វិភាគ៖ តើមានអ្វីប្រែប្រួលទេនៅថ្ងៃឱសានវាទនៃល្បែងភ្នាល់របស់មេដឹកនាំ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក កឹម សុខា (កណ្ដាល) និងអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី (ស្ដាំ)

នៅដើមសប្តាហ៍ក្រោយនេះ ជាថ្ងៃចុងក្រោយ ឬជាឱសានវាទនៃការភ្នាល់គ្នា​រវាងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និង​មេដឹកនាំ​បក្ស​កាន់អំណាច​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពីលទ្ធភាពដោះលែង ឬមិនដោះ​លែងលោក កឹម សុខា​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ​នោះ។

លោក កឹម សុខា ពេលនេះ ព្រះរាជអាជ្ញានៅបង្គាប់​ឲ្យឃុំខ្លួនក្នុងផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញនៅឡើយ បន្ទាប់​ពី​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុវ ខេត្ត​ត្បូងឃ្មុំ ជិតព្រំដែនវៀតណាម អស់​រយៈ​ពេល​ជិត ១ឆ្នាំរួចមក។

ភាពចម្រូងចម្រាសនៃការចាប់ឃុំខ្លួនលោក កឹម សុខា បានជំរុញឲ្យសហរដ្ឋអាមេ​រិក និងសភា​ពអឺរ៉ុប​នាំមុ​ខប្លុក​លោ​កសេរី ដាក់​ស​​ម្ពា​ធ​ទៅ​រដ្ឋាភិបាល​​របស់លោក ហ៊ុន សែន ឲ្យស្តារប្រជាធិបតេយ្យឡើងវិញ​។ ប៉ុន្តែ​ ស្ថា​នការណ៍​ន​យោ​បា​យ មិន​ទាន់​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ឡើយទេ។

ក្នុងស្ថានភាពបែបនេះ បានជំរុញឲ្យចរន្តនយោបាយ​ដើរទៅរកប៉ូលពីរផ្ទុយគ្នា។ មេដឹកនាំ​បក្ស​​ប្រឆាំង អះអាងថា គំនាបពីសហគមន៍អន្តរជាតិនឹង​ធ្វើ​ឲ្យ​លោក ហ៊ុន​ សែន បង្ខំចិត្តដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី៣ ខែ​មិនា ឆ្នាំ​២​០១៩នេះ ​​យ៉ាងយូរ ដើម្បី​ឈាន​ទៅ​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ប៉ុន្តែ ​​មេដឹកនាំបក្សកាន់អំណាច​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានអះអាងថា មិនរងសម្ពាធអន្តរជាតិណាមួយទេ ហើយចំណាត់ការកន្លងទៅ​លើមេ​ដឹកនាំបក្ស​ប្រឆាំងថា ជាវិធានការច្បាប់របស់កម្ពុជា។

ភាពមិនចុះសម្រុងគ្នានេះ លោក សម រង្ស៊ី បានបបួលលោក ហ៊ុន សែន ភ្នាល់​ពីលទ្ធភាពដោះលែង​ ឬមិនដោះ​លែងលោ​​ក កឹម សុខា យ៉ាងយូរ​ត្រឹម​ថ្ងៃទី៣ ​ខែ​មិនា​សប្ដាហ៍​ក្រោយនេះ។

ល្បែងភ្នា​ល់ក្នុងសម័យទំនើប ដែលលោក សម រង្ស៊ី ភ្នាល់​ជាមួយលោក ហ៊ុន សែន គឺបានសន្យាថា បើលោក​ចា​​ញ់ ព្រមចូលឲ្យចាប់ខ្លួន តែ​បើ​ខ្លួន​ឈ្នះទាមទារឲ្យលោក ហ៊ុន សែន ត្រូវចុះចេញពី​តំណែ​ង​។ ចំណែកលោក ហ៊ុន​ សែន ដែល​កំពុង​តែ​មាន​អំណាច​ពេញ​ដៃ​បាន​ព្រម​ទទួល​យក​ការ​ភ្នាល់​ដាក់​ជីវិត​នយោបាយ​បែប​នេះ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។ រូបភាព៖ បណ្ដាញសង្គម

សំនួរត្រង់ថា តើមានអ្វីប្រែប្រួលទេនៅថ្ងៃឱសានវាទនៃល្បែងភ្នាល់នេះ?

អ្នកវិភាគនយោបាយលោក ឯម​ សុវណ្ណារ៉ា មានប្រសាសន៍ថា ថ្ងៃឱសានវាទនៃល្បែងភ្នាល់នេះ នឹងគ្មានដំ​ណោះ​ស្រា​យ​​ន​យោបាយណាមួយអាច​នឹង​កើតឡើងទេ លោកថា ព្រោះមេដឹកនាំទំាងពីរ បានប្រ​កាសរំលាយល្បែ​ងភ្នាល់នេះ​មុនឱ​សាន​វាទមកដល់រួចទៅហើយ។

លោក ឯម សុវណ្ណារ៉ា វិភាគថា ដំណោះស្រាយនយោបាយរវាងខ្មែរ និងខ្មែរ​ពេលនេះ នឹងមិនកើតឡើងទេ ព្រោះ​ថា​ ​​​គ​ណបក្ស​​ប្រ​ឆាំងពេលនេះគ្មាន​ឥទ្ធិពលទៅលើដៃគូប្រកួត ឲ្យពិចារណាវិល​ទៅ​រក​តុ​ច​រ​ចា​​តាមការចង់​បានរប​ស់​ខ្លួនឡើយ ក្រៅពីសម្ពាធពីអន្តរជាតិនោះ។

អ្នកវិភាគរូបនេះ មើលឃើញទៀតថា មានតែវិធានការជាក់ស្តែងពីសហគមន៍អន្តរជាតិទេ ទើបអាចជំរុញ​ឲ្យ​រដ្ឋា​​​ភបា​ល វិល​ទៅ​រក​តុ​ចរចា​ស្វែង​រក​ដំណោះស្រាយបាន។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកថា៖ «វាប្រែប្រួលនៅពេលជិតដល់ថ្ងៃដែលសហភាពអឺរ៉ុបជិតដល់ថ្ងៃព្យួរ EBA ដល់កម្ពុជានៅសល់ប្រហែ​លមួ​យ​ខែឬពីរខែ​​ចុងក្រោយ​ អាហ្នឹងទើបមានការប្រែប្រួល»

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើបក្សកាន់អំណាចនៅបន្តគ្រប់គ្រងស្ថានការណ៍​បានស្ងប់ស្ងាត់ដូច​បច្ចុប្បន្ន លោកថា ជាឱកាសមួយទៀត របស់បក្សកាន់អំណាចក្នុងការប្រើយុទ្ធសាស្ត្រ​បំបាក់ស្មារតីបក្សប្រឆាំង រុញឲ្យគណបក្សនេះ​ប្រេះ​​ឆាផ្ទៃ​ក្នុង​កាន់តែខ្លាំង រវាង​អ្នក​ស្មោះ​ស្ម័គ្រ​លោក​ កឹម សុខា និងលោក សម រង្ស៊ី​ តាមរយៈកែ​ច្បាប់ដើ​ម្បីបាន​បន្ត​ឃុំខ្លួ​​នលោក កឹម សុខា។

លោក ឯម សុវណ្ណារ៉ា ថា៖ «យន្តការកែប្រែច្បាប់មួយចំនួនទៅ ឃុំខ្លួនបានកាន់តែច្រើន យកបទចោទ ឲ្យតុលាការ​កាត់ក្តីទៅ ឃុំខ្លួ​នបា​នហើ​យ មានអីទៅពិបាកព្រោះអំណាចនៅក្នុងដៃ»

អ្នកជំនាញគោលនយោបាយ​ និងជាសាស្ដ្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College សហ​រដ្ឋ​អាមេរិក លោក អៀ សុផល មើលឃើញថា ល្បែងភ្នាល់គ្នារវាងមេដឹកនាំទាំងពីរ មិន​បានផ្ដល់​ប្រយោជ​ន៍ដល់​សង្គម​កម្ពុជា​នោះ​ទេ។ តែ​លោក​ថា ផ្ទុយទៅវិញ វានឹងជំរុញឲ្យមានច​លនាន​យោបា​យ​ធំមួ​​យនាពេលអនាគត ដោយសាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចង់​ឈ្នះ​ការ​ភ្នាល់​នេះ មិនព្រ​មស្ដា​រប្រ​ជាធិបតេយ្យ និងដោះលែងលោក កឹម សុខា នោះ។

អ្នកជំនាញកិច្ចការទូតរូបនេះ វិភាគថា ប្រសិនបើគ្មានការសម្របសម្រួលណាមួយជុំវិញករណីឃុំខ្លួនលោក កឹម សុខា នោះ សហគមន៍​អន្ដរជាតិ​នឹងបន្ថែម​សម្ពាធទៀតមកលើកម្ពុ​ជា ដែលធ្វើឲ្យប៉ះ​ពាល់ដល់ពលរ​ដ្ឋទូទាំង​ប្រ​ទេស ដូចជា តាមរយៈវិធានការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ការសើរើប្រ​ព័ន្ធអនុគ្រោះ​ដែលអា​មេរិកផ្ដ​ល់ឲ្យក​ម្ពុជា ប្រព័ន្ធអនុគ្រោះ GSP និង​ការ​ដាក់​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ទាក់ទង​នឹង​ការលាង​លុយ​កខ្វក់ជាដើម។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីសប្តាហ៍មុន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោក កឹម សុខា៖

«គាត់ជាមនុស្សស្អា​តស្អំ​ ដែល​ត្រូ​វបាន​ឃុំខ្លួ​នដោ​យអយុត្តិធម៌ ក្រោ​មកា​រចោ​ទប្រ​កាន់មិនពិត»​។

លោក អៀ​ សុ​ផង បង្ហាញការព្រួយបារម្ភថា ជម្លោះរវាងអ្នកនយោបាយខ្មែរនេះ កំពុងធ្វើឲ្យជោ​គវាស​នារប​ស់​កម្ពុ​ជា​ ស្ថិតក្នុងដំណើរគួរឲ្យព្រួយ​បារម្ភបំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ