មន្ត្រី​អះ​អាង​ថា សមត្ថកិច្ច​​កំពុង​ស្វែង​រក​ជន​ល្មើស​​បាញ់​សម្លាប់​ដំរី​កាត់​យក​ភ្លុក​នៅ​ខេត្ត​មណ្ឌលគិរី

សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ បន្ទាប់​ពី​​ដំរី​ឈ្មោល​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់ ហើយ​ភ្លុករបស់​វា​ត្រូវ​បាន​កាត់​យក នៅ​ឯ​ខេត្ត​មណ្ឌលគិរី។ រូបភាព៖ Bayontv

មន្ត្រី​បរិស្ថាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​រក​ជន​ល្មើស​ បន្ទាប់​ពី​​ដំរី​ឈ្មោល​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់ ហើយ​ភ្លុករបស់​វា​ត្រូវ​បាន​កាត់​យក នៅ​ឯ​ខេត្ត​មណ្ឌលគិរី។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា មន្ត្រី​ឧទ្យានុរក្ស​នៅ​ខេត្ត​មណ្ឌលគិរី បាន​ប្រទះ​ឃើញ​សាក​សព​ដំរី​វ័យ​ចំណាស់​មួយ​ក្បាល ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីម៉ា។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ដំរី​នោះ​អាច​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ជាង ១០​ថ្ងៃ​មុន ហើយ​ភ្លក់ និង​កន្ទុយ​របស់​វា ត្រូវ​បាន​គេ​កាត់​ចេញ​ពី​ខ្លួន​របស់​វា​ផង​ដែរ។

លោក នេត្រ ភក្ត្រា បាន​អះ​អាង​ថា សមត្ថកិច្ច​កំពុង​តែ​ស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​រក​ជន​ល្មើស​ដែល​បាន​បាញ់​សម្លាប់​ដំរី​ឈ្មោល​វ័យ​ចំណាស់​នោះ។

របាយការណ៍​ស្រាវ​ជ្រាវ​អំពី​ចំនួន​ដំរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០១ បាន​ប៉ាន់​ប្រមាណ​ថា ដំរី​ព្រៃ​នៅ​កម្ពុជា មាន​ចំនួន​ចន្លោះ​ពី ៤០០ ទៅ ៦០០​ក្បាល​នៅ​ទូទាំង​ប្រទេស ដែល​បង្ហាញ​ថា សត្វ​ដំរី​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ពី​ប្រទេស​កម្ពុជា​នៅ​ពេល​អនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ