ក្រោម)។ រូបភាព៖ វេបសាយបរទេស

ប្រទេស​វេណេស៊ុយអេឡា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ចលា​ចល​នយោបាយ​អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​មក​ហើយ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក ក្រោយ​ពី​ការ​បោះ​ឆ្នោត​មួយ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន ដែល​បាន​ផ្ដល់​ជ័យ​ជម្នះ​ទៅ​ប្រធានាធិបតី លោក Nicolas Maduro ទាំង​ការ​បោះ​ឆ្នោត​នោះ​គ្មាន​ការ​ចូលរួម​ពី​បក្ស​ប្រឆាំង។

ជ័យជម្នះ​នេះ បាន​ផ្ដល់​ឱកាស​ដល់​លោក Maduro បានធ្វើជាប្រធានាធិបតីសម្រាប់អាណត្តិទី២ទៀត ប៉ុន្តែ ជ័យ​​ជ​​ម្នះ​នេះ​ ​​មិ​ន​ត្រូ​វបានស្វាគមន៍  ពី​ក្រុម​ប្រទេសលោកសេរីទេ រហូតឈានទៅ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ​បង្កក​ទ្រ​ព្យ​សម្បត្តិក្រុមហ៊ុនធំ​ៗមួ​យ​ចំ​នួ​នក្នុ​​ង​ប្រទេសនេះ។

ជ្រុងមួយទៀតនៃវិបត្តិនៅវេណេស៊ុយអេឡា កើតចេញពីវិធានរបស់ប្លុកលោកសេរិនេះ ធ្វើឲ្យតម្លៃក្រដាសប្រាក់​ ចុះថោករហូត​ដ​ល់​១​​លានភាគរយ ។បរិយាលកាសនយោបាយបែបនេះ បានជំរុញពលរដ្ឋវេណា​ស៊ុយ​អេ​​ឡារាប់លាន់នាក់ រត់​ចេ​ញ​ពីប្រទេស ដើ​ម្បីស្វែ​ងរ​កការងារ ។

ខណៈប្រទេសខ្លួនត្រូវបានជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីប្លុកលោកសេរី បែបនេះ មេដឹកនាំវេណេស៊ុយអេឡាលោក Maduro បាន​រ​​ត់ទៅពឹងមហាអំណាចចិន និងរ៉ុស្ស៊ី ។

ជ្រុងមួយទៀតនៃបញ្ហារបស់វេណេស៊ុយអេឡា ពេលនេះមេទ័ពកំពូលមួយចំនួន បានងាកទៅគាំទ្រ​ប្រធានាធិប​តេយ្យមកពីគ​ណ​ប​ក្សប្រ​ឆាំងលោក Juan Guaido ដែលគាំទ្រដោយអាមេរិក និងសហភាពអឺរ៉ុប ខណៈមេទ័ពកំពូលៗខ្លះនៅបន្តគាំទ្រ លោក Ma​duro ដែលគាំ​ទ្រដោ​យ​ក្រុ​ម​​ប្រទេសកុម្មុយនីស្តិនៅឡើយ។

ជាងនេះទៅទៀត ប្លុកលោកសេរី ក៏កំពុងចាប់បង្ខំឲ្យលោក ម៉ាឌូរ៉ូ ឲ្យរៀបចំការបោះឆ្នោតឡើងវិញ នៅប៉ុន្មាន​សប្តាហ៍​ទៀត​នេះ​ តា​ម​យន្តការប្រជាធិបតេយ្យ និងត្រូវផ្ទេរអំណាចដោយសន្តិវិធី។

បើយើងងាកមកមើលកម្ពុជាវិញ ការបោះឆ្នោត អាណត្តិថ្មី ឆ្នាំ២០១៨ គណបក្សប្រឆាំងដ៏ធំត្រូវ​បានគេផាត់ចេ​ញពីឆា​កន​យោ​បាយ​​​បាយ ដោយសារតែតុលាការកំពូល បានរំលាយគណបក្សប្រឆាំងនេះចោល មុនការបោះឆ្នោតមកដល់។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងប្រទេសលោកសេរីមួយចំនួនទៀត បានប្រកាសមិនទទួល​ស្គាល់ជ័យជ​ម្នះរប​ស់គ​ណប​​​ក្ស​ប្រជាជនកម្ពុជា ដូចគ្នាទៅនឹងជ័យជម្នះមេដឹកនាំនៅវេណេស៊ុយអេឡាដែរ។

មកដល់ពេលនេះ សហភាពអឺរ៉ុបកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាវិញបើរដ្ឋាភិបាលនៃប្រ​ទេសនេះ​មិនព្រម​រៀ​ប​ចំ​ការបោះឆ្នោតឡើងវិញតាមគន្លងប្រជាធិបតេយ្យ ដែលមានប្រឆាំងចូលរួមនោះ។

ចំណែកសហរដ្ឋអាមេរិកវិញ មកដល់ពេលនេះ មិនទាន់លុបចោលការដាក់ទណ្ឌកម្មទិដ្ឋាការ ដល់មន្រីរដ្ឋាភិបាល មួយចំនួន និង​មេ​បញ្ជាការអង្គរក្សនាយករដ្ឋមន្ត្រី លោក ហ៊ីង ប៊ុនហៀង នៅឡើយទេ ។ហើយប្រទេសមហាអំណាចមួយនេះ កំពុងព​ន្លឿន​ច្បា​ប់​​មួ​យ​ចំនួនទៀត  បង្កកទ្រព្យសម្បត្តិមនុស្សមួយចំនួនទៀតដែលពួកគេយល់ថា បានចូលរួមបំផ្លា​ញប្រជាធិ​បតេ​យ្យ​នៅ​កម្ពុជា។

សំនួរត្រង់ថា តើចលាចលនៅវេណេស៊ុយអេឡាពេលនេះ បានគំរាមកំហែងដល់កម្ពុជាដែរឬទេ ?

ក្រុម​អ្នកវិភាគនយោបាយ បង្ហាញ​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ចំពោះ​បញ្ហា​នេះ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា បញ្ហានៅវេណេស៊ុយអេឡាដែលជំរុញឲ្យសហរដ្ឋអាមេរិក​នាំមុខគេលូកដៃ​ចូល​​ជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងនោះ លោកថា មានចំណុច​ខ្លះដូចកម្ពុជា តែចំណុចខ្លះទៀ​តមិនដូចស្ថាន​ការណ៍នៅកម្ពុជាទេ។

ប៉ុន្តែ លោកវិភាគថា ​កម្ពុជាអាចនឹងមានវាសនាដូចវេណេស៊ុយអេឡាដែរ បើរដ្ឋាភិបាលមិនស្តារប្រជាធិបតេយ្យទាន់ពេល ដូច​​​​ដែ​ល​​​ស​ហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ទុលពេលឲ្យនោះ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកថា៖ «យើងថា វាអាច [វិធានការ] នឹងឈានមកជាបន្តបន្ទាប់ គឺ EBA [របស់សហភាពអឺរ៉ុប] ហើយ GSP របស់​សហរដ្ឋ​អាមេរិក នឹងមកតាមក្រោយ ហើយវាឈានដល់ដំណាក់កាលហ្នឹង។ ប៉ុន្តែ បើគេព្យួរហើយ យើងអត់មានប្រែប្រួលទេ ខ្ញុំគិតថា គេអាច​បង្កកទ្រ​ព្យសម្ប​ត្តិឥស្សរជនមួយចំនួនទៀត»

អ្នកឯកទេសនយោបាយ និងជាប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច វិភាគថា ភា​​​ពចលា​ចល​​​នៅ​វេណេស៊ុយអេឡា មិនឆ្លុះបញ្ជាំងពី​ស្ថានការណ៍នយោយនៅកម្ពុជាទេ ហើយថា ក៏គ្មានឥទ្ធិព​លអ្វីគំរាម​​កំហែង​ដល់​ក​ម្ពុជា​​​ដែរ បើ​ទោះ​បីប្រទេសទាំងពីរនេះ រៀបចំការបោះ​ឆ្នោត​ទាំ​ង​គ្មា​នវត្តមានគណបក្សប្រឆាំងចូលរួមដូចគ្នាក៏ដោយ។

លោក​បណ្ឌិត សុខ ទូច មានប្រសាសន៍ថា ភាពចលាចលនៅវេណេស៊ុយឡេ​ កត្តាសំខាន់មួយ​កើតចេញពីមេដឹកនាំប្រទេសធ្វើសេដ្ឋ​កិច្ច​ធ្លាក់​​ចុះ​ លោកថា ចំណែកនៅកម្ពុជាវិញ កំណើនសេដ្ឋកិច្ច​នៅរក្សាបានកជាង ៧ភាគរយ។

លោក​បណ្ឌិត សុខ ទូច វិភាគទៀតថា ភាពខុសគ្នាមួយទៀត ការបោះឆ្នោត​នៅវេណេស៊ុយអេឡា ពលរដ្ឋចេញទៅបោះ​ឆ្នោត​មាន​តែ​ជា​ង ៤០ភាគរយប៉ុណ្ណោះ ប៉ុន្តែ នៅកម្ពុជាវិញ ពលរដ្ឋចេញទៅបោះឆ្នោតដល់ទៅជាង ៨៣ភាគរយឯណោះ។

អ្នកវិភាគនយោបាយរបស់បក្សកាន់អំណាចរូបនេះ វិភាគទៀតថា ការដែល​អា​មេរិក​លូកដៃទៅប្រទេសវេណេស៊ុយអេឡា មិន​មែ​​​ន​​​​ជា​ដើមចមចេញពីការបោះឆ្នោតគ្មានវត្តមានគណបក្សប្រឆាំងចូលរួមទេ លោកថា មកពីទំនាស់ផលប្រយោជន៍សេដ្ឋកិច្ច​រវា​ងអាមេ​រិក ​និងរុស្សី។

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​លោក សុខ ទូច

លោកថា៖ «អាហ្នឹងជារឿងសេដ្ឋកិច្ចទេ។រឿងប្រេងដែល រ៉ុស្ស៊ី ទៅវិនិយោគធំ ចង់លុបអាមេរិក អញ្ចឹងទៅអា​មេរិក​ចង់គ្រប់គ្រ​ងប្រេង​នៅ​​​វេណេស៊ុយអេឡា ។អញ្ចឹងហើ​យបានធ្វើឲ្យ​មានសង្គ្រាម។អញ្ចឹងកម្ពុជាគ្មានផលប្រយោជន៍ទេ ផល​ប្រយោជ​ន៍​អាមេ​រិកមាន​តែកូ​កា​​កូឡា ហើយនឹងហាមបាគ័រហ្នឹង»

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី យល់​ឃើញ​ថា ថ្វីត្បិតតែពេលនេះ កម្ពុជាមិនមែនជាគោលសម្រាប់ឲ្យ​សហរដ្ឋអាមេ​រិកចាប់យក​ជា​ផ​​ល​ប្រ​យោជន៍សេដ្ឋកិច្ចក៏ដោយ ប៉ុន្តែ លោកថា បើគេវិភាគភូមិសាស្ត្រនយោបាយ កម្ពុជាជាទីតាំងច្បាមយក​របស់​អាមេរិក និ​ង​ចិ​ន ។

លោក មាស នី ព្រមានថា បរិបទពិភពលោកបែបនេះ បើរដ្ឋាភិបាលកម្ពុជា​ធ្វើ​ឲ្យស្ថានភាពសិទ្ធិមនុស្ស​កាន់តែបន្តធ្លា​ក់ចុះទៀ​តនោះ  ពេលនោះ ជាឱកាសហក់ចូលរបស់សហរដ្ឋអាមេរិក ធ្វើឲ្យកម្ពុជាអាចមាន​វាសនាមិនខុសពីវេណេស៊ុយអេឡានោះទេ។

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី

លោក មាស នី មាន​ប្រសាសន៍​ថា៖ «បើយើងវិភាគពីភូ​មិសា​ស្ត្រន​យោ​បាយវិញ វាហាក់ដូចជា​កម្ពុជាយើងហ្នឹងកំពុង​តែ​រំកិល​ខ្លួន​ទៅ​រកមាត់​ជ្រោះនៃសង្គ្រា​មត្រ​ជា​​ក់មុនគេ​មុនឯងនៅ​ក្នុងតំបន់ ហើ​យស្រ​ដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទសវត្សរ៍​ឆ្នាំ​៦០»

អ្នកវិភាគនយោបាយ លោក គឹម សុខ វិភាគថា ចំណាត់ការរបស់របស់សហរដ្ឋអាមេរិក រួមទាំងប្រទេសមួយចំនួនទៀត ទៅលើ​មេ​ដឹក​​​នាំ​នៅវេណេស៊ុយអេឡា ជាសារបង្ហាញថា ប្លុកលោកសេរីនឹងមិនទុកឲ្យកម្ពុជាវិល​ទៅរករបបដឹកនាំបែបកុម្មុ​យនីស្តិដូច​ពីអ​តី​ត​កាលនោះទេ លោក​ថា ហើយឥទ្ធិពលនេះនឹងមកដល់កម្ពុជាដោយថា បើមានមេដឹកនាំណាមួយក្លាហាន ដូចមេដឹកនាំបក្ស​ប្រឆាំងនៅ​វេ​​​ណេ​​ស៊ុយអេឡា ហ៊ានប្រកាស​ចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន ខណៈប្រទេសរបស់​ខ្លួនកំពុ​ងប្រ​​ឈមនឹង​បញ្ហា​​ជា​ច្រើននោះ។

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

លោក គឹម សុខ បន្ថែម​ថា៖ «កុំថាឡើយ​នៅវេណេស៊ុយអេឡា ខ្ញុំគិតថា សូម្បី​តែ​នៅ​កម្ពុជា​​នឹង​មាន​វិធានការ​ជា​ហូរ​ហែរ​ពី​សហគមន៍អន្តរជាតិដែរ  ហើយមេរៀនដែលគាំទ្រពីសហគន៍អន្តរជាតិ​នៅប្រទេសវេណេស៊ុយអេឡានេះ គឺ​ជា​កម្លាំង​ស្មារតី​លើក​ទឹក​ចិត្តពលរដ្ឋខ្មែរធំណាស់ ឲ្យ​នៅ​តែរឹងមាំក្នុងសេចក្តីសង្ឃឹមនាំការផ្លាស់ប្តួរនៅប្រទេសកម្ពុជា»

​​​​​អ្នកជំនាញផ្នែកគោលនយោបាយ និងកិច្ចការពិភព​លោកនៅមហាវិ​ទ្យា​ល័​យ Occ​idental សហរដ្ឋ​អា​មេ​​រិក លោក អ៊ា សុផល  មានប្រសាសន៍ថា កម្ពុជាគួរតែសិក្សាពីអ្វីដែលកំពុងកើតឡើងនៅប្រទេសវេណេស៊ុយអេឡា នៅពេលរដ្ឋាភិបាលមួយ​​កើត​ចេញពី​កា​របោះឆ្នោ​តមិនត្រឹ​មត្រូវ និង​បានរំលោភសិទ្ធិសេរីភាពពលរដ្ឋខ្លួនឯង។

អ្នកជំនាញគោលនយោបាយកិច្ចការពិភពលោករូបនេះ វិភាគថា ជោគវាសនាកម្ពុជា អាចដូចនឹងប្រទេសវេណេស៊ុយអេឡាដែរ ប្រ​សិនបើកម្ពុជាបា​ត់បង់ប្រព័ន្ធអនុ​គ្រោះពន្ធដែ​លផ្ដល់​ដោយ​ស​ហភាពអឺរ៉ុប និងក្នុងករណីស្ថានការណ៍នយោបាយកម្ពុជា នៅតែ​វិវត្ត​ទៅ​​មុខ​ដូចវេ​ណេ​ស៊ុ​យអេ​ឡា​នោះTop of Form៕Bottom of Form

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ