ថៃ ហាម​​ពលរដ្ឋខ្មែរ៣៤នាក់ចូលទឹកដី ព្រោះបញ្ហា​​អសន្តិសុខភាគខាងត្បូង

កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំដែន ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលពលរដ្ឋខ្មែរ ៣៤នាក់ ដែលនគរបាលអន្តោប្រវេសន៍ច្រកទ្វារបានផាកាត ខេត្តចន្ទបូរី មិនប្រថាប់ត្រាអនុញ្ញាតឲ្យចូលប្រទេស។ រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

សមត្ថកិច្ចថៃ បាន​បដិសេធមិនឲ្យពលរដ្ឋ​ខ្មែរ ៣៤​នាក់ ចូលទឹកដី ​ដោយសារតែមានភេវរកម្ម និងអសន្តិសុខ នៅក្នុងខេត្តភាគខាងត្បូងប្រទេសខ្លួន។

យោងតាមការចុះផ្សាយ​លើ​ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តបាត់​ដំបង​ កាលពីម្សិលមិញ បានទទួលពលរដ្ឋខ្មែរ ៣៤នាក់ ដែលនគរបាលអន្តោប្រវេសន៍ច្រកទ្វារ«បានផាកាត» ខេត្តចន្ទបុរី ប្រទេសថៃ មិនប្រថាប់ត្រាអនុញ្ញាតឲ្យចូលប្រទេស។

ប្រភពដដែល ពលរដ្ឋខ្មែរ​ទាំងអស់នោះ មានគោលបំណងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានបញ្ជូនខ្មែរឥស្លាម ចំនួន៣៤នាក់ ដែលក្នុងនោះ​មានស្រី២នាក់ ត្រលប់​មក​កម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយ​មន្ត្រីប្រទេសនេះ​រកឃើញភាពមិនប្រក្រតីនៃការធ្វើដំណើររបស់ពួកគេ។

ការសែតបាងកកប៉ុស្តិ៍កាលពីម្សិលមិញ បានផ្សាយថា អាជ្ញាធរថៃនឹង​ជួបជជែក​ជាមួយ​​តំណាងសាលា​ឯក​ជន​ឥស្លាម ​ជាង​៦០០ នៅខេត្តយ៉ាឡា ប៉ាតានី ណារ៉ាធីវ៉ាត់ និង​ សុងក្លា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មាន​សិស្សជាជន​ជាតិ​ខ្មែរាប់រយនាក់​ទៅរៀននៅទីនោះដោយខុសច្បាប់។ ប្រភពនេះ ឲ្យដឹងផងដែរថា តាមការប៉ាន់ប្រមាណមាននិស្សិតខ្មែរឥស្លាម​រាប់រយនាក់​កំពុងសិក្សានៅខេត្តភាគខាងត្បូង។

តាមការចុះផ្សាយរបស់សារព័ត៌មានដដែលនេះ ក្រុម​យោធាថៃជឿថា ​ក្រុមប្រឆាំងរដ្ឋាភិបាល​នៅខេត្តភាគត្បូង កំពុងព្យាយាម​អូសទាញយុវជនខ្មែរឥស្លាម​ឲ្យចូល​ជាមួយក្រុមរបស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ