វៀតណាម យកឱកាស​នៃជំនួបរវាងត្រាំ និង គីម ផ្សាយពី​មុខ​ម្ហូប​ និងតំបន់ទេសចរណ៍

រូបភាពមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឱកាសដែលមេដឹកនាំទាំងពីរមកជួបពិភាក្សាចរចានៅវៀតណាម ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ រូបភាព៖ វេបសាយបរទេស

ប្រទេសវៀតណាម​ បាន​ចាប់​យក​ឱកាសនៃជំនួបជាលើកទី២រវាងលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ដើម្បី​ផ្សព្វផ្សាយពីម្ហូបអាហារ​ និង​តំបន់​ទេសចរណ៍របស់​ខ្លួន​។

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ដូណាល់ ត្រាំ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ស៊ីញហ្វុង នៅទីក្រុងហាណូយមុនពេលជួបជាមួយលោក គីម ជុងអ៊ុន។ រូបភាព៖ Leah Millis/Reuters

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ បានថ្លែង​ក្នុងសន្និសីទសារព័ត៌មានស្តី​ពីការរៀបចំជំនួបកំពូលរវាង​មេដឹកនាំអាមេរិក និងកូរ៉េខាងជើង ថា នាយករដ្ឋមន្រ្តី​ខ្លួនបានផ្តែ​ផ្ដាំឲ្យរៀប​ចំ ​ហ្វឺ ណែម និងម្ហួបអាហារប្រពៃណី​របស់​វៀតណាមមួយចំនួន​ទៀត សម្រាប់​ទទួល​ក្រុម​អ្នកយកព័ត៌មាន ដើម្បីផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់​។ អ្នកឆ្លើយឆ្លងទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រម្នាក់ប្រចាំប្រទេស​វៀតណាម បានសរសេរលើTwitter របស់​ខ្លួន​ ថារដ្ឋមន្រ្តីក្រសួងព័ត៌មានប្រទេសកុម្មុយនីស្តមួយនេះ ក៏បានប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​ចាត់​ទុក​ក្រសួង​ដូចជាសមាជិកក្រុមគ្រួសារតែមួយជាមួយ​គ្នាផងដែរ​។

តាមការចុះផ្សាយរបស់​សារព័ត៌មាន South China Morning Post កាលពីម្សិល​មិញ វៀតណាម បានរៀបចំជាប៊ូហ្វេ ដែលមាន​មុខម្ហូបវៀតណាម​ជាច្រើន​មុខសម្រាប់​ទទួលក្រុម​អ្នកយកព័ត៌មាន​។

អ្នកជំនាញ​ផ្នែកទេសចរ បាន​លើកឡើងថា រដ្ឋាភិបាល​វៀតណាមបាន​ដឹង​ពីឱកាស​ដ៏ធំក្នុងការធ្វើទីផ្សារទេសចរណ៍ដែលផ្តល់ឲ្យតាម​រយៈ​វត្តមាន​របស់​​អ្នកកាសែត​ជាច្រើនពាន់នាក់​មក​ពីស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​នានា។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅពេលលោកមកដល់ស្ថានីយ៍រថភ្លើង Dong Dang នៅ Dong Dang ប្រទេសវៀតណាមកាលពីថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទីពីររវាងអាមេរិកនិងកូរ៉េខាងជើង។ រូបភាព៖ ភ្នាក់ងារព័ត៌មានវៀតណាម / វីអូអេ -JIJI

អ្នកឯកទេសប្រឹក្សាយោបល់ផ្នែក​ទេសចរណ៍វៀតណាម លោក Mark Gwyther បានថ្លែងប្រាប់សារព័ត៌មាន​ South China Morning Post ថាព្រឹត្តិការណ៍​ជំនួបកំពូលរវាង​អាមេរិក​ និងកូរ៉េខាងជើងនេះ នឹងជួយដល់​ទីផ្សារ​​ទេសចរណ៍វៀតណាម​ច្រើន​ជាង​សកម្មភាពនានាដែលវៀតណាម​បាន​ធ្វើកន្លងមកក្នុង​ប្រវត្តិសាស្រ្តរបស់​គេ​​ ដើម្បី​ផ្សព្វផ្សាយ​ពីវិស័យនេះ។

ប្រភពដដែល​ឲ្យដឹងថា រដ្ឋាភិបាល​វៀតណាម​ក៏នឹងរៀបចំដំណើរ​កំសាន្តដោយឥតគិតថ្លៃឲ្យក្រុម​អ្នកសារព័ត៌មាន​ទៅកាន់​ឆ្នេរហាឡុង និងតំបន់ទេសចរណ៍នៅភាគខាងជើងប្រទេសនេះមួយចំនួនទៀតផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម​ ជុងអ៊ុន កំពុងស្ថិត​ក្នុងទីក្រុងហាណូយ ប្រទេស​វៀតណាម ដើម្បី​ជួប​ជជែកគ្នា​ជាលើកទីពីរ​ជុំ​វិញ​បញ្ហា​នុយក្លេអ៊ែរបស់កូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ