មីយ៉ាន់ម៉ានៅតែរក្សាឥរិយាបថទន់ភ្លន់ជាមួយ EU ដើម្បីរក្សា EBA

កម្មការិនីរោងចក្ររបស់ មីយ៉ាន់ម៉ា(រូបពី Myanmar Times)

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សហភាពអឺរ៉ុបបានសម្រេចរៀបចំនីតិវិធីក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធពីមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារធ្ងន់ធ្ងរ។​

ទោះយ៉ាងណា រាល់ដំណាក់កាលរបស់សហភាពអឺរ៉ុប សុទ្ធតែបញ្ជាក់ថា នៅតែរក្សាការចរចាជាមួយប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធរហូត។​

របាយការណ៍ក្រុមការងារស៊ើបអង្កេតអង្គការសហប្រជាជាតិបង្ហាញថា រដ្ឋាភិបាលមីយ៉ាន់ម៉ា ពាក់ព័ន្ធការប៉ុនប៉ងសម្លាប់ផ្តាច់ពូជលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន ដែលបានកើតឡើងកាលពីខែសីហា ឆ្នាំ២០១៧។​

យោធាមីយ៉ាន់ម៉ាក៏រងការចោទថា បានរំលោភផ្លូវភេទលើស្ត្រីនិងកុមារជនជាតិភាគតិចនេះ មានការធ្វើទារុណកម្ម និងដុតបំផ្លាញផ្ទះអ្នកភូមិ ដោយសារតែការរើសអើងពូជសាសន៍ រហូតដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ៧០០ ០០០នាក់ រត់គេចខ្លួនទៅបង់ក្លាដេស។​

ក្រុមការងារស្វែងរកការពិតរបស់អឺរ៉ុបចាប់ផ្តើមស្រាវជ្រាវនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក៏រកឃើញថា មីយ៉ាន់ម៉ាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយមិនបានដោះស្រាយឲ្យមានភាពប្រសើរឡើងទេ។​

ការឆ្លើយតប

ក្រោយការប្រកាសវិធានការរបស់អឺរ៉ុប គឺសភាពាណិជ្ជកម្មនៃសហភាពសហព័ន្ធមីយ៉ាន់ម៉ា (UMFCCI) សហការជាមួយសហព័ន្ធសហជីពពាណិជ្ជកម្មមីយ៉ាន់ម៉ា (CTUM) និងសហព័ន្ធឧស្សាហកម្មមីយ៉ាន់ម៉ាសិប្បកម្មនិងសេវាកម្ម (MICS) បានចេញសេចក្តីថ្លែងការណ៍រួមមួយអំពាវនាវដល់ សហភាពអឺរ៉ុបឲ្យបន្តផ្តល់គម្រោង Everything But Arms (EBA) ដែលជាផ្នែកមួយនៃ ប្លុករបស់ GSP ។

ពួកគេលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធនេះបានជួយឲ្យមីយ៉ាន់ម៉ាទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍ និងពង្រឹងសន្តិភាព។​

ចំណែករដ្ឋាភិបាលមីយ៉ាន់យ៉ានៅតែព្យាយាមបកស្រាយប្រាប់ទៅអន្តរជាតិថា អ្វីដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនធ្ងន់ធ្ងរដូចរបាយការណ៍ចំនួននោះទេ។ រដ្ឋាភិបាលនេះក៏បានបញ្ជាក់ដែរថា ហិង្សាកើតឡើងមិនមែនជាការចង់សម្លាប់ផ្តាច់ពូជពួករ៉ូហ៊ីងយ៉ាទេនោះ គឺដោយសារតែក្រុមបះបោររ៉ូហ៊ីងយ៉ាចង់ផ្តាច់ខ្លួន និងបានវាយប្រហារនិងសម្លាប់មន្ត្រីនគរបាលកាលពីឆ្នាំ២០១៧។​

នៅក្នុងកិច្ចប្រជុំមួយនៅសិង្ហបុរីកាលពីឆ្នាំ២០១៨ នៅចំពោះមុខមេដឹកនាំអាស៊ាន និងមេដឹកនាំថ្នាក់តំបន់ផ្សេងទៀត លោកស្រី អ៊ុង​សាន ស៊ូជី បានសុំឲ្យអន្តរជាតិទុកពេលវេលាសមស្របមួយដើម្បីឲ្យប្រទេសលោកស្រី ដោះស្រាយបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​ ដោយលោកស្ត្រី ប្តេជ្ញាដោះស្រាយដោយសន្តិវិធី។

នៅលើឆាកអន្តរជាតិ នយោបាយការទូត មីយ៉ាន់ម៉ាមិនដែលវាយប្រហារខ្លាំងណាមួយលើប្រទេសលោកសេរី និងអឺរ៉ុបទេ គឺមានតែបញ្ជាក់ពីជំហរសហការក្នុងការស្រាវជ្រាវរកការពិត។​ រហូតដល់ដើមឆ្នាំ២០១៩នេះ ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនៅមីយ៉ាន់ម៉ាមិនទាន់មានអ្វីវិវត្តថ្មីទៀតទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ