វៀតណាមជាប្រទេសកុម្មុយនីស្តកំពុងតែអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ហើយបានទទួលយកលក្ខខណ្ឌមួយចំនួន ដើម្បីភ្ជាប់ខ្លួនជាមួយបណ្តាប្រទេសលោកសេរី ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
សេដ្ឋកិច្ចវៀតណាមកំពុងតែមានការប្រែប្រួលទៅរកភាពប្រសើរឡើងច្រើន ដោយសារតែមានការជួយជ្រោមជ្រែងដោយផ្ទាល់ និងដោយប្រយោលពីប្រទេសកាន់របបសេរី។
វៀតណាម និង អាមេរិក
បើរំឭកពីអតីតកាលជាង៤០ឆ្នាំមុន គឺចន្លោះឆ្នាំ១៩៥៥ ដល់១៩៧៥ គឺជាព្រឹត្តិការណ៍សង្គ្រាមរវាងអាមេរិកនិងវៀតណាម បណ្តាលឲ្យកងទ័ពអាមេរិកពី៦ទៅ៧ម៉ឺននាក់ស្លាប់ ចំណែកជនស៊ីវិល និងកងទ័ពវៀតណាមស្លាប់អស់រាប់លាននាក់។ ប៉ុន្តែ បច្ចុប្បន្នមេដឹកនាំប្រទេសទាំងពីរចាប់ដៃ និងឱបគ្នាដូចគ្មានអ្វីកើតឡើង។
ចាប់តាំងពីឆ្នាំ២០១៦ ក្រោយពេលអាមេរិកសម្រេចដកទណ្ឌកម្មអាវុធចេញពីវៀតណាមមក ទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។
នៅឆ្នាំ២០១៩នេះ ទំនាក់ទំនងរវាងអាមេរិកនិងវៀតណាមកាន់តែស្និទ្ធ គឺជើងហោះហើរវៀតណាមអាចហោះផ្ទាល់ទៅអាមេរិក ចំណែកក្រុមហ៊ុនយក្សពីររបស់អាមេរិកគឺ Google និង Facebook ក៏បានបើកការិយាល័យក្នុងប្រទេសវៀតណាម។
វៀតណាម និង អឺរ៉ុប
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ វៀតណាម និងសហភាពអឺរ៉ុប បានបញ្ចប់ដំណើរការចរចា និងយល់ព្រមលើការចុះកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA)។
គោលការណ៍ចូលជាតំបន់ពាណិជ្ជកម្មសេរី គឺភាគីទាំងពីរអាចនាំទំនិញទៅលក់នៅក្នុងតំបន់គ្នាទៅវិញទៅមកដោយកាត់បន្ថយពន្ធ៩៩ភាគរយ និងបង្កើតវិធានការនានាដើម្បីការពារផលប្រ យោជន៍ភាគីទាំងពីរ។
ហេតុអ្វីវៀតណាមមិនបារម្ភអាមេរិក និង អឺរ៉ុបជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង?
រាល់ជំនួបនានាទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប តែងតែជំរុញឲ្យវៀតណាមដោះលែងអ្នកតស៊ូមតិប្រឆាំងរដ្ឋាភិបាល ក៏ដូចជាជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស។ ជាការឆ្លើយតបកន្លងមក វៀតណាមតែងតែលើកឡើងពីទុក្ខលំបាករបស់ខ្លួន ហើយក៏មានការដោះលែងអ្នកជាប់ឃុំម្នាក់ឬ ២នាក់ ហើយក៏បានសន្យាព្យាយាមធ្វើឲ្យមានភាពប្រសើរឡើង។
បើគ្រាន់តែមានការដោះលែងអ្នកតស៊ូមតិតាមអ៊ិនធើណែតម្នាក់ ឬ ២នាក់ប្រហែលមិនអាចធ្វើឲ្យអាមេរិកនិងអឺរ៉ុបជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបានទេ ខណៈបច្ចុប្បន្ន វៀតណាមជាប្រទេសលេចធ្លោក្នុងតំបន់ដែលបង្កើនថវិកាក្នុងវិស័យការពារជាតិ។
បើវៀតណាមមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង និងវិស័យការពារជាតិរឹងមាំនោះ ប្រទេសមហាអំណាចកាន់តែមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបាន ព្រោះក្នុងអតីតកាលប្រមាណ៥០ឆ្នាំមុន អាមេរិក និងបារាំងសុទ្ធតែចាញ់សង្គ្រាមនៅវៀតណាម។