តុលាការ ​ចោទ​ប្រកាន់​​មនុស្ស​ជំនិត​អតីត​នាយករដ្ឋមន្រ្តី​​ម៉ាលេស៊ី​ពីបទលាងលុយ​

អតីតនាយករដ្ឋមន្ត្រីម៉ាលេស៊ី លោក ណាជីប រ៉ាហ្សាក់ និងទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីម៉ាលេស៊ីរូបនេះ មាន​ឈ្មោះថា ​Paul Stadlen

តុលាការប្រទេសម៉ាលេស៊ី កាល​ពីម្សិលមិញ​ បានសម្រេចធ្វើការ​ចោទប្រកាន់​ទីប្រឹក្សា​អតីតនាយករដ្ឋមន្រ្តី លោក ណាជីប រ៉ាហ្សាក់ ពីបទលាងលុយកខ្វក់​។

ទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីម៉ាលេស៊ីរូបនេះ មាន​ឈ្មោះថា ​Paul Stadlen ជាជន​ជាតិអង់គ្លេស។ តាមការចុះផ្សាយរបស់​សារព័ត៌មាន​ Channel News Asia អតីតប្រធាន​ផ្នែក​ទំនាក់​ទំនងសាធារណៈរបស់​លោក ណាជីប រ៉ាហ្សាក់  ត្រូវបាន​តុលាការចោទប្រកាន់​ទាក់​ទងនឹងការលាង​លុយ​ចំនួន​ពីរករណី​ ដែលមាន​តម្លៃជាទឹកប្រាក់​ ៣.២លានដុល្លារ។

យោងតាម Channel News Asia លោក Paul Stadlen មិនមាន​វត្តមាននៅក្នុងសវនាការ​កាលពីម្សិលមិញនោះទេ។ ​បុរសជនជាតិ​អង់គ្លេស​រូបនេះ បាន​គេចខ្លួនចេញពីប្រទេសម៉ាលេស៊ី បន្ទាប់ពីគណបក្សរបស់លោក ណាជីប​ រ៉ាហ្សាក់ បានចាញ់ការ​​បោះឆ្នោត​​កាល​ពី​ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។

លោក Paul Stadlen ជាប្រធានក្រុមហ៊ុនដែល​ធ្វើការ​លើ​ផ្នែក​ទំនាក់​ទំនងសាធារណៈឈ្មោះថា​ Apco Malaysia។ លោក បានជួយធ្វើ​យុទ្ធនាការផ្សព្វផ្សាយនានា ដើម្បី​​ឲ្យមហាជន​ម៉ាលេស៊ីចាប់​អារម្មណ៍លោក ណាជីប រ៉ាហ្សាក់។  ប្រសិន​បើ​តុលាការម៉ាលេស៊ីរកឃើញ​ដូចការចោទប្រកាន់មែន លោក Paul Stadlen  អាចប្រឈម​នឹង​ការជាប់ពន្ធនាគារ៥ឆ្នាំ ឬ បង់ប្រាក់​ពិន័យ​ជាង១លានដុល្លារ ឬ ទទួល​ទោសទាំងពីរនេះ។​​

ការលាងលុយ​នោះ ត្រូវបាន​តុលាការរក​ឃើញថា​ ជាប់​ទាក់​ទងនឹងការកឹបកេងប្រាក់ក្នុង​​គម្រោង​ 1 Malaysia Development Berhad (1MDB)។

1 Malaysia Development Berhad ជាគម្រោងដែល​បង្កើតឡើង​ដោយនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ កាលពីឆ្នាំ២០០៩ ក្នុងគោលបំណងទាក់ទាញ​អ្នកវិនិយោគបរទេសឲ្យ​បណ្ដាក់​ទុន​រកស៊ី​នៅម៉ាលេស៊ី។ ប៉ុន្តែ គម្រោង​នេះ ត្រូវបាន​គេរិះគន់ថា ហ៊ុមព័ទ្ធដោយអំពើពុករលួយ។ គណៈកម្មាធិការ​រដ្ឋសភាម៉ាលេស៊ី បាន​រកឃើញ​ថា​ ​មានភាពមិនប្រក្រតីជាច្រើនទាក់ទងនឹង​ប្រតិបត្តិការសាច់ប្រាក់ជាង​​​៤​ពាន់​លានដុល្លារក្នុង​គម្រោង 1MDB នេះ។

ទាក់​ទងនឹងបញ្ហានេះ ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់​ថា លោក ណាជីប រ៉ាហ្សាក់ និងមន្រ្តីរបស់លោក ត្រួវបាន​ក្រុមហ៊ុនមួយ​ឈ្មោះ Jho Low ជួយសម្រួល​ឲ្យទឹកប្រាក់​ដែល​កេងប្រវ័ញ្ចពីគម្រោង​ 1 Malaysia Development Berhad មើលទៅដូចជាទឹកប្រាក់​ដែលបាន​មក​ពីការប្រកបរបរដែល​ស្រប​ច្បាប់។ តាមរយៈវិធីនេះ ទឹក​ប្រាក់ចំនួន៦៨១លានដុល្លារ ត្រូវបាន​ដាក់​ចូលក្នុងគណនីផ្ទាល់ខ្លួន​របស់លោក ណាជីប រ៉ាហ្សាក់។

អាជ្ញាធរប្រទេសចំនួន៥ រួមមាន​ ​ម៉ាលេស៊ី សឹង្ហបុរី សហរដ្ឋអាមេរិក អង់គ្លេស ស្វីស និងទឹកដីស្វយ័តហុងកុង កំពុង​ស៊ើបអង្កេតលើរឿងអាស្រូវនៃការប្រព្រឹត្តអំពើពុករលួយក្នុងគម្រោង ​1 Malaysia Development Berhad នេះ។

ចាប់តាំងពីអស់​អំណាចមក លោក ណាជីប រ៉ាហ្សាក់ ត្រូវបាន​ឃាត់ខ្លួន​ចំនួន​៤លើករួចមកហើយ។ អតីតនាយករដ្ឋមន្រ្តីម៉ាលេស៊ីរូបនេះ ក៏កំពុង​ប្រឈមនឹងការស៊ើបអង្កើត​លើបទចោទចំនួន៤២ករណី ដែលក្នុងនោះរួមមាន​ការប្រព្រឹត្តអំពើពុករលួយ ការលាងលុយកខ្វក់​ និង​ការរំលោភអំណាចជាដើម។

ទោះយ៉ាងណាក៏ដោយ លោក ណាជីប រ៉ាហ្សាក់ បាន​បដិសេធថាលោកមិនបាន​ប្រព្រឹត្តដូចការចោទប្រកាន់​ទាំងអស់នោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ