តើវៀតណាម ​​ទទួលផលចំណេញ​អ្វីខ្លះពីការធ្វើជាម្ចាស់ផ្ទះនៃជំនួបរវាង ត្រាំ និង គីម​?

ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក

ប្រទេសវៀតណាម កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការទទួលមេដឹកនាំអាមេរិក លោក​ ដូណាល់ ត្រាំ និង​មេដឹក​នាំកូរ៉េខាង​ជើង​លោក គីម ជុងអ៊ុន។

តើការធ្វើជាម្ចាស់ក្នុងការរៀបចំជំនួបកំពូលនេះ ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេស​វៀតណាម?

គ្រាន់​តែ​លោក ដូណាល់ ត្រាំ ប្រកាស​ពីការកំណត់​យកប្រទេសនេះ​ជាកន្លែងជួបគ្នា​ជាមួយលោក គីម ជុងអ៊ុន សារព័ត៌មាន​បរទេសធំ​ៗបានជាច្រើន​ចុះផ្សាយ​ពីប្រទេស​វៀតណាម។  

សារព័ត៌មាន​ធំៗខ្លះ ​ចុះផ្សាយពីមូល​ហេតុដែល​វៀតណាមត្រូវបាន​ជ្រើសរើស។ មូលហេតុ​ដែល​សារព័ត៌មាន​ទាំងនោះរៀបរាប់​ជា​អាទិ៍ រួមមាន​ កត្តាប្រវត្តិសាស្រ្តដែលវៀតណាម​ប្រែក្លាយអាមេរិកដែល​ធ្លាប់​ជាសត្រូវឲ្យក្លាយជាមិត្ត ទំនាក់ទំនងល្អ​ទាំង​ជាមួយកូរ៉េខាងជើង និងអាមេរិក និង​សន្តិ​សុខរបស់ប្រទេសនេះជាដើម។

ការរៀបរាប់​របស់​បណ្ដាញសារព័ត៌មាន​ទាំងនោះ វាប្រាកដ​ណាស់ថា​ នឹង​ជួយឲ្យ​អ្នក​វិនិយោគបរទេសមួយចំនួនសម្លឹង​ឃើញ​ពី​សក្ដានុពលរបស់​ប្រទេសនេះ។ ជាក់ស្តែង នាយករដ្ឋវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅ ក៏បាន​លើកឡើងផងដែរនូវការធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ជាសញ្ញាល្អប្រាប់ទៅអ្នកវិនិយោគថា វៀតណាមមានសុវត្ថិភាពអាចជឿទុកចិត្តបានក្នុងការប្រកបរបរទទួលទាន​។​

សារព័ត៌មាន​មួយចំនួន​ទៀត ក៏បាន​ធ្វើការទស្សន៍ទាយដោយវិភាគ​​ពីទីតាំងថា​ តើទីក្រុង​ហាណូយ ឬ ដាណាង ដែល​ត្រូវបាន​ជ្រើសរើសជាកន្លែងជួបគ្នារវាងលោក ដូណាល់ ត្រាំ និង​ លោក គីម ជុងអ៊ុន។ សារព័ត៌មានទាំងនោះ បាន​រៀបរាប់​ពីគុណសម្បត្តិនានានៃតំបន់​ទាំងពីរនេះ​។ ការនិយាយរៀបរាប់​ពីតំបន់​ទាំងនោះ ធ្វើឲ្យគេស្គាល់​កាន់​តែច្បាស់​ពីតំបន់ទេសចរណ៍របស់វៀតណាម។

តិច ឬច្រើនតាមរយៈការចុះផ្សាយ​ទាំងនោះ ទេសចរបរទេស​ប្រាកដជានឹងមក​ទស្សនា​ប្រទេសកុម្មុយនីស្តមួយនេះ។

ក្រៅពីការ​ទាក់​ទាញវិនិយោគិន និង​ភ្ញៀវទេសចរ ផលចំណេញមួយ​​ទៀតដ៏ធំ​ដែល​វៀតណាម​ទទួលបាន គឺកិត្យានុភាព​របស់​ប្រទេសនេះនៅលើឆាក​អន្តរជាតិ។ ​ការ​ធ្វើ​ជាម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំ​នេះ ​បង្ហាញប្រាប់​ពី​សមត្ថភាព​របស់​ប្រទេស​នេះ ក្នុងការរៀបចំកិច្ចប្រជុំ​កំពូលធំៗថ្នាក់​អន្តរជាតិ។

ការទទួល​ខុសត្រូវរបស់​វៀតណាមក្នុងការ​រៀបចំជំនួបនេះ ក៏ជាជោគជ័យផ្នែកការទូតមួយដ៏ធំ​​ផងដែរក្នុងការទប់ទល់​ជាមួយប្រទេសចិន​ដែល​ជាអ្នកជិតខាងរបស់​ខ្លួន។​

ជំនួបជាប្រវត្តិសាស្រ្តជាលើកទី២រវាងលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ