អាជ្ញាធររកឃើញក្លឹបកម្សាន្ត​ជិត ១៣០០កន្លែងនៅ​រាជ​ធានី​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន

សមត្ថកិច្ចចូល​ឆែកឆេរ​ទីតាំង​ មជ្ឈមណ្ឌល​ក្លឹ​ប​កំសាន្ត​រ៉ុ​ក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពីយប់ថ្ងៃថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

នគរបាល​​រាជ​ធានី​ភ្នំពេញ​​ អះអាងថា នរគរបាល​រាជ​ធានី​ភ្នំពេញ បាន​រកឃើញ​ក្លឹបកម្សាន្ត​ និងបារបារាំងជិត ១៣០០​កន្លែង បាន​ប្រើប្រាស់គ្រឿងញៀន ក្នុងនោះក្លឹប​ជាង ១​ពាន់​កន្លែង បានធ្វើកិច្ចសន្យាដើម្បី​បញ្ឈប់ការប្រើប្រាស់​ និង​ចែក​ចាយ​គ្រឿង​ញៀន​រួច​ហើយ។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​របស់​នគរបាល​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ មន្ត្រី​នគរបាល​ទទួល​បន្ទុក​បង្ក្រាប​គ្រឿង​ញៀន បាន​ស្រាវ​ជ្រាវ និង​រក​ឃើញ​ក្លឹប​កម្សាន្ត និង​បារ​បារាំង​ដល់​ទៅ ១២៩៥​កន្លែង មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន។

គេហ​ទំព័រ​នគរបាល​ជាតិ​ដដែល​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា ក្លឹប​កម្សាន្ត និង​បារ​បារាំង​ជាង ១០០០​កន្លែង បាន​សន្យា​បញ្ឈប់​​សកម្មភាព​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ។​

​ប្រភពដដែល បានឲ្យដឹងទៀតថា ការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣​ ​បង្ក្រាប​បាន​ ២០២៤​ករណី​ ឃាត់ខ្លួន​បាន​ ៣៦៧០​នាក់​ និងបានកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ទោះបី​ជា​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​បង្ហាញ​តួលេខ​បែប​នេះ​ក្ដី មាន​​តែ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់​តែ​មួយ​គត់ ត្រូវ​បាន​បង្ក្រាប​កាល​ពី​សប្ដាហ៍​មុន ហើយ​បាន​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ​ជាង ៣០០​នាក់ និង​រឹប​អូសបាន​គ្រឿង​ញៀន​ប្រហែល ៥០​គីឡូក្រាម​រហូត​មក​ដល់​ពេល​នេះ។

ទោះជាយ៉ាងណា ឧក​ញ៉ា គិត ធាង ដែល​ជា​ម្ចាស់​មជ្ឈ​មណ្ឌល​កម្សាន្ត​មួយ​នេះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​មាន​វិធានការ​ទៅ​លើ​នោះ​ឡើយ ចាប់​តាំង​ពី​ក្រោយ​ការ​បង្ក្រាប​កាល​ពី​សប្ដាហ៍​មុន​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ