ត្រាំ ត្រៀមខ្លួនជួយសេដ្ឋកិច្ចកូរ៉េខាងជើងឲ្យរីកចម្រើនដូចវៀតណាម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៨។ (AP / AAP)

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ បញ្ជាក់ជំហរថា លោកនឹងជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់កូរ៉េខាងជើងឲ្យរីកចម្រើនដូចសេដ្ឋកិច្ចរបស់វៀតណាម បើសិនជាមានការចរចាត្រូវគ្នាលើបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែ។​

មេដឹនាំសហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជួបគ្នាជាលើកទី២ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម​ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ លើបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែ។​

ក្នុងជំនួបនេះ មេដឹកនាំសហរដ្ឋអាមេរិកជំរុញឲ្យកូរ៉េខាងជើងរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់និងពិភពលោក​។ ចំណែកកូរ៉េខាងជើងក៏ធ្លាប់បញ្ជាក់ជំហរថា រំសាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួនដែរ បើសិនជាមានការធានាដល់សន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួន។​

មុនពេលចាកចេញពីសហរដ្ឋអាមេរិកធ្វើដំណើរទៅប្រទេសវៀតណាម​ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម ​Twitters លោកថា ជំនួបលើកទី២នេះមានសារៈសំខាន់ណាស់​ក្នុងការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ លោកបន្តថា បើមានការព្រមព្រៀងគ្នានោះ អាមេរិក​នឹងជួយឲ្យសេដ្ឋកិច្ចរបស់កូរ៉េខាងជើងរីកចម្រើនដើរតាមផ្លូវរបស់វៀតណាម។

សេដ្ឋកិច្ចរបស់វៀតណាមកំពុងតែមានការប្រែប្រួលឆ្ពោះទៅរកការរីកចម្រើនតាមរយៈគោលនយោបាយចាប់ប្រទេសលោកសេរី និងរក្សាមិត្តកុម្មុយនីស្ត។ ក្រុមហ៊ុនធំៗរបស់អាមេរិកបានចាប់ផ្តើមដំណើរការនៅវៀតណាម។

នយោបាយការបរទេសអាមេរិក​ ក៏ហាក់ដូចជាអំណោយផលដល់វៀតណាមដែរ ដូចជា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ធ្វើឲ្យក្រុមហ៊ុនមួយចំនួនងាកចេញពីចិនទៅបោះទុននៅវៀតណាម​ជាដើម។​

បើនិយាយពីទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងជើង ដែលមានអាមេរិកជាមេអណ្តើកនោះ ក៏ហាក់មានភាពប្រសើរឡើងដែរ។​ កាលពីចុងឆ្នាំ២០១៨ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយក្រុមបានធ្វើដំណើរទៅប្រទេសវៀតណាម​ ដើម្បីរៀនសូត្រពីការធ្វើកំណែទម្រង់សេដ្ឋកិច្ច។

ចំណែកវៀតណាមក៏បានប្តេជ្ញាជួយដល់ភាគីកូរ៉េខាងជើង និងបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងវិញ។​

សហរដ្ឋអាមេរិកអាចនឹងជួយកូរ៉េខាងជើងដូចសន្យាព្រោះទាំងកូរ៉េខាងជើង ទាំងវៀតណាម​សុទ្ធតែមានតួនាទីសំខាន់ក្នុងការទប់ទល់ឥទ្ធិពលចិន បើសិនជាប្រទេសទាំងនេះក្លាយជាសម្ព័ន្ធមិត្តស្និទ្ធិជាមួយអាមេរិក​។

ប៉ុន្តែ អ្វីដែលជាបញ្ហាពេលនេះ មិនដឹងថា កូរ៉េខាងជើងពិតជាចរចាជាមួយអាមេរិកដោយស្មោះឬ គ្រាន់តែចង់ពន្យារពេលកុំឲ្យមានការគាបសង្កត់ពីសហគមន៍អន្តរជាតិ​។​ តាមរយៈកិច្ចព្រមព្រៀងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបុរីនោះ គឺមិនទាន់ឃើញសញ្ញាវិជ្ជមានណាមួយដែលកូរ៉េខាងជើងធ្វើតាមសន្យានោះទេ។

ម្យ៉ាងទៀតរាល់មុនការសម្រេចចិត្តសំខាន់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តែងធ្វើដំណើរទៅចិនទាំងបើកចំហ និងសម្ងាត់ ហាក់ដូចជា សុំយោបល់ឬ សុំការសម្រេចចិត្តពីមេដឹកនាំចិន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ