សមត្ថកិច្ចថៃទុកពេលមួយសប្តាហ៍ឲ្យកសិករខ្មែរដកដំឡូងមីក្នុងតំបន់មិនឯកភាពគ្នា

សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា​ និង​សមត្ថកិច្ច​ការពារ​ព្រំដែន​ថៃ​ ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​នៅ​ពេល​សមត្ថកិច្ច​ថៃ​យក​ត្រាក់ទ័រ​បម្រុង​ឈូស​ឆាយ​ដំឡូង​មី​របស់​កសិករ​ខ្មែរ​ នៅ​តំបន់​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ ឈម​ និង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

កសិករខ្មែរពីរគ្រួសារត្រូវបង្ខំឲ្យដកដំឡូងមីលើផ្ទៃដី៦ហិកតា បន្ទាប់ពីសមត្ថកិច្ចថៃយកត្រាក់ទ័រមួយគ្រឿងគំរាមឈូសឆាយដំណាំរបស់ពួកគេ​ ស្ថិតនៅព្រំដែនដែលមិនទាន់ឯកភាពគ្នានៃប្រទេសទាំងពីរ។

យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចថៃ២៩នាក់បានយកត្រាក់ទ័របម្រុងនឹងឈូសឆាយដំឡូងមីកសិករខ្មែរនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតនៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ និងខេត្តស្រះកែវ ប្រទេសថៃ។ សមត្ថកិច្ចថៃបានចោទពលរដ្ឋខ្មែរថា បានដាំដំឡូងមីលើដីបន្ទាត់ព្រំដែនមិនទាន់ច្បាស់លាល់។

ប្រភពដដែលបានឲ្យដឹងថា ក្រោយពីមានការជជែករវាងសមត្ថកិច្ចខ្មែរ និងថៃ ភាគីទាំងពីរក៏ព្រមព្រៀងគ្នាដោយឲ្យកសិករខ្មែរដកដំឡូងមីមានមើមតូច ដែលលមិនទាន់ដល់ពេលត្រូវប្រមូលផល។ កសិករក៏បានយល់ព្រមដកមិនឲ្យលើសពីមួយសប្តាហ៍។

ប្រភពដដែលបានស្រង់សម្តីកសិករថា ពួកគាត់បានចងការប្រាក់ពីធនាគារដើម្បីដាំដំឡូងមី ហើយនៅពេលដែលបង្ខំឲ្យដកដំឡូងមី ពួកគាត់ប្រឈមនឹងគ្មានប្រាក់សងធនាគារ។

ជុំវិញបញ្ហានេះ សមត្ថកិច្ចថៃបានជួបសមត្ថកិច្ចខ្មែរ២លើកមកហើយ ដើម្បីសុំឲ្យកសិករខ្មែរដកដំឡូងមីចោលនៅត្រង់ចំណុចបន្ទាត់ព្រំដែនមិនទាន់ឯកភាពគ្នា និងសុំរក្សាទ្រង់ទ្រាយដើមមិនឲ្យមានការឈូសឆាយព្រៃនៅតាមព្រំដែននោះឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ