មន្ត្រី UN អះអាងថា ​ឧក្រិដ្ឋកម្ម​នៅសមុទ្រអន្តរជាតិមានការកើនឡើង

In a demonstration to senior officers from the Indonesian and Singapore military and law enforcement agencies, Indonesian Navy Kopaska troops storm the “hijacked” vessel MT Promise off Batam island while it was cordoned by vessels from Republic of Singapore Navy, the Indonesian Navy, the Singapore Police Coast Guard and the Indonesian National Police. (Singapore Press | AP)

មន្រ្តីអង្គការ​សហប្រជាជាតិទទួលបន្ទុកការិយាល័យប្រឆាំងឧក្រិដ្ឋកម្ម និង​គ្រឿងញៀន បានអះអាងថា ​បទល្មើស​នៅដែន​សមុទ្រអន្តរជាតិមាន​ការ​កើនឡើង។

នាយកប្រតិបត្តិការិយាល័យប្រឆាំងឧក្រិដ្ឋកម្ម និង​គ្រឿងញៀន នៃអង្គការសហប្រជាតិ លោក យូរី ហ្វេដូតូវ (Yury Fedotov) បាន​ថ្លែងបែបនេះក្នុងកិច្ចពិភាក្សាលើប្រធានបទ ​«បញ្ហាប្រឈមជាសកលនៃឧក្រិដ្ឋកម្មដែនសមុទ្រអន្តរជាតិរបស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ» កាលពីថ្ងៃអង្គារម្សិលមិញ។ មន្រ្តី​អង្គការសហប្រជាតិ​រូបនេះ បាន​ឲ្យដឹង​ថា ​ឧក្រិដ្ឋកម្មក្នុងដែនសមុទ្រអន្តរជាតិពិបាក​ក្នុងការដោះស្រាយ​ ដោយសារតែ​ដែនសមុទ្រអន្តរជាតិមិនស្ថិតនៅក្រោម​យុត្តាធិការរបស់​ប្រទេសណាមួយ។ លោកថា នេះក៏ជាមូល​ហេតុ​ដែល​ធ្វើឲ្យមានការ​ពិបាក​ក្នុងការ​អនុវត្តច្បាប់​។

លោក យូរី ហ្វេដូតូវ (Yury Fedotov) លើកឡើងថា ​សមុទ្រអន្តរជាតិ​គឺសម្រាប់​ឲ្យនាវា​គ្រប់​ប្រទេស​ទាំងអស់​ធ្វើកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង សេដ្ឋកិច្ចជាមួយគ្នា ក៏ដូចជាប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែលមាន​នៅទីនោះដោយ​ការទទួលខុសត្រូវ។ ប៉ុន្តែ លោកថា ​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ សេរីភាពនៃការធ្វើនាវាចរកំពុងត្រូវបានកេងប្រវ័ញ្ចដោយក្រុមឧក្រិដ្ឋជន។

នាយកប្រតិបត្តិការិយាល័យប្រឆាំងឧក្រិដ្ឋកម្ម និង​គ្រឿងញៀន នៃអង្គការសហប្រជាតិ ក៏បង្ហាញការគាំទ្រ​ផងដែរនូវកិច្ចសហប្រតិបត្តិការថ្នាក់​តំបន់ ដើម្បីធ្វើការប្រឆាំងនឹងសកម្មភាពល្មើសច្បាប់នានាក្នុងលំហសមុទ្រអន្តរជាតិ​។ កិច្ចការដែលត្រូវធ្វើជាមូយគ្នាជាអាទិ៍រួមមាន​ ការធានាសន្តិសុខក្នុង​ការធ្វើពាណិជ្ជកម្ម ប្រយុទ្ធប្រឆាំងភេរវកម្ម ការជួញដូរមនុស្ស និងរត់ពន្ធជនអន្តោរប្រវេសន៍ ឧក្រិដ្ឋកម្មសត្វព្រៃ និងជលផល  ការជួញដូរអាវុធ និង​ ឧក្រិដ្ឋកម្មនានាជាច្រើនទៀត។

តួលេខរបស់​​ក្រុមហ៊ុន Statista ដែល​មាន​មូលដ្ឋាន​នៅអាឡឺម៉ង់ បង្ហាញថា​ ការវាយប្រហារដោយក្រុម​ចោរសមុទ្រទៅលើនាវា​នៅជុំវិញ​ពិភពលោកកើតឡើង២០១ករណី នៅឆ្នាំ២០១៨ ខណៈឆ្នាំ២០១៧ មានតែ១៨០​ ករណីប៉ុណ្ណោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ