ជំងឺប៉េសជ្រូកអាហ្វ្រិក​រីករាល​ដាល​ដល់ប្រទេសវៀតណាម​

កសិដ្ឋានមួយកន្លែងនៅក្នុងប្រទេសចិន (រូបភាព៖ Chinatopix/AP)

ជំងឺប៉េសជ្រូកអាហ្វ្រិកដែលផ្ទុះរាលដាលឡើងនៅក្នុងប្រទេសចិនកាលពីខែសីហាកន្លងទៅ កំពុងកើតឡើងនៅ​ប្រទេសវៀតណាម​។

នាយកដ្ឋានសុខភាពសត្វវៀតណាម​ បាន​ចេញ​សេចក្តីប្រកាសព័ត៌មានមួយថា ​ជំងឺប៉េស​នេះ បានផ្ទុះឡើង​ក្នុងខេត្តភាគខាងត្បូងទីក្រុងហាណូយ។​

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ បានដកស្រង់​សេចក្តីប្រកាស​ព័ត៌មាន​នោះមកចុះផ្សាយ​ថា​ អាជ្ញាធរវៀតណាម​​ថា ជ្រូក​ដែល​ចិញ្ចឹម​នៅ​​កសិដ្ឋាន​បីកន្លែងផ្សេងគ្នា​នៅ​ខេត្ត​ហ៊ុងយេន និង តៃប៊ិញ ត្រូវបាន​សម្លាប់ចោល ដោយសារតែពួកវាបាន​ឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក ។ ទោះយ៉ាងណាក៏ដោយមន្រ្តីវៀតណាម​ បាន​អំពាវនាវទៅពលរដ្ឋរបស់​ខ្លួន​​កុំ​ឲ្យមានការព្រួយបារម្ភ​ ព្រោះថា​ជំងឺនេះមិនឆ្លងទៅមនុស្សនោះទេ។ អាជ្ញាធរប្រទេសនេះ ក៏បាន​លើកឡើងផងដែរថា ​ប្រជាពលរដ្ឋនៅតែ​អាចបរិភោគ​សាច់ជ្រូកបាន ហើយមិនគួរធ្វើ​​ពហិការផលិតផល​សាច់ជ្រូក​នោះទេ។​

អាជ្ញាធរវៀតណាម​ បានឲ្យដឹងផងដែរ​ថា មូលហេតុដែល​ធ្វើ​ឲ្យពិបាក​ក្នុងការទប់ស្កាត់​ជំងឺនេះ ដោយសារតែ​មានការរត់ពន្ធសត្វ​តាម​បណ្ដោយព្រំដែន និង​ភ្ញៀវទេសចរដែល​ធ្វើដំណើរមក​កម្សាន្តនៅប្រទេសនេះ។

ប្រជាជន​វៀតណាម ប្រហែល​៣០លាននាក់ប្រកបរបរ​ចិញ្ចឹម​ជ្រូកសម្រាប់​លក់​ និងទទួល​ទានក្នុងស្រុក។ សាច់ជ្រូក​ ជាប្រភេទសាច់ដែលជនជាតិ​​វៀតណាម​ចូលចិត្ត​បរិភោគ​ជាងគេ​ ដែល​មានប្រហែល​៧៥ភាគរយនៃផលិតសាច់សរុបក្នុងប្រទេសនេះ។

​កាលពីថ្ងៃ​ទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរ​កោះតៃវ៉ាន់ រកឃើញថា សាច់ជ្រូកក្នុងសាំងវិចដែល​នាំចូលមកពី​វៀតណាម​មាន​ផ្ទុក​ជំងឺប៉េសជ្រូក​អាហ្រ្វិកនេះ។

កាល​ពីខែសីហាកន្លងទៅ ជំងឺប៉េសជ្រូកអាហ្រ្វិក បាន​រីករាល​ដាល​ក្នុងខេត្តនិងតំបន់​ចំនួន​​២៥ នៅប្រទេស​ចិន ដែល​ពេលនោះ​អាជ្ញាធរ​ចិនបាន​សម្លាប់ជ្រូក​ចោល​រាប់​ម៉ឺនក្បាល។  

ភ្លាមៗក្រោយការផ្ទុះ​ជំងឺនេះ អង្គការ​ស្បៀងអាហារ និង​កសិកម្ម ហៅកាត់ថា​ FAO​ បាន​ព្រមាន​ថា​​ជំងឺប៉េស​ជ្រូក​អាហ្វ្រិកដែល​​កើតឡើង​នៅចិន​ អាច​រីក​រាល​ដាល​ដល់​ប្រទេសផ្សេងទៀតនៅតំបន់​​អាស៊ី​។ អង្គការដដែលនេះ ឲ្យ​ដឹង​ថា មេរោគ​ប៉េស​ជ្រូកអាហ្វ្រិកជាមេរោគ​ដែល​ធន់​​ខ្លាំងហើយ​អាចរស់​នៅបាន​យូរ ពោល​គឺវា​អាចស៊ាំនឹង​អាកាសធាតុ​​ក្តៅខ្លាំង ត្រជាក់​ខ្លាំង ហើយ​មិនត្រឹម​តែប៉ុណ្ណោះ​ វា​ថែម​ទាំង​អាច​រស់​នៅ​បាន​ក្នុង​ផលិត​ផល​សាច់ជ្រូកក្រៀម​ទៀត​ផង។

បើតាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម ជំងឺប៉េស​ជ្រូក​អាហ្វ្រិក មិនបង្ក​ផល​​ប៉ះពាល់​ដល់​សុខភាព​មនុស្សទេ។ ប៉ុន្តែ ពុំមាន​វ៉ាក់សាំង​ណាមួយ​ដែល​អាច​​ចាក់​ការពារ​ជ្រូក​មិន​ឲ្យ​ឆ្លង​និងកើតជំងឺនេះឡើយ។​

ប៉េស​ជ្រូក​អាហ្វ្រិក បាន​​ផ្ទុះ​ខ្លាំងកាលពីទស្សវត្ស​ឆ្នាំ​១៩៦០​នៅអឺរ៉ុប ​និង​អាមេរិក។ ដោយសារតែមាន​ប្រវត្តិនៃការផ្ទុះនិងការសាយ​ភាយ​នៅតំបន់​ផ្សេង​ៗគ្នា​បែបនេះ ទើបអង្គការ​ស្បៀងអាហារ និង​កសិកម្ម យល់​ថា​ជំងឺនេះអាច​រីករាលដាល​ដល់​ប្រទេសជិត​ខាង​ជាពិសេស​ប្រទេសនៅតំបន់​អាស៊ី​អាគ្នេយ៍ និង​ឧបទ្វីបកូរ៉េ ព្រោះប្រទេសក្នុងតំបន់​ទាំង​នេះ​មាន​តម្រូវ​ការ​សាច់ជ្រូកខ្ពស់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ