ចលនាមហាជននៅថៃអាចកើតឡើងជាថ្មី បើមានការរំលាយបក្ស Thai Raksa Chart

រូបភាពក្រុមអ្នកនយោបាយថៃ

តុលាការធម្មនុញ្ញរបស់ថៃបានទទួលពាក្យបណ្តឹងកាលពីថ្ងៃពុធ ដើម្បីសុំឲ្យពិនិត្យលើសុពលភាពរបស់គណបក្ស Thai Raksa Chart ថា អាចបន្តចូលរួមប្រកួតប្រជែងការបោះឆ្នោត ឬ ត្រូវរំលាយចោល។​

តាមគម្រោងតុលាការធម្មនុញ្ញនឹងបើកសវនាការពិនិត្យលើគណបក្ស Thai Raksa Chart នៅថ្ងៃទី២៧ ខែកុម្ភៈ។

គណបក្ស Thai Raksa Chart បង្កើតឡើងដោយក្រុមអ្នកគាំទ្រលោក ថាក់ ស៊ីន ហើយការឈានដល់ការត្រួតពិនិត្យ ដោយសារបក្សនេះដាក់ម្ចាស់ក្សត្រី Ubolratana ជាបេក្ខជននាយករដ្ឋមន្ត្រី នាំឲ្យខាងព្រះបរមរាជវាំងចោទថា បំពានរដ្ឋធម្មនុញ្ញ។​

ការរំលាយគណបក្សដែលស្និទ្ធជាមួយលោក ថាក់ ស៊ីន នេះ ក៏អាចសមតាមបំណងរបស់ក្រុមយោធា និងខាងព្រះបរមរាជវាំងដែរ ព្រោះក្រុមនេះមិនចង់ឲ្យក្រុមលោក ថាក់ ស៊ីន​ ចូលឆាកនយោបាយវិញទេ។ លោក ថាក់ ស៊ីន លេចធ្លោក្នុងនយោបាយថៃតាំងពីឆ្នាំ២០០១​ ហើយទោះបីជាមានការរំលាយគណបក្សលោក និងរារាំងមិនឲ្យធ្វើនយោបាយក៏ពលរដ្ឋថៃ ពិសេសក្រុមកសិករឬ ក្រុមអាវក្រហមនៅតែគាំទ្រលោក។

លទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០០១ លោក ថាក់ ស៊ីន ទទួលបានជ័យជម្នះ ក្រោយមក មានការរំលាយគណបក្សលោក និងរារាំងមិនឲ្យធ្វើនយោបាយ ប្អូនស្រីរបស់លោកគឺលោកស្រី យីង ឡាក់ ជាប់ឆ្នោតទៀតនៅឆ្នាំ២០១១។

ចំណែកការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ មានការរំពឹងថា អ្នកគាំទ្រលោក ថាក់ ស៊ីន នឹងបោះឆ្នោតគាំទ្រគណបក្ស Thai Raksa Chart។ ប៉ុន្តែ បើមានការរំលាយគណបក្សនេះមែន អាចនឹងផ្ទុះការតវ៉ាជាថ្មីពីក្រុមអ្នកគាំទ្របក្សនេះ។

​ព្រឹត្តិការណ៍បង្ក្រាបបង្ហូរឈាមមួយក្នុងទីក្រុងបាងកកចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១០ បណ្តាលឲ្យមានអ្នកស្លាប់៨៥ និងរបួសជាង២០០នាក់។ ពេលនោះក្រុមយោធាបង្ក្រាបលើការតវ៉ារបស់ក្រុមរណសិរ្សរួបរួមជាតិប្រឆាំងរបបផ្តាច់ការ គឺជាក្រុមរបស់ពួកអាវក្រហមគាំទ្រលោក ថាក់ ស៊ីន។​

ក្រៅពីព្រឹត្តិការណ៍បង្ក្រាបទ្រង់ទ្រាយធំនៅក្នុងខែឧសភា ឆ្នាំ២០១០នេះ ក៏មានចលនាតវ៉ា និងបង្ក្រាបផ្សេងៗទៀតដែលបណ្តាលឲ្យមានអ្នកស្លាប់​និងរងរបួសផងដែរ ចាប់តាំងពីការទម្លាក់លោក ថាក់ ស៊ីន កាលពីឆ្នាំ២០០៦មក។​

បើទោះបីជាថៃស្ថិតនៅក្រោមរបបយោធាតាំងពីឆ្នាំ២០១៤មក ដែលមានរឹតត្បិតសេរីភាពនានា ក៏នៅតែមានការតវ៉ាជាបន្តបន្ទាប់នៅក្នុងទីក្រុងបាងកកដែរ។​

នៅដើមឆ្នាំ២០១៩នេះ ក្រោយពេលរបបយោធាប្រកាសលើកពេលបោះឆ្នោតជាថ្មីទៀតថា ការបោះឆ្នោតគ្រោងធ្វើនៅថ្ងៃទី២៤ខែកុម្ភៈ ត្រូវលើកទៅធ្វើនៅដើមខែឧសភាវិញនោះ ប្រជាពលរដ្ឋថៃក្នុងទីក្រុងបាងកកនាំគ្នាដើរតវ៉ាតាមដងផ្លូវ រហូតដល់ព្រះមហាក្សត្រអន្តរាគមន៍សម្រេចឲ្យរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ទើបពួកគេឈប់តវ៉ា។

នយោបាយបែងចែកក្រុមអាវក្រហម និងអាវលឿងនៅក្នុងប្រទេសថៃ អាចនឹងផ្ទុះការតវ៉ាជាថ្មីទៀត បើសិនជាមិនមានដំណោះស្រាយផ្លូវកណ្តាលណាមួយ ហើយឈានដល់ការរំលាយគណបក្ស Thai Raksa Chart។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ