លោក ហ៊ុន សែន អំពាវ​នាវ​ទៅ​​ពលរដ្ឋកុំឲ្យ​ព្រួយ​បារម្ភ​អំពី​ជំងឺ​​ឆ្កែឆ្កួត ខណៈ​ពលរដ្ឋ​សម្រុក​មក​រក​សេវា​នៅ​ភ្នំពេញ

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​មក​ពី​បណ្ដា​ខេត្ត​នានា បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឆ្កែ​ឆ្កួត​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ រូបភាំព៖ ណាត សុភាព / ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅ​ដល់ប្រជាពលរដ្ឋកុំឲ្យភ័យ​ស្លន់​ស្លោ​ទៅ​នឹង​ជំងឺឆ្កែឆ្កួត ដោយថា រដ្ឋាភិបាលកំពុង​យកចិត្តទុក​ដាក់​ផ្តល់សេវា​ចាក់​ថ្នាំវ៉ាក់សាំងនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីខេត្ត។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋមកពីបណ្តាខេត្ត-រាជធានី សម្រុកឡើងមក​រកសេវា​ចាក់​ថ្នាំ​វ៉ាក់សាំងនៅវិទ្យាស្ថាន​ប៉ាស័្ទរក្នុងរាជធានីភ្នំពេញ ក្រោយពីក្មេងស្រីម្នាក់អាយុ ១០ឆ្នាំ រស់នៅខេត្តស្វាយរៀង ត្រូវបានឆ្មាខាំ និងក្រញៅ បណ្តាលឲ្យឆ្លងជំងឺឆ្កែឆ្កួតស្លាប់ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា ប្រជាពល​រដ្ឋមួយចំនួនដែលឆ្កែខាំ និងខ្លះទៀតឆ្កែមិនខាំ កំពុង​តែស្វែងរកសេវាចាក់វ៉ាក់សាំងនៅវិទ្យាស្ថានប៉ាស្ទ័រ។ ករណីនេះ លោកថ្លែងថា កុំឲ្យប្រជាពលរដ្ឋ​តក់ស្លុតពាក់ព័ន្ធជំងឺឆ្កែឆ្កួតខាំនេះ ដោយថា រដ្ឋាភិបាលបានណែនាំមន្ត្រីជំនាញឲ្យពង្រាយ​សេវា​ចាក់​វ៉ាក់សាំងនៅតាមមន្ទីរពេទ្យនៅរាជធានី-ខេត្ត ឬក៏អាចឲ្យគ្លីនិក​ឯកជន ជួយផ្តល់សេវាវ៉ាក់សាំងនេះបន្ថែមទៀត​ផងដែរ​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានក្រើនរំលឹក​ដល់ប្រជាពលរដ្ឋ កុំឲ្យ​ទៅប្រលែងលេងជាមួយឆ្កែ ឬសត្វមានពិស។

វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​ថា ស្ថាប័ន​មួយ​នេះ​កំពុង​ព្យាយាម​ផ្ដល់​សេវា​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ ប៉ុន្តែ ថា ផ្ដល់​អទិភាព​ដល់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ឆ្កែខាំ​ធ្ងន់​ធ្ងរ កុមារតូចៗ ព្រះសង្ឈ ជនពិការ មនុស្សចាស់ជរា និងស្រ្តីមានផ្ទៃពោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ