បងស្រីស្តេចថៃចូលរួមប្រកួតយកតំណែងនាយករដ្ឋមន្ត្រី

បងស្រីបង្កើតរបស់ស្តេចថៃ Maha Vajiralongkorn គឺព្រះនាង Ubolratana Rajakanya ក្នុងថ្ងៃយកព្រះធាតុរបស់អតីតស្ដេចថៃ ទៅតម្កល់នៅទីសក្ការៈ ក្នុងព្រះបរមរាជវាំង។ រូបភាព៖ Reuters

បងស្រីបង្កើតរបស់ស្តេចថៃ Maha Vajiralongkorn គឺព្រះនាង Ubolratana Rajakanya ប្រកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតដណ្តើម​តំណែងនាយករដ្ឋមន្ត្រី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ។​

ការប្រកាសដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយមិនផ្លូវការកន្លងមកថា ព្រះនាងមានព្រះជន្ម៦៧ព្រះវស្សានេះ នឹងចូលរួមជាមួយក្រុមអ្នកនយោបាយដែលជាប់បំរាមនយោបាយ។​ នេះបើតាមសារព័ត៌មាន Channel News Asia។

ព្រះនាងចូលរួមក្នុងគណបក្ស Thai Raksa Chart  ដែលបង្កើតឡើងដោយក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី លោក ថាក់ ស៊ីន ហើយក៏ជាក្រុមស្នូលរបស់រណសិរ្សប្រឆាំងរបបផ្តាច់ការដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ ហៅក្រុមអាវក្រហម។​

រយៈពេល១៥ឆ្នាំកន្លងទៅនេះ ប្រទេសថៃជួបប្រទះបញ្ហារួមមាន ជម្លោះរវាងអ្នកនយោបាយជាន់ខ្ពស់ កើតមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងទីក្រុងបាងកក និង មានការបង្ក្រាបបង្ហូរឈាម។​

ប្រធានគណបក្ស Thai Raksa Chart លោក Preechapol Pongpanich  ថ្លែងប្រាប់អ្នកសារព័ត៌មាន​ពេលយកបញ្ជីឈ្មោះបេក្ខជនទៅដាក់នៅគណៈកម្មាធិការរៀបចំការបោះឆ្នោតថា គណៈកម្មាធិការគណបក្សបានបោះឆ្នោតគាំទ្រ ព្រះនាង Ubolratana Rajakanya ជាបេក្ខជននាយករដ្ឋមន្ត្រី។​

ប្រធានគណបក្សរូបនេះបញ្ជាក់ថា ព្រះនាងមានចំណេះដឹង និង សមត្ថភាពគ្រប់គ្រាន់ មិនមានការរារាំងដោយច្បាប់ ដែលអាចទទួលបានជ័យជម្នះ។​

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ នឹងសម្រេចលើសំណើសុំដាក់បេក្ខជនគ្រប់គណបក្សទាំងអស់នៅថ្ងៃទី១៥ ខែកុម្ភៈ។​

បេក្ខជនដែលលេចធ្លោមួយរូបទៀត គឺមេដឹកនាំយោធា លោក ប្រាយុទ្ធ ចាន់អូចា។ លោកបញ្ជាក់ថា ការចូលរួមប្រកួតប្រជែងបោះឆ្នោតនេះ មិនមែនដើម្បីអំណាចនោះទេ គឺដើម្បីផលប្រយោជនដល់ជាតិ និងប្រជាជនថៃ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ