រដ្ឋាភិបាលកាត់ដី​២៤០ហិកតាពីតំបន់​ការពារ​២​កន្លែង​នៅ​ខេត្តមណ្ឌលគិរី​ប្រគល់​ឲ្យគ្រួសារកងទ័ព និងនគរបាល

ដែនជម្រកសត្វព្រៃស្រែពក (រូបភាព៖ ហ្វេសប៊ុក Phorn Sophal)

ដី​ព្រៃ​ឈើ​ទំហំ ២៤០​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​កាត់​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ ២​កន្លែង​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ហើយ​ប្រគល់​ទៅ​ឲ្យ​គ្រួសារ​កង​ទ័ព និង​នគរបាល​ឈរ​ជើង​ការពារ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម។ នេះ​បើ​តាម​សៀវភៅ​ព្រះរាជ​កិច្ច។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងថា ការកាត់ផ្ទៃដីសរុបទំហំ ២៤០​ហិកតា ស្ថិតនៅឃុំដាក់ដាំស្រុកអូររាំង ឃុំក្រង់តេះ នៃស្រុកពេជ្រាដា និងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចេញពីដែនជម្រកសត្វព្រៃណាំលៀ និងដែនជម្រ​សត្វព្រៃស្រែពក ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ។

អនុក្រឹត្យបញ្ជាក់បន្ថែមថា រដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​សម្បទាន​​ដីទំហំ ២៤០​ហិកតា​នេះ ទៅ​ឲ្យ​គ្រួសារកងទ័ព និងនគរបាលជាតិដែលឈរជើង​ការពារ​តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

ដី​ព្រៃឈើ​ទំហំ​ជាង ២​ម៉ឺន​ហិកតា (២១,៩៣៣) ស្ថិត​នៅ​តំបន់​ភ្នំ​ណាំលៀ ត្រូវ​បាន​រដ្ឋាភិបាល​​កំណត់​ជា​​ដែន​ការពារ​ជម្រក​សត្វ​ព្រៃ​កាល​ពី​ឆ្នាំ​២០១៦ ដោយស្ថិតនៅក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ខណៈ​ដែល​ដី​ព្រៃ​ទំហំ​ជាង ៣​សែន ៧​ម៉ឺន​ហិកតា (៣៧២,៩៧១) ដែល​គ្រប​ដណ្ដប់​លើ​ស្រុក​កោះញែក ស្រុក​កែវសីមា ក្រុង​សែនមនោរម្យ និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ក៏​ត្រូវ​បាន​ដាក់​ជា​តំបន់​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ឆ្នាំ​២០១៦​ផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ