ហេតុអ្វី​បានជាជំនួបលើកទី២ រវាង ដូណាល់ ត្រាំ និង គីម​ ជុងអ៊ុន ធ្វើនៅវៀតណាម?​

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននៅឯសណ្ឋាគារ Capella នៅលើកោះ Sentosa ប្រទេសសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ Reuters)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាល​ពីម្សិលមិញ បាន​ប្រកាសថា ​ជំនួប​ជាលើកទី២ រវាង​លោកនិង​មេដឹកនាំកូរ៉េខាងជើង ​លោក គីម ជុងអ៊ុន នឹង​ត្រូវធ្វើនៅវៀតណាម​នាថ្ងៃទី២៧ និង២៨ ខែ​កុម្ភៈខាងមុខនេះ។

តើមានហេតុផលអ្វីខ្លះ បាន​ជាវៀតណាម​ត្រូវបាន​ជ្រើសរើសជាកន្លែង​សម្រាប់​ជួបគ្នាជាលើកទី២ រវាងមេដឹកនាំអាមេរិក និង​ កូរ៉េខាងជើង?​

វៀតណាម​ ​ជាប្រទេសកុម្មុយនីស្តមួយដែល​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិតែងតែរិះគន់​ថា បាន​ធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស​នានា។ ម្យ៉ាងវិញទៀត វៀតណាម​ និងអាមេរិក ក៏ធ្លាប់​ជាគូបដិបក្ខ ដែលមានសង្រ្គាម​ជាមួយគ្នាផងដែរ។

អ្នកជំនាញគោលនយោបាយ និងកិច្ចការបរទេស បាន​លើកឡើងស្រដៀងគ្នាថា ការជ្រើសយក​វៀតណាម ដោយសារតែអាមេរិក​ និងវៀតណាម មានប្រវត្តិសាស្រ្តមើល​មុខគ្នាមិនត្រង់​ តែពេល​នេះបែរជាអាច​ត្រូវរ៉ូវគ្នា​។ អ្នកជំនាញ​ទាំង​នោះថា ​វៀតណាម​មាន​តម្លៃ​ជានិមិត្តរូបមួយចំនួនដែលកូរ៉េខាងជើង​អាច​រៀន​សូត្របាន​ផងដែរ។​

សាស្រ្តចារ្យរងសាលាគោលនយោបាយសាធារណៈ លីក្វាន់​យូ (​Lee Kuan Yew) លោក វូ មិញខួង ( Vu Minh Khuong) មាន​ប្រសាសន៍ប្រាប់សារព័ត៌មាន​ Washington Post ថា ការជ្រើសរើសយកវៀតណាម​ជាទីតាំង​ជំនួប​រវាងលោក ដូណាល់ ​ត្រាំ និង លោក គីម ជុងអ៊ុង ជាសារមួយបង្ហាញ​ពិភពលោកថា ​មេដឹកនាំទាំងពីរនឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ដែល​ធ្លាប់ជាសត្រូវ​នឹងគ្នាក្លាយមក​ជាមិត្ត ដោយ​យក​គំរូតាម ​វៀតណាម​និងអាមេរិក។

សារព័ត៌មាន​អាឡឺម៉ង់ DW បានចុះផ្សាយថា ​លោក​ គីម​ ជុង​អ៊ុន សរសើរនូវការធ្វើកំណែទម្រង់របស់​វៀតណាមដែលធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន​យ៉ាងលឿន។

លោក វូ មិញខួង ( Vu Minh Khuong) ថា​កូរ៉េខាងជើងអាចសិក្សាពីវៀតណាមពីការធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ដែលជួយឲ្យ​ប្រទេសនេះក្លាយ​ជាដៃគូដ៏ល្អមួយរបស់​អាមេរិក និងកូរ៉េខាងត្បូង។

សាស្រ្តចារ្យសាកលវិទ្យាល័យ​ New South Wales លោក ខាល ថេអ៊ឺ (Carl Thayer) បានថ្លែងប្រាប់​សារព័ត៌មាន​ DW ថា កូរ៉េខាងជើងអាចរៀនពី​បញ្ហាសេដ្ឋកិច្ចស្មុគ្រស្មាញជាច្រើន​ដែល​វៀតណាម​បានឆ្លងកាត់។​​

មូលហេតុមួយទៀតដែល​មេដឹកនាំទាំងពីររើសយក​វៀតណាម​ ដោយសារតែវៀតណាម​ជាប្រទេស​មួយដែល​អាចធានាសន្តិសុខជូនពួកគេបាន​ទាំង​ស្រុង។ វៀតណាម​ធ្លាប់បាន​រៀបចំដោយជោគជ័យនូវកិច្ចប្រជុំ​កំពូលៗថ្នាក់​ពិភពលោក​មួយចំនួន មានដូចជា វេទិការសេដ្ឋកិច្ចពិភពលោក​ជាដើម។

សាស្រ្តាចារ្យ​ជំនាញ​អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល​យុទ្ធសាស្រ្ត និងសិក្សា​អន្តរជាតិដែលមានមូលដ្ឋាន​នាក្រុង​វ៉ាស៊ីនតុន លោក មូរ៉េ ហ៊ែប៊ឺត (Murray Hiebert) មានប្រសាសន៍ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា វៀតណាម​ ដូចជាសឹង្ហបុរីអញ្ចឹងគឺមានសុវត្ថិភាពណាស់។ លោកថា រដ្ឋអំណាចវៀតណាម អាចគ្រប់​គ្រង​មិនឲ្យ​ក្រុម​មនុស្សដែលចង់ស្គាល់ ចង់ឃើញមេដឹកនាំទាំងពីរនៅឆ្ងាយ​ពីកន្លែងប្រជុំ​បាន ហើយក៏អាចចាត់ចែងកន្លែងសម្រាប់អ្នកសារព័ត៌មានផងដែរ។

លោក ខាល ថេអ៊ឺ (Carl Thayer) និង លោក មូរ៉េ ហ៊ែប៊ឺត (Murray Hiebert) លើកឡើងប្រហាក់ប្រហែលគ្នាថា ហេតុផលមួយផ្សេងទៀតដែលវៀតណាម​ជាកន្លែងដ៏សាកសម​សម្រាប់ជំនួបនេះ ព្រោះ​វៀតណាម​មាន​ទំនាក់​ទំនងល្អទាំងជាមួយ​អាមេរិក និងកូរ៉េខាងជើង។

​មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និង គីម ជុងអ៊ុន បាន​ជួបគ្នាម្តងរួចមកហើយកាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។ ក្រោយជំនួបនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា នឹងមិនមាន​ ការបាញ់​បង្ហោះគ្រាប់រ៉ូកែត ការសាកល្បង​នុយក្លេអ៊ែ ទីតាំងសាកល្បង និង​សិក្សា​ស្រាវជ្រាវ​នុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង​ទៀតឡើយ។ សម្រាប់ប្រទេសកូរ៉ខាងជើង សមិទ្ធិផលដែល​ទទួលបានពីកិច្ចប្រជុំនេះ គឺការសន្យារបស់ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​ថាអន្តរជាតិ ក៏ដូចជាសហរដ្ឋអាមេរិក​នឹង​លើកលែងការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ក្រោយពេល​​ដែលប្រទេសនេះ​លុបបំបាត់​កម្មវិធី​អាវុធុនុយក្លេអ៊ែរបានទាំងស្រុង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ