កត្តារុញអ្នកនយោបាយថៃមិនឲ្យក្រាញអំណាចយូរឆ្នាំ

ព្រះមហាក្សត្រថៃ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី (កណ្ដាល) និងអ្នកគាំទ្រទាមទារអោយមានការបោះឆ្នោត (ស្ដាំ)

ចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់មេដឹកនាំជាសេដ្ឋីមានប្រជាប្រិយមួយរូបគឺលោក ថាក់ ស៊ីន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ប្រទេសថៃកើតមានវិបត្តិនយោបាយ មានការតវ៉ា ការបង្ក្រាបបង្ហូរឈាម និងដូរមេដឹកនាំបន្តបន្ទាប់។​

គិតចាប់ពីឆ្នាំ២០០៦ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០១៩នេះ មានរយៈពេល១៣ឆ្នាំ ថៃផ្លាស់ប្តូរមេដឹកនាំទាំងស៊ីវិល និងយោធាចំនួន១០រូប គឺបច្ចុប្បន្បន្នកំពុងតែដឹកនាំដោយរបបយោធាដែលមានលោក ប្រយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី។​

អំណាចចំនួន៣ ដែលរុញច្រាន និងរារាំងមិនឲ្យនាយករដ្ឋមន្ត្រីថៃអាចក្រាញអំណាចបានយូរ នៅក្នុងតួនាទីរបស់ខ្លួន រហូតមេដឹកនាំខ្លះស្ថិតនៅក្នុងតំណែងបានតែជាង១០ថ្ងៃតែប៉ុណ្ណោះ។

ពលរដ្ឋសកម្ម

ពលរដ្ឋថៃបានបង្ហាញសកម្មភាពនយោបាយយ៉ាងសកម្មតាមរូបភាពក្រុមអាវលឿង និងក្រុមអាវក្រហម។ ក្រុមអាវក្រហមគាំទ្រនយោបាយរបស់លោក ថាក់ ស៊ីន ចំណែកក្រុមអាវលឿងគាំទ្រពួកយោធា និងខ្សែរាជវង្ស។​

ទន្ទឹមក្រុមទាំងពីរពណ៌ធ្វើសកម្មភាព ក៏មានក្រុមផ្សេងទៀតដែលមិនមានពណ៌តែងចេញធ្វើសកម្មភាពជំរុញឲ្យមានការបោះឆ្នោត។​

បើនិយាយពីការបោះឆ្នោត គឺក្រោយរដ្ឋប្រហារកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ក្រុមយោធាសន្យាបោះឆ្នោតបន្តបន្ទាប់ ហើយលើកពេល៥លើករួចមកហើយ។ ក្រោយការប្រកាសលើកពេលបោះឆ្នោតលើកចុងក្រោយនៅដើមឆ្នាំ២០១៩នេះ ពលរដ្ឋដែលចង់ឲ្យមានការបោះឆ្នោតរាប់រយនាក់ចេញមុខតវ៉ាតាមដងផ្លូវនៅក្នុងទីក្រុងបាងកករាល់សប្តាហ៍ប្រឆាំងការពន្យារពេលនេះ។​

ព្រះមហាក្សត្រ

នៅថៃ ព្រះមហាក្សត្រមានឥទ្ធិពលខ្លាំងលើអ្នកនយោបាយក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ និងជម្លោះរវាងអ្នកនយោបាយ។​ រដ្ឋធម្មនុញ្ញថ្មីដែលបង្កើតឡើងកាលពីឆ្នាំ២០១៧ បានបញ្ជាក់ថា ពេលព្រះមហាក្សត្រអវត្តមានមិននៅក្នុងប្រទេស មិនឲ្យមានប្រមុខរដ្ឋស្តីទី ឬមានអ្នកណាសម្រេចការងារជំនួសព្រះអង្គទេ។​

កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលចិន​បានស្នើជីកដីទៅកាន់ប្រទេសនៅភាគខាងត្បូងថៃ បង្កើតផ្លូវទឹក ដើម្បីងាយស្រូលក្នុងការដឹកទំនិញចំណេញពេលគឺ រដ្ឋាភិបាលមិនហ៊ានសម្រេចទេដោយមិនមានការអនុញ្ញាតពីក្សត្រ។​

ចំពោះការសម្រេចលើកពេលបោះឆ្នោត គឺរដ្ឋាភិបាលយោធាលើកពេលការបោះឆ្នោតនៅថ្ងៃទី២៤ ខែកុម្ភៈ ទៅបោះឆ្នោតនៅក្នុងខែឧសភាវិញនោះ ត្រូវព្រះមហាក្សត្រ Maha Vajiralongkorn អន្តរាគមសម្រេចឲ្យបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា។​ ការសម្រេចនេះ មិនមានក្រុមណាមួយហ៊ានជំទាស់ទេ សូម្បីតែពួកយោធា។​

មេដឹកនាំ

ការប្រកួតប្រជែងរបស់អ្នកនយោបាយផ្តោតសំខាន់លើផលប្រយោជន៍ជាតិ និងការគោរពច្បាប់។​ មេដឹកនាំខ្លះទាំងមេទ័ព និងជនស៊ីវិល គឺក្រោយនយោបាយច្របូកច្របល់ ពួកគេឡើងកាន់អំណាចបណ្ណោះអាសន្នរយៈពេលខ្លីៗ ហើយរៀបចំការបោះឆ្នោត បើទោះជាពួកគេមានលទ្ធភាពក្តោបអំណាចក៏ដោយ។​

មេដឹកនាំមិនជ្រៀតជ្រែកចូលក្នុងការងារស្ថាប័នរដ្ឋដើម្បីបម្រើឲ្យនយោបាយ ឬ ផលប្រយោជន៍បក្ខខ្លួននោះទេ បើទោះបីជាពួកគេមានឱកាសធ្វើបែបនេះក៏ដោយ។​

ក្នុងដំណើរការរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០១៩នេះ មានការជជែកខ្វែងគំនិតគ្នារវាងមន្ត្រីជាន់ខ្ពស់អំពីការអញ្ជើញឲ្យអ្នកអង្កេតការណ៍បរទេសចូលរួម។ ចំណែកលោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកមិនមានយោបល់លើរឿងនេះទេ គឺទុកសិទ្ធិឲ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជាអ្នកសម្រេចតាមតួនាទី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ