ហេតុអ្វីថៃជួបវិបត្តិនយោបាយជាង១០ឆ្នាំ តែសេដ្ឋកិច្ចនៅរឹងមាំ?

ទិដ្ឋភាពថតពីលើអគារមួយកន្លែងក្នុងក្រុងបាងកក កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ពៅ មេត្តា

ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី ថាក់ ស៊ីន កាលពីឆ្នាំ២០០៦មក ប្រទេសថៃស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយ ហើយកើតមានការតវ៉ា ការធ្វើរដ្ឋប្រហារ និងដូរមេដឹកនាំជាបន្តបន្ទាប់។

បើទោះជាមានបញ្ហាវិបត្តិនយោបាយ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែស្ថិតនៅក្នុងស្ថានភាពរឹងមាំនៅក្នុងតំបន់ និងពិភពលោក។​ នៅក្នុងតំបន់អាស៊ាន ថៃមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២ បន្ទាប់ពីឥណ្ឌូនេស៊ី នៅទ្វីបអាស៊ីជាប់ចំណាត់ថ្នាក់លេខ៩ និងនៅលើពិភពលោកចាប់ចំណាត់ថ្នាក់លេខ២៦។​​ ថៃកំពុងតែមានទំនាក់ទំនងល្អទាំងសេដ្ឋកិច្ច និងនយោបាយជាមួយអាមេរិក និងចិនជាមហាអំណាចទី១ និងទី២របស់ពិភពលោក។​

កត្តាស្ថានភាពសេដ្ឋកិច្ចរីកចម្រើននេះ នាំឲ្យប្រជាពលរដ្ឋនៃប្រទេសជិតខាងរាប់លាននាក់ សម្រុកទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសមួយនេះ ដែលបច្ចុប្បន្នថៃកំពុងស្ថិតនៅក្រោមរបបយោធា។​

តើហេតុអ្វីបានជាសេដ្ឋកិច្ចថៃស្ថិតនៅក្នុងសភាពរឹងមាំ ទោះមានវិបត្តិនយោបាយ?

អ្នកនយោបាយ

យ៉ាងហោចណាស់អ្នកនយោបាយល្បីឈ្មោះពីររូប ត្រូវជាបងប្អូនគ្នាគឺលោក ថាក់ ស៊ីន និងលោកស្រី យីង ឡាក់ ចេញពីប្រភពអ្នកជំនួញសំបូរទ្រព្យធនច្រើន ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចចេញពីការតាមចាប់ខ្លួន។​

បើទោះជាអ្នកទាំងពីរគេចខ្លួនចេញទៅក្រៅប្រទេសក៏ដោយ ក៏ដំណើរការមើលទៅដូចជាមានការសម្របសម្រួលគ្នា គឺបើរដ្ឋអំណាចយោធាចង់ចាប់ខ្លួនបងប្អូនអតីតនាយករដ្ឋមន្ត្រីទាំងពីរ ក៏ពួកគេមិនអាចចេញពីប្រទេសបានដែរ។ ករណីមួយទៀត បើមានការចាប់ខ្លួនបងប្អូនទាំងពីរ អាចធ្វើឲ្យប្រទេសនេះចលាចលដោយការតវ៉ាពីក្រុមអាវក្រហម ឬ កសិករនៅភាគខាងជើងប្រទេសដែលភាគច្រើនលើសលប់គាំក្រុមលោក ថាក់ ស៊ីន។​

ត្បិតតែវិបត្តិនយោបាយអូសបន្លាយជាង១០ឆ្នាំក៏ពិតមែន ប៉ុន្តែសភាពការណ៍មើលទៅហាក់នៅតែជារឿងផ្ទៃក្នុងដដែល មិនមានភាគីណាមួយដាក់ពាក្យប្តឹងទៅអង្គការអន្តរជាតិ ឬ សុំឲ្យបរទេសណាមួយចេញមុខឲ្យជួយឬ ដាក់ទណ្ឌកម្មនោះទេ។

ស្ថាប័នរដ្ឋ

ទោះរដ្ឋាភិបាលថៃ ម្តងផ្លាស់ប្តូរទៅជាក្រុមយោធា ម្តងផ្លាស់ប្តូរទៅក្រុមស៊ីវិលញឹកញាប់ក៏ដោយ ក៏ពួកគេមិនបានប្រើប្រាស់ ឬជ្រៀតជ្រែកចូលកិច្ចការស្ថាប័នរដ្ឋ ដើម្បីផលប្រយោជន៍របស់គណ​បក្សនយោបាយដែរ។​

កត្តាទាំងនេះនាំឲ្យប្រទេសថៃ ច្បាប់នៅតែធំជាងអ្នកនយោបាយអាចធ្វើឲ្យអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសមានទំនុកចិត្ត។ ជាក់ស្តែងថ្មីៗនេះ បញ្ហាផ្សែងពុលក្នុងទីក្រុងបាងកក តុលាការ បានកោះហៅ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ឲ្យចូលបំភ្លឺ។​

ស្ថានភាពវិបត្តិនយោបាយហាក់ដូចជា ទាស់គ្នាតែក្រុមអ្នកនយោបាយជាន់លើប៉ុន្មានតែប៉ុណ្ណោះ ចំណែកស្ថាប័នរដ្ឋ  ក្រុមហ៊ុន និងប្រជាពលរដ្ឋទូទៅនៅតែរស់នៅធម្មតាដដែល។​

អំពើពុករលួយ

របាយការណ៍អង្គការតម្លាភាពអន្តរជាតិបង្ហាញថា គិតត្រឹមឆ្នាំ២០១៨ ការដោះស្រាយបញ្ហាអំពើពុករលួយមានភាពប្រសើរឡើងបន្តបន្ទាប់។ ឆ្នាំ២០១៨ ថៃជាប់ចំណាត់ថ្នាក់លេខ៩៩ ក្នុងចំណោម​១៧៥ប្រទេស គឺថៃស្ថិតនៅក្នុងចំណោមប្រទេសពុករលួយតិចតួច។

គិតជាមធ្យមពីឆ្នាំ១៩៩៥ ដល់២០១៨ ថៃស្ថិតនៅក្នុងកម្រិតមធ្យមភាគ៧២,២១ភាគរយ។ កាលពីឆ្នាំ១៩៩៥ថៃ ជាប់ចំណាត់ថ្នាក់លេខ១៣៤ ហើយនៅឆ្នាំ២០១៣ជាប់ចំណាត់ថ្នាក់លេខ ១០២​។​

កត្តាអំពើពុករលួយតិចតួច ប្រព័ន្ធច្បាប់រឹងមាំ និងនយោបាយមិនបង្ហាញពីភាពរង្គោះរង្គើខ្លាំងនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងទាក់ទាញអ្នកវិនិយោគទាំងជាតិ និង អន្តរជាតិ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ