លោក ម៉ាឌូរ៉ូ ថានឹង​ចំណាយបន្ថែមលើ​ការទិញសព្វាវុធឲ្យ​​យោធា ដើម្បីរក្សាសន្តិភាព

លោក ម៉ាឌូរ៉ូ ចុះត្រួតពិនិត្យសព្វាវុធនិងកងទ័ព ក្នុង​ពេល​ដែល​លោកបើក​ពិធី​​សមយុទ្ធយោធា​ដ៏ធំរបស់​កងទ័ពវេណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ Twitter of Nicolás Maduro

លោក នីកូឡាស ម៉ាឌូរ៉ូ មេដឹកនាំវេណេស៊ុយអេឡាបានប្រកាសថា រដ្ឋាភិបាលរបស់​​លោកនឹងចំណាយថវិកាបន្ថែម​សម្រាប់​ការទិញ​សព្វាវុធបំពាក់​ឲ្យក្រុម​យោធា ដោយថាដើម្បី​ការពារ​សន្តិភាពក្នុងប្រទេស។

លោក ម៉ាឌូរ៉ូ បាន​ថ្លែងបែបនេះក្នុង​ពេល​ដែល​លោកបើក​ពិធី​​សមយុទ្ធយោធា​ដ៏ធំរបស់​កងទ័ពវេណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យ​។

​សារព័ត៌មាន​ Sputnik News បាន​ចុះផ្សាយ​ថា លោក ម៉ាឌូរ៉ូ បាន​ធ្វើការ​ប្តេជ្ញាថា​ នឹង​បំពាក់អាវុធទំនើបៗឲ្យក្រុម​យោធា។​ លោក ថានឹងទិញបន្ថែម​ទៀតនូវ​មីស៊ីលដែល​បាញ់​ដោយដៃរហូតដល់មីស៊ីលទំនើបៗ។

លោក ក៏បានសង្កត់ធ្ងន់​ផងដែរថា​ កងទ័ពវេណេស៊ុយអេឡាត្រៀមខ្លួន​រួចហើយ​ក្នុងការបូជាជីវិត​ដើម្បីជាតិ។​ លោក បន្ថែម​ថា វេណេស៊ុយអេឡាជាប្រទេសដែលមាន​សន្តិភាព ហើយក៏មិនចង់​បង្ក​ជំលោះ​ជាមួយប្រទេសណាមួយដែរ។​ ប៉ុន្តែ​ លោកបានព្រមាន​ប្រទេសដទៃផងដែរថា ​កុំ​រករឿងឈ្លោះ និងគំរាម​វេណេស៊ុយអេឡាឲ្យសោះ។

​សព្វាវុធភាគច្រើនរបស់​វេណេស៊ុយ​អេឡានាំចូលមកពីរុស្ស៊ី។ កិច្ចព្រមព្រៀង​ក្នុងការទិញ​អាវុធពីរុស្ស៊ី ធ្វើឡើងតាំងពី​មុនពេល​វេណេស៊ុយ​អេឡា​ជួបវិបត្តិនយោបាយ។ ទោះយ៉ាងណា លោក ម៉ាឌូរ៉ូ​​ បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ Sputnik News ថា​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស (Caracas) នៅតែគ្រោង​ទិញ​អាវុធទំនើបៗ​ពីរុស្ស៊ីដដែល។

ក្រុម​យោធាវេណេស៊ុយឡាកំពុង​ធ្វើសមយុទ្ធយោធា​ទ្រង់​ទ្រាយធំ​មួយក្នុងប្រវត្តិសាស្រ្តចាប់​ពីថ្ងៃទី១០ ដល់១៥ ខែកុម្ភៈនេះ។ ការធ្វើសមយុទ្ធនេះ ត្រូវបាន​ជឿថា ​ជាការ​បង្ហាញ​សាច់ដុំ​ដាក់​ក្រុម ​លោក Juan Guaido ដែលបាន​ប្រកាស​ខ្លួន​ជាប្រធានាធិបតី​ប្រទេសនេះកាលពីថ្ងៃ​ទី២៣ ខែមករា កន្លងទៅ។ វាក៏អាច​ជាយុទ្ធសាស្រ្តដែល​លោក ម៉ាឌូរ៉ូ ធ្វើឡើង​ដើម្បីបង្ហាញ​ថា ​កងទ័ព​ដ៏ច្រើន​នៅតែស្មោះស្ម័គ្រជាមួយលោក ហើយ​ជាសារប្រាប់​ដល់​ប្រទេស​ដទៃ​ដែល​ចង់​ជ្រៀតជ្រែកកិច្ចផ្ទៃក្នុងវេណេស៊ុយអេឡាផងដែរ ថា​ប្រទេសនេះបាន​សមត្ថភាពគ្រប់​គ្រាន់ក្នុងការ​ពារខ្លួនទប់ទល់នឹងការវាយប្រហារ​ណាមួយ។

​លោក Juan Guaido ដែលបាន​ប្រកាស​ខ្លួន​ជាប្រធានាធិបតីបណ្ដោះ​អាសន្ន​វេណេស៊ុយអេឡា កាល​ពីសប្តាហ៍មុន បាន​ឲ្យដឹងថា ​លោកត្រៀម​ខ្លួនរួចហើយក្នុងការ​ទទួលយក​អន្តរាគមន៍ផ្នែក​យោធា​របស់អាមេរិក ដើម្បី​ទម្លាក់​លោក ម៉ាឌូរ៉ូ ចេញ​ពីតំណែង និងបញ្ចប់​វិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា។

ប្រធានា​ធិបតី​អាមេិក​ លោក​ ដូណាល់ ត្រាំ ក៏ធ្លាប់​ប្រកាសផងដែរ​ថា ​អន្តរាគមន៍យោ​ធានៅវេណេស៊ុយអេឡា​​អាចនឹងកើតមានប្រសិនបើលោក ម៉ាឌូរ៉ូ មិនចុះចេញ​ពីតំណែងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ