លោក ហ៊ុន​ សែន អះអាងថា អត់ EBA កម្ពុជាមិនស្លាប់​ទេ និង​នៅ​តែ​មាន​ប្រាក់​ខែ​បើក​ជូន​មន្ត្រី​រាជការ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​នៅ​ឆ្នាំ​​២០១៩ របស់​ក្រសួង​មហាផ្ទៃ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ រូបថត៖ ទំព័រហ្វេសប៊ុក​លោក ហ៊ុន សែន

នា​យករដ្ឋមន្ត្រីកម្ពុជា​​ លោក​ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា បើទោះបីកម្ពុជាគ្មានប្រព័ន្ធអនុ​គ្រោះ​ពន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA)​​របស់សហភាពអឺរ៉ុប​ក៏​ដោយ ក៏​លោកថា កម្ពុ​ជា​មិ​នស្លាប់ដែរ ដោយថា ចំណូលពន្ធក្នុងស្រុក អាចចិញ្ចឹមមន្ត្រីរាជការបាន។

ក្នុងពិធីបិទសន្និបាតនៅក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ កុម្ភៈនេះ លោក ហ៊ុន សែន បានអំពាវនាវ​ទៅអ្នកវិ​និ​យោគឲ្យ​មាន​​​ជំនឿ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​របស់រដ្ឋាភិបាល ជា​អ្វីដែលលោកហៅថា ដើម្បី​ជំរុញលទ្ធភាពប្រកួត​ប្រ​​ជែង​ជាមួ​យ​​​ប្រ​ទេសក្នុងតំបន់។

លោក ហ៊ុន សែន ថ្លែងទៀតថា យន្តការកំណែទម្រង់នេះ កម្ពុជាអាចដើរទៅមុខបាន​ដោយខ្លួនឯង បើទោះបី​ជាក​ម្ពុ​ជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​នេះក៏ដោយ។​

មេដឹ​កនាំរូបនេះ អំពាវទៅកម្មករ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ និងមន្ត្រីចូលនិវត្តន៍ កុំព្រួ​យបា​​រម្ភថា ការ​បាត់បង់​ប្រព័ន្អ​អនុគ្រោះ​ពន្ធ​ EBA នេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះ។

លោ​ក ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំបញ្ជាក់ប្រាប់អ្នកឯងឲ្យបានច្បាស់ថា ពេលនេះម៉ោងនេះ​ បើទោះបីគ្មានចំណូលបន្ថែម រដ្ឋាភិបាល ហ៊ុន សែន មានសមត្ថភាពបើកប្រាក់ខែ​ជូន​មនុស្សទាំងអស់រយៈពេល ១២ខែ ដោយមិនចាំបាច់មានចំណូលថ្មី»

សហ​ភាពអឺរ៉ុបកាលពីថ្ងទី១២ កុម្ភៈ​កន្លង​មក​នេះ បានចាប់​ផ្ដើម​ដំណើរការនីតិវិធីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយអះ​អាង​​ថា វិធានការនេះ កើត​ឡើង​ក្រោយពីខ្លួនមើលឃើញថា រដ្ឋាភិបាលក​ម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន មិន​បាន​ស្តារ​ប្រ​ជា​ធិបតេយ្យ​ឡើង​វិញ ខណៈអតីតបក្សប្រឆាំងនៅតែត្រូវបានគេផាត់ចេញពីឆាកនយោបាយ ចំណែក​ប្រធា​​នគណបក្សនេះ លោក កឹម សុខា នៅ​តែ​បន្ត​ឃុំ​ខ្លួន​ជិត ១៨ខែមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ