វិភាគ៖ បើទ្វារចរចានៅតែបន្តបិទ តើកម្ពុជាប្រឈមនឹងបញ្ហាអ្វីខ្លះ?

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

គិតត្រឹមខែកុម្ភៈនេះ អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនជិត១៨ខែហើយ បើទោះ​ក្រុ​ម​ប្រ​​​ទេ​​ស​​លោ​កសេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជំរុញឲ្យដោះលែងវិញ ដោយចាត់ទុក​ចំណា​ត់​ការ​នោះ​ថា​ជា​ការគំ​រាម​កំ​ហែង​ផ្នែក​ន​យោបាយក៏ដោយ។

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​

តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏បានប្រកាសឲ្យរំលាយ​គណ​បក្សស​​ង្គ្រោះ​ជា​តិ​រ​បស់​លោក កឹម សុខា ចោល​តាម​បណ្តឹង​របស់​ក្រសួងមហាមផ្ទៃ ដែល​ចោទថា «ក្បត់ជាតិ»

សា​លដីកានេះ ក៏ជាដើមចមមួយជំរុញឲ្យរឹបអូសយកអាសនៈទាំងអស់ចំនួន៥៥ក្នុងសភា និង​ឃុំ-សង្កាត់ជាង៥ពាន់​របស់​គ​ណ​ប​ក្ស​ប្រឆាំង ដែ​ល​​ពលរដ្ឋបោះឆ្នោតឲ្យ​ យកទៅចែកគណបក្សដទៃ ក្នុងនោះគណបក្សប្រជាជនបានច្រើនជាងគេ​​សម្រា​ប់​អា​ស​នៈ​ឃុំ​សង្កាត់។ចាប់​ពី​ពេល​នោះ​មក គណបក្សប្រឆាំងដ៏ធំមួយនេះ បានបាត់ឈ្មោះពីឆាកនយោបាយ។

តំណាងរាស្ត្របក្សប្រឆាំង (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)
ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

ប៉ុន្តែប្លុ​កលោកសេរី មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម មិនទទួលស្គាល់លទ្ធផ​លបោះឆ្នោត​កាល​ពី​ឆ្នាំ​មុន​នោះ​ឡើយដែល​ការ​បោះ​ឆ្នោត​នោះ គ្មានវ​​ត្តមា​​នគ​ណ​​​​​បក្សប្រឆាំងចូលរួមប្រកួតនេះទេ​​​ ទោះបី គ.ជ.ប. ប្រកាសថា គណ​បក្ស​ប្រ​ជា​​ជ​នកម្ពុជា​ ជាអ្នក​ឈ្នះ​​ក៏​ដោ​យ។

បើទោះបីជម្លោះនេះបានអូសបន្លាយជិត២ឆ្នាំ អមដោយការជំរុញពីសហគមន៍អន្តរជា​តិ ឲ្យស្តារស្ថា​នការណ៍ឡើ​ងវិញក៏​ដោយ ប៉ុន្តែ​​មក​ដល់​ពេល​នេះមិ​នទាន់មានសញ្ញាណាមួយ ត្រូវបានប្រកាសជាសាធារណៈ​ពីការវិលចូលតុចរចា​របស់អ្នកនយោបាយ ដើ​ម្បី​ផ្សះផ្សាមុខរបួសនេះ​ឡើងវិញនៅឡើយ​ទេ។

ជាការកាត់សម្គាល់ លោក សម រង្ស៊ី ដែលឡោមព័ទដោយបណ្តឹង តែមិនធ្លាប់ជាប់ពន្ធនាគារនោះបានប្រកាសថា នឹងវិល​ចូល​​ក​ម្ពុជា​​វិញ​នៅ​ឆ្នាំនេះ និងបានអំ​ពាវនាវឲ្យពលរដ្ឋចូ​ល​រួ​​មជាមួយលោក ដើម្បីប្តូរមេ​​ដឹក​នាំ។

ស្ថិតក្នុងស្ថានភាពបែបនេះ មេ​ដឹ​ក​នាំ​​​បក្សកា​ន់អំ​ណា​ចលោក ហ៊ុន សែន​ វិញបានផ្ញើសារថា សមត្ថ​កិច្ចបាននឹងកំពុងត្រៀ​​មខ្លួន​ចា​ត់​​​វិធានការ ទប់ស្កាត់ចរន្តនយោយថ្មី​របស់លោក សម រង្ស៊ីនេះ​​។

សំនួរត្រង់ថា តើកម្ពុជាប្រឈមបញ្ហាអ្វីខ្លះ បើទ្វារចរចានៅ​តែ​បន្ត​បិទបែបនេះ?

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលាពន្យល់ថា ក្នុងប្រទេសប្រជាធធិបតេយ្យ ការ​ប្រកួត​ប្រជែង​អំណាច គេបានតម្កល់ប្រយោជន៍ជាតិជាធំ បើកាលណាការប្រកួតនោះធ្វើឲ្យប៉ះ​ពាល់ដល់ប្រយោជន៍​ពល​រដ្ឋឬ​ប្រ​​​​​​ទេសជាតិ ពួកគេ​វិល​ទៅ​រក​តុ​ចរចា​ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែលោកថានៅកម្ពុជាខុសពីនេះ។

លោក មឿន តុលា វិភាគថា បើច្រកទ្វារចរចា​នៅតែបន្តបិទ បញ្ហាធំពីរអាចកើតឡើង​ក្នុងសង្គម គឺវិបត្តអត់ការងារធ្វើ​ស​ម្រាប់​មនុស្ស​​ច្រើន​ម៉ឺន​នាក់  និងសញ្ញាបែកបាក់ជាតិបានចូលមកដល់ ដោយលោកបញ្ជាក់ថាពេលនេះ ប្រព័ន្ធអនុគ្រោះពី​លោក​ខាងលិ​ច​​​​​ត្រូវបាត់បង់ ហើយ​អ្នក​គាំទ្រ​បក្ស​ប្រឆាំងជាង៣លាននាក់ និងអ្នកគាំទ្រប​ក្សកាន់អំណាចមាន​ទាំងក​ងម្លាំងផ​ងចាប់​ផ្តើប្រ​ឈ​មដាក់គ្នា។

នាយកប្រតិបតិ្តរបស់អង្គការ សង់ត្រាល់ លោក មឿន តុលា

លោកថា៖ «អ្នកដែលបារម្ភខ្លាចបាត់បង់ការងារគឺកម្មករ សួរថាកម្មករជានរណា កម្មករជាកូនរបស់ទាហាន កម្ម​ករ​ជាកូ​នរ​បស់​ប៉ូលិស កម្មករជាកូនរបស់មន្ត្រីរាជការ ប្រសិនមានការប្រឈមមុខដាក់គ្នា អ្នកណាជាអ្នកទៅបាញ់ មានមន្ត្រី ប៉ូ​លិស​ ឬក៏​យោ​ធាអី​ជាដើ​ម។ សំនួរសួរថា តើគេលើកកាំភ្លើងបាញ់ប្រពន្ធខ្លួនឯង កូនខ្លួនឯង ដែរអត់ អាហ្នឹង​ដែល​ជាសំ​នួរដែលត្រូវសួរ »។

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ វិភាគថាបើជម្លោះនយោបាយនៅតែអូសបន្លាយ វិធានការនា​នារ​ប​ស់ប្លុ​កលោកសេរី ដែលចង់ឃើញកម្ពុជាដើរលើកគន្លងប្រជាធិបតេយ្យនឹងធ្លាក់មកដល់។លោកថាពេលនោះ ទីផ្សារផ្នែកឧស្សា​ហក​ម្ម​​កា​​ត់ដេ​រ ត្រូវបាត់បង់ និងទីផ្សារសម្រាប់លក់ផលិតផលកសិកម្មក៏បាត់ដូចគ្នា។

លោក គឹម សុខ វិភាគទៀតថា មួយវិញទៀត មុខមាត់កម្ពុជាលើឆាកអន្តរជាតិក៏ត្រូវធ្លាក់ចុះ ជំនួយឧបត្ថម្ភ​នានាពីគម្រោងអភិវឌ្ឍន៍ និង​កម្ម​វិធី​សុខភាពសាធារណៈ ក៏ត្រូវបាត់បង់។​​លោកថា ស្ថានការណ៍បែប​នេះ ក៏ការបើកឱកាសឲ្យឈ្មួញខិលខូច ឃុប​ឃិ​តជាម​ន្ត្រីបំ​ផ្លាញ​ធន​ធាន​ធម្មជាតិដែរ។

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

លោកថា៖ «ហើយកម្ពុជាទៅថ្ងៃអនាគតនោះ​កាន់តែរងគ្រោះពីកម្ចីគ្មានតម្លាភាព និងការប្រាក់ខ្ពស់ពី​មិត្តកុម្មុយនីស្តចិន​។ ចំនុចទី​៥​ ជាឱ​​​​កាសរប​ស់ឈ្មួញទុច្ចរិត បំផ្លាញធនធានធម្មជាតិប្រទេសកាន់តែខ្លាំង ​ដូចជា ព្រៃឈើ និងធនធានរ៉ែ ជាដើម​​ ដោយ​សារតែគ្មានអ្នកតាមដាន»។

ប៉ុន្តែបណ្ឌិតវិទ្យាសាស្ត្រនយោបាយនិងជាប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា​របស់រដ្ឋាភិបាលលោក បណ្ឌិត សុខ ទូច វិភា​គថាសា​រន​យោ​បាយ​របស់​លោក សម រង្ស៊ី នឹងមិនធ្វើឲ្យមានការប្រឈមមុខដាក់គ្នាណាមួយក្នុងទ្រង់ទ្រាយធំនោះទេ ដោយ​លោកថា ​លោ​ក សម រង្ស៊ី គ្មាន​លទ្ធភាព​កៀរគរមនុស្សបានច្រើន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដូចឆ្នាំកន្លងទៅនោះទេ រួមទាំងពលក​រនៅក្នុង​ប្រទេសថៃផងដែរ។

លោក លោក សុខ ទូច វិភាគទៀតថា វិធានការរបស់សហភាពអឺរ៉ុប​លើប្រព័ន្ធអនុគ្រោះពន្ធនេះ លោកថា ក៏មិនមែនជាបញ្ហាធំ រហូត​ទៅ​បង្ខំ​រដ្ឋាភិបាល​ឲ្យទទួលយកលក្ខខណ្ឌ​របស់ក្រុមប្រឆាំងដែរ។

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​លោក សុខ ទូច

លោកថា៖ «​ប្រព័ន្ធអនុគ្រោះពន្ធហ្នឹងមិនសំខាន់ទេ​​ ព្រោះអាស៊ានមានតែប្រទេស៣ទេដែលទទួល EBA មាន កម្ពុជា ភូមា និងឡាវ ចុះ​ហេតុ​អី​ថ្ងៃមុខកម្ពុជាក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់ ចុះហេតុអីយើងមិនដក យើងត្រូវតែដក​មួយរយភាគ​រយ​ត្រូវតែដកហើយ»។

យ៉ាងនេះក្តីស្ថានភាពសិទ្វិមនុស្ស​​​​​​​​​​​​​​​​​​​ និងប្រជាធិបតេយ្យ​នៅកម្ពុជា​​ ត្រូវបាន​សមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គ​ការសហប្រ​ជាជាតិ មាន​ទាំង​សហរដ្ឋ​អាមេរិកផង កាលពីថ្ងៃ​ទី៣០មករា​ បានរំឭករដ្ឋាភិបាលកម្ពុជាឲ្យ​​វិលទៅ​ស្តារ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ឡើង​វិញ តាម​រយៈ​បញ្ឈប់​ការ​យា​យី​គណ​បក្ស​ប្រ​​ឆាំ​ង ​សង្គ​​ម​ស៊ី​វិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

សហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួនព្រួយបារម្ភពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ​ពីស្ថាន​ភាពសិ​ទ្ធិមនុ​ស្ស​​នៅក​ម្ពុ​ជា ដូចជាសិទ្ធិពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ។

អាមេរិក​ក៏​បាន​ជំរុញទៅរដ្ឋាភិបាលកម្ពុជា​ ឲ្យផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ​ដល់គណបក្សប្រឆាំង និងទម្លា​ក់បទចោ​ទលើ​លោក កឹម សុខា។

ចក្រភពអង់គ្លេស បានលើកឡើងថា ការបោះឆ្នោ​តថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ ខ្វះភាពស្របច្បាប់។ រីឯចំណាត់ការ​ទៅលើ​បក្ស​ប្រ​ឆាំង សង្គម​ស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម អង់គ្លេស​ថា ជាការ​ធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យនៅម្ពុជា​រួម​តូច។

ប្រ​ទេសលោកសេរីមួយនេះ ជំរុញរដ្ឋាភិបាលកម្ពុជា​ឲ្យ​បើកលំហសេរីភាព​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ទម្លាក់​ចោល​ការ​ចោ​ទ​​ប្រ​​​កា​​​ន់​លើ​​​លោក កឹម សុខា និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង ១១៨​នា​ក់ផ្សេ​ង​​​ទៀត ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​នយោ​បាយ​កា​ល​ពីចុង​ឆ្នាំ​២០១៧។

អ្នកជំនាញផ្នែកគោលនយោបាយ និងកិច្ចការពិភព​លោកនៅមហាវិ​ទ្យា​ល័​យ Occ​idental សហរដ្ឋ​អា​មេ​​រិក លោក អ៊ា សុផល  វិភាគថា រដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជាមិនផ្លាស់ប្ដូរជំហរចំពោះការជំរុញរបស់សហគមន៍អន្ដរជាតិ ឲ្យងាកមក​ស្ដា​រ​ល​​​ទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ​ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធនេះ។

លោក អ៊ា សុផល  វិភាគទៀតថា ការសម្របសម្រួលនយោបាយអាចកើតឡើងបានការវិលត្រឡប់របស់លោក សម រង្ស៊ី និងក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ត្រូវចូលកម្ពុជា ​ក្រោយសហភាពអឺរ៉ុប​​ព្យួរប្រព័ន្ធ​អនុគ្រោះរួចហើយ​លោក​វិភាគថា​​គ្មានការ​សម្រ​​បស​ម្រួ​ល​ណា​មួយ​កើត​ឡើង​ទេ។

អ្នកវិគាគនយោបាយលោក​​ ​ឯម​ ​សុវណ្ណរ៉ា​ វិគាគថា​​ កម្ពុជាទៅថ្ងៃអនាគត នឹងជួបវិបត្តិធ្ងន់ធ្ងរ បើមិនស្តារប្រជាធិបតេយ្យ​ ដោយ​​ថា​វិធានការ​ដក​ប្រព័ន្ធអនុគ្រោះពន្ធជាជំហានទីមួយទេ​​ ហើយថានឹងមានវិធានការណ៍បន្តបន្ទាប់ទៀត​បើកម្ពុ​ជានៅតែមិ​នព្រមស្តា​រប្រជាធិបតេយ្យនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ