សហគមន៍​អន្តរជាតិ អំពាវឲ្យ​លោក ម៉ាឌូរ៉ូ កុំ​រារាំងការផ្ដល់​ជំនួយមនុស្សធម៌ដល់​ពលរដ្ឋ

ភាពទាល់ច្រករវាងប្រធានាធិបតីនីលោក Nicolás Maduro និងមេដឹកនាំគណបក្សប្រឆាំងលោក Juan Guaidó កាន់តែខ្លាំងនៅពេលភាគីទាំងពីរបានប៉ះទង្គិចគ្នាជុំវិញការបញ្ជូនជំនួយទៅក្នុងប្រទេសក្រីក្រ។ថ្ងៃទី 23 ខែកុម្ភៈឆ្នាំ 2019 | ជនជាតិវេណេហ្ស៊ុអេឡានៅ Cucuta ប្រទេសកូឡុំប៊ីទាមទារឱ្យប៉ូលីសថ្នាក់ជាតិអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌។ (Luis Robayo / AFP / Getty Images)

ក្រុម​ប្រទេសលោក​សេរី និង​អង្គការ​អន្តរជាតិ​នានា​ បាន​អំពាវ​ដល់​លោក នីកូឡាស ម៉ាឌូរ៉ូ បញ្ឈប់​រាល់​សកម្មភាពទាំងឡាយ​ណា ដែល​មាន​ចេតនារាំងខ្ទប់​ការ​ផ្ដល់​ជំនួយមនុស្សធម៌ដល់​ពលរដ្ឋវេណេស៊ុយអេឡា។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់​ពីក្រុម​យោធារបស់​លោក​ ម៉ាឌូរ៉ូ បាន​រារាំងមិន​ឲ្យក្រុម​មនុស្សធម៌យកជំនួយ​ផ្ដល់ឲ្យប្រជាជន​វេណេស៊ុយអេឡា​នៅតាម​ព្រំដែនជាមួយប្រទេស​ប្រេស៊ីល និង​កូឡុំប៊ី កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ការរាំងខ្ទប់​របស់ក្រុម​យោធានេះ បាន​បង្កឲ្យមានការប៉ះទង្គិចគ្នា​ដោយ​ហិង្សាជាមួយក្រុមពលរដ្ឋដែលនៅចាំទទួលយកជំនួយ។ ហេតុការណ៍នេះ បាន​នាក់បណ្ដាលឲ្យពលរដ្ឋ​៤នាក់បាត់​បង់ជីវិត​ ហើយជាង៣០០នាក់ផ្សេងទៀតបាន​រងបួស។

ក្នុងសេចក្តីថ្លែងការណ៍​មួយដែល​ចេញ​ភ្លាម​ៗក្រោយការប៉ះទង្គិចគ្នាដោយហិង្សា រដ្ឋាភិបាល​កាណាដា បានលើកឡើងថា វាមានរយៈពេលពីរ​ឆ្នាំហើយដែលពិភពលោកបានឃ្លាំមើល និងបង្ហាញ​ក្តីបារម្ភចំពោះការដឹកនាំរបស់​លោក ម៉ាឌូរ៉ូ ដែល​ឈានទៅរក​របប​ផ្ដាច់ការ។ រដ្ឋាភិបាលប្រទេសនេះ បានលើកឡើង​ទៀតថា ពលរដ្ឋវេណេស៊ុយអេឡាជាច្រើនកំពុងត្រូវការ​ជំនួយយ៉ាងខ្លាំង ហើយមួយចំនួន​ទៀតបានភៀសខ្លួន​ចេញពីប្រទេស។ ស្ថានភាពនេះ បង្ហាញ​កាន់តែច្បាស់ថែមទៀត​ថា របបរបស់​លោក ម៉ាឌូរ៉ូ  ត្រូវតែអនុញ្ញាតឲ្យមានការនាំចូលជំនួយ​មនុស្ស​ធម៌ គ្មាន​ការរារាំងពីសំណាក់កងកម្លាំងណាមួយឡើយ។

សេចក្តីថ្លែងការណ៍ដដែល បន្តថា ​ប្រទេសកាណាដាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សាប្រព្រឹត្តដោយរបបលោក ម៉ាឌូរ៉ូ ដែលត្រូវបានរៀបចំឡើងដើម្បីទប់ស្កាត់ការបញ្ជូនជំនួយសង្គ្រោះពីប្រទេសជិតខាង។ កាណាដា ក៏បានអំពាវនាវឲ្យមានស៊ើបអង្កេតករណីការវាយប្រហារដោយហិង្សាទាំងនោះ​ ហើយត្រូវនាំជនល្មើសយកទៅជំនុំជម្រះ ។

សហភាពអឺរ៉ុប ក៏បាន​លើកឡើងស្រដៀងគ្នានឹង​ប្រទេសកាណាដា​ផងដែរ។ តាម​រយៈសេចក្តីប្រកាសព័ត៌មានដែល​ចេញ​ផ្សាយកាលពីម្សិលមិញ សហភាពអឺរ៉ុប បានរិះគន់ថា ​ការបដិសេធ​មិនឲ្យជំនួយមនុស្សធម៌ចូលក្នុងប្រទេសវេណេស៊ុយអេឡា នឹងធ្វើឲ្យស្ថានការណ៍ក្នុងប្រទេស​​នេះ​កាន់តែមានភាពតានតឹងឡើងថែមទៀត។

សហភាពអឺរ៉ុប បានស្នើឲ្យម​ន្រ្តីអនុវត្តន៍ច្បាប់ និង​កងកម្លាំងវេណេស៊ុយអេឡាទាំងអស់ត្រូវរក្សាភាព​អត់ធ្មត់ ជៀសវាងការប្រើប្រាស់​កម្លាំងណាមួយ ហើយត្រូវអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូល​ប្រទេសនេះ។

កាលពីម្សិលមិញ អង្គការសហប្រជាជាតិ ក៏បាន​ទទូចឲ្យ​ភាគី​ពាក់ព័ន្ធទាំងអស់​ត្រូវ​រក្សាភាពស្ងៀមស្ងាត់​។ ស្ថាប័នអន្តរជាតិ​នេះ បានជំរុញឲ្យ​រដ្ឋាភិបាល​របស់​លោក ម៉ាឌូរ៉ូ ត្រូវតែបញ្ឈប់ការប្រើប្រាស់​កងកម្លាំង​ហួសហេតុ​​ ដើម្បី​ទប់ទល់​ជាមួយនឹង​ក្រុមបាតុករ និងពលរដ្ឋសាមញ្ញដែលគ្មានអាវុធទាល់តែសោះនៅក្នុងដៃ។

គួរបញ្ជាក់​ថា ជំនួយមនុស្សធម៌ភាគច្រើនជារបស់សហរដ្ឋអាមេរិក។ លោក ម៉ាឌូរ៉ូ​ បានដិសេធជំនួយទាំងនោះ​តាំងពីដំបូង​ ដោយថា អាមេរិក​នឹងប្រើលេស​ក្នុងការ​ផ្ដល់ជំនួយនេះ ដើម្បីឈ្លាន​ពានប្រទេសវេណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ បាន​ដាក់​កម្លាំងជាច្រើននៅតាម​បណ្ដោយព្រំដែនជាមួយប្រេស៊ីល និង​កូឡុំប៊ី ដើម្បី​រារាំង​ការចែក​ជំនួយដល់ប្រជាជន​វេណេស៊ុយអេឡា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ