រដ្ឋាភិបាល ប្រកាសទប់ស្កាត់ភាពមិនប្រក្រតីតាមសាលារៀន ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់

ទីតាំងលក់មួយកន្លែងនៅក្នុងក្រុងភ្នំពេញ។ រូបភាព៖ បណ្ដាញសង្គម

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពី​វិធានទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់នៅតាមសាលារៀនរដ្ឋ និងឯកជន ដោយថា ជារៀងរាល់ឆ្នាំសិស្សានុសិស្សមួយចំនួនបានយល់ច្រឡំថា ថ្ងៃ១៤ ខែកុម្ភៈនេះ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូរស្នេហ៍ ។

សេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា ទិវានេះ ពុំមែនជាពិធីបុណ្យប្រពៃណីរបស់ខ្មែរឡើយ។​ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្ដីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវជនភ្លើតភ្លើន ភ្លេចការសិក្សាបាត់បង់សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិផូរផង់របស់ខ្មែរ។

សេចក្ដីណែនាំ ឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ត្រូវធ្វើការផ្សាព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជា ការប្រជុំនៅពេលគោរពទង់ជាតិ ដោយថា កុំឲ្យសិស្សានុសិស្សយល់ខុសអំពីអត្ថន័យនៃបុណ្យនេះ។

ក្រៅពីនោះ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង ដោយធ្វើការតាមដានអវត្តមានសិស្សជាប្រចាំ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន និង ក្រុមប្រឹក្សាកុមារប្រចាំសាលាអនុវត្ត និងសកម្មភាព «មិត្តអប់រំ» ជាដើម។

មួយវិញទៀត សាលាត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតាសិស្ស និងអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់និងទទួលព័ត៌មានពាក់ព័ន្ធនឹងភាពមិនប្រក្រតីដែលប្រព្រឹត្តដោយសិស្សានុសិស្ស។

បើតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជាក្នុងឆ្នាំ២០១៥ ឲ្យដឹងថា បុរសម្នាក់ក្នុងចំណោម៥នាក់ បានចាប់បង្ខំដៃគូរបស់ខ្លួន ដើម្បីរួមដំណេកនៅថ្ងៃបុណ្យក្ដីស្រឡាញ់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ