ហ្វីលីពីន​ចាប់​ខ្លួន​នាយកប្រតិបត្តិសារព័ត៌មានដែលសរសេរ​រិះគន់លោក ឌូតឺតេ

អ្នកសារព័ត៌មានហ្វីលីពីនម៉ា អ្នកស្រី ម៉ារៀ រេសា (Maria Ressa) ត្រូវបានព័ទ្ធជុំវិញដោយអ្នកសារព័ត៌មានជាច្រើន ខណៈដែលនាងត្រូវបានភ្នាក់ងារការិយាល័យស៊ើបអង្កេតជាតិ (NBI) អមដំណើរទៅការិយាល័យកណ្តាលរបស់ NBI បន្ទាប់ពីការចាប់ខ្លួននាងនៅទីក្រុងម៉ានីលកាលពីថ្ងៃទី13 ខែកុម្ភៈឆ្នាំ 2019 ។ រូបភាព៖ TED ALJIBE/AFP/Getty Images

អាជ្ញាធរ​ហ្វីលីពីន ​ចាប់ខ្លួននាយកប្រតិបត្តិសារព័ត៌មាន​អនឡាញ Rappler  ដែល​ត្រូវបាន​គេស្គាល់ថា​ជាសារព័ត៌មាន​មួយដែល​សរសេរ​រិះគន់ការដឹកនាំរបស់ប្រធានាធិបតី​ ឌូតឺតេ។

នាយក​ប្រតិបត្តិសារព័ត៌មាន​អនឡាញ Rappler   លោកស្រី ម៉ារៀ រេសា (Maria Ressa) ត្រូវបាន​ចាប់​ខ្លួនក្នុងការិយាល័យរបស់​អ្នកស្រី​កាលពីល្ងាច​ម្សិល​មិញ។ តាមការ​ផ្សាយផ្ទាល់របស់​ Rappler  មន្រ្តី​មកពីការិយាល័យស៊ើបអង្កេតជាតិទទួលបន្ទុកបទល្មើស​តាម​អ៊ិនធឺណិត​​បាន​​ទៅដល់ស្នាក់​ការកណ្ដាល​សារព័ត៌មានមួយនេះ។

សារព័ត៌មាន​អនឡាញ Rappler  បានចុះផ្សាយជាបន្តបន្ទាប់​នូវអត្ថបទដែល​រិះគន់ការ​បង្រ្កាបរបស់ប្រធានា​ធិបតី​​ ឌូតឺតេ ទៅលើក្រុមឧក្រិដ្ឋជន​គ្រឿងញៀន ដែលបណ្ដាលឲ្យមានការសម្លាប់ជន​សង្ស័យជាច្រើននាក់។

លោកស្រី ត្រូវបាន​នាំខ្លួន​យក​ទៅឃុំ​នៅ​ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីនពេញមួយយប់។ អ្នកសារព័ត៌មាន​ជើងចាស់រូបនេះ ត្រូវបានចោទប្រកាន់​ទាក់​ទងនឹងការ​សរសេរ​បង្ខូចកេរ្តិ៍ឈ្មោះ ដោយយោង​ទៅតាម​ច្បាប់​បទល្មើស​តាម​អ៊ិនធឺណិតដែល​បង្កើតឡើងកាលពីឆ្នាំ២០១២។

កាល​ពីខែឧសភា ឆ្នាំ២០១២ សារព័ត៌មាន​អនឡាញ Rappler បាន​ចេញផ្សាយ​អត្ថបទមួយដែល​និយាយពីទំនាក់ទំនងរវាង​អ្នកជំនួញ និង​អតីត​ចៅក្រម​នៅតុលាការកំពូលម្នាក់​របស់​ហ្វីលីពីន។ ប៉ុន្តែ​ ច្បាប់ស្តី​ពីបទល្មើស​តាមប្រព័ន្ធអ៊ិន​ធឺណិត​បាន​ចូលជាធរមាន​​ ៤​ខែ ក្រោយ​អត្ថបទនេះចេញ​ផ្សាយ​ ពោលគឺខែកញ្ញា ឆ្នាំ២០១២។

លោកស្រី ម៉ារៀ រេសា ថា​ការចាប់ខ្លួនលោកស្រីបង្ហាញពីកម្រិត​ដែល​​រដ្ឋាភិបាល​ធ្វើ​ក្នុងការបំបិទសម្លេង​អ្នកសារព័ត៌មាន។

អង្គការ​សមាគមអ្នកសារព័ត៌មាន និង​សិទ្ធមនុស្សជាច្រើនបាន​ថ្កោលទោស​ការចាប់​ខ្លួន​អ្នកសារព័ត៌មាន​ដ៏ល្បី​រូបនេះ។

សហព័ន្ធអ្នកសារព័ត៌មានហ្វីលីពីន ចាត់ទុកការចាប់ខ្លួន​លោកស្រី ម៉ារៀ រេសា ដោយចោទពីបទ​បង្ខូចកេរ្តិ៍ឈ្មោះតាម​អ៊ិនធឺណិត​ គឺជាទង្វើគួរឲ្យ​ខ្មាស់អៀន។ សហព័ន្ធនេះ ក៏បាន​រិះគន់រដ្ឋាភិបាល​ហ្វីលីពីនផងដែរថា ​កំពុង​តែព្យាយាមបំបិទសម្លេង​ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់​រដ្ឋាភិបាល។

អង្គការឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​លើកឡើង​ថា ការឃាត់​ខ្លួន​​អ្នកសារព័ត៌មាន​រូបនេះ មិនត្រឹម​តែជាយុទ្ធនាការរបស់​រដ្ឋាភិបាលដែលធ្វើឡើងដើម្បី​គំរាម​កំហែង និងបំបិទប្រព័ន្ធផ្សាយដែលសរសេររិះគន់លោកប៉ុណ្ណោះទេ តែ​វាក៏ជាសារព្រមានដល់ស្ថាប័ននីតិបញ្ញតិ តុលាការ សង្គមស៊ីវិល និង​ វិហារកាតូលិកផងដែរ។ អង្គការនេះ ក៏បាន​ស្នើ​ឲ្យដោះលែង​និង​ទម្លាក់​ចោល​បទ​ចោទនានាប្រឆាំងលោកស្រី ម៉ារៀ រេសា ជាបន្ទាន់។

អង្គ​ការលើកលែង​ទោសអន្តរជាតិ Amnesty International ក៏បានអំពាវស្រដៀងគ្នានឹង​អង្គ​ការឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដោយថា​ ការ​ចោទប្រកាន់ និងចាប់ខ្លួន​លោកស្រី ម៉ារៀ រេសា ធ្វើឡើងក្រោមហេតុផលនយោបាយ។

ទោះយ៉ាងណាក្តី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ​លោកស្រី ម៉ារៀ រេសា ត្រូវបាន​ដោះលែងឲ្យនៅក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ហើយ ដោយ​តម្តល់​ប្រាក់​ជិត​២០០០ពាន់​ដុល្លារ។

លោកស្រី Maria Ressa ក៏មាន​ជាប់បណ្ដឹង​មួយទៀតផងដែរ ករណីគេចវេសពីការ​បង់​ពន្ធនិងខកខានក្នុងការដាក់លិខិតប្រកាស​ពន្ធ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ