បទយកការណ៍៖ យុវតីមួយក្រុមចូលរួមសកម្មភាពការពារធនធានធម្មជាតិ ដោយសារបារម្ភខ្លាចបាត់បង់

សកម្មភាពរបស់ក្រុមយុវជននៅក្នុងកម្មវិធី ថ្នាលបណ្ដុះកូនឈើ ផ្នែករដ្ឋបាលព្រៃឈើកែប នៅភូមិពោធិ៍ទាប ឃុំម្លូរព្រៃមួយ ស្រុកកែប ខេត្តព្រះវិហារ។

យុវតីមួយក្រុមអះអាងថា ពួកគេសម្រេចចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀតទាំងប្រឈមគ្រោះថ្នាក់ ដោយសារតែមានការបារម្ភថា ធនធានទាំងនោះកំពុងតែរងការបំផ្លាញហើយអាចនឹងបាត់បង់ បើមិនបានការពារឲ្យបានត្រឹមត្រូវ​។​

សកម្មជនការពារធនធានធម្មជាតិ កញ្ញា ផេង ស្រីស បានលើកឡើងថា កញ្ញាចូលរួមការពារធនធានធម្មជាតិតាំងពីឆ្នាំ២០១៥ ហើយការដែលកញ្ញាសម្រេចចូលរួមធ្វើការងារនេះ​ ដោយសារកញ្ញាស្រឡាញ់ធម្មជាតិ។ កញ្ញាបន្តថា ធនធានទាំងនេះ​បានបាត់បង់ជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម។

អ្នកនាងថា៖ «យើងមានតែបញ្ហាកើតឡើង តែដំណោះស្រាយ យើងឃើញថា ដូចអត់មានភាពប្រសើរឡើងទេ ទោះបីជាមានការទាមទារ ឬការចុះផ្សាយផ្សេងៗ បើសិនជាយើងមើលទៅទាក់ទងនឹងរឿងព្រៃឈើវិញ វាទៅជាបញ្ហាក្លាយទៅជាវិបត្តិ ឬក៏ជាជំងឺរុំារ៉ៃក៏ថាបានដែរ។ មានន័យថា កាប់គឺនៅតែកាប់ តែដំណោះស្រាយគឺវាអត់មាន ឬក៏យើងចាប់បានជនល្មើសត្រឹមតែប្រជាពលរដ្ឋសាមញ្ញា ដែលគាត់អត់មានមុខរបរ គាត់រកស៊ីកាប់ឈើឲ្យគេដឹកឈើឲ្យគេអញ្ចឹង»។

កញ្ញា ស្រីស បន្តថា ពួកគាត់ជាស្ត្រីមានការបារម្ភពីសុវត្ថិភាពពេលបំពេញការងារនេះ ប៉ុន្តែមិនបោះបង់ចោលនោះទេ។​

កញ្ញាថា៖ «ការបារម្ភ គឺយើងបារម្ភ ប៉ុន្តែទន្ទឹមនឹងនេះ មិនមែនយើងបារម្ភហើយយើងឈប់ធ្វើមិនបន្តសកម្មភាពឬកាតព្វកិច្ចរបស់យើងទៅមុខទៀតទេ។ ទោះបីយើងអាចនឹងប្រឈមមែន ប៉ុន្តែយើងអាចព្យាយាមធ្វើយ៉ាងណាកាត់បន្ថយការហានិភ័យដែលយើងអាចជួបហ្នឹង។ នៅពេលដែលយើងចុះល្បាតអីផ្សេងៗ តើយើងគួរត្រៀមអី? តើយើងនឹងអាចជួបអី ដើម្បីឲ្យយើងតៀមខ្លួនទុកជាមុន ពេលដែលមានរឿងហ្នឹង គឺយើងបន្ថយគ្រោះថ្នាក់»។

សកម្មជនអង្គការមាតាធម្មជាតិ អ្នកនាង លីម គីមស័រ ដែលចូលរួមសកម្មភាពការពារធនធានធម្មជាតិទាំងពីឆ្នាំ២០១១ ក៏លើកឡើងហេតុផលប្រហាក់ប្រហែល កញ្ញា ស្រីស ដែរ។​

អ្នកនាងបន្តថា បញ្ហាប្រឈមដែលជួបប្រទះកន្លងមកនោះ គឺការចុះទៅសហគមន៍តែម្នាក់ឯង ហើយជួបនឹងឧបសគ្គជាច្រើនដូចជា ការគំរាមកំហែង ការធ្វើដំណើរកាត់ព្រៃ គ្មានផ្លូវល្អក្នុងការធ្វើដំណើរ និងពេលខ្លះត្រូវធ្វើដំណើរទាំងយប់។ អ្នកនាងបន្តថា ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន គឺកាលពីមុនបារម្ភខ្លាំង ប៉ុន្តែ អ្នកនាងមិនបោះបង់បេសកកម្មនេះទេ គឺរកវិធីដើម្បីកាត់បន្ថយគ្រោះថ្នាក់វិញ។​

កញ្ញាមានប្រសាសន៍ថា៖ «សុវត្ថិភាពហ្នឹង ពីមុនបារម្ភណាស់ ដល់ពេលក្រោយមកទៀតហ្នឹង ឃើញថាក៏មានយុវជនខ្លះរងគ្រោះដោយសារតែការដើរលេង ជក់ថ្នាំ ហួសម៉ោងហួសអីវាធ្វើឲ្យគាត់គ្រោះថ្នាក់ប៉ះពាល់ដល់សុវត្ថិភាពរបស់គាត់ទាំងជីវិតទាំងអីអឹញ្ចឹង ហើយសម្រាប់ខ្ញុំ ខ្ញុំគិតថា ប្រសិនជាសុវត្ថិភាពយើងវាមិនទៀងទេ ជួនកាល អ្នកខ្លះគាត់មិនទាំងធ្វើអីផងក៏គាត់ខ្យល់គរស្លាប់ដែរហ្នឹង ខ្ញុំសុខចិត្តទុកពេលវេលារបស់ខ្ញុំទៅជួយសហគមន៍ គ្រាន់តែថាពេលដែលយើងធ្វើការ យើងមានការប្រយ័ត្នប្រយែងខ្លាំងអីចឹងទៅ»។

កញ្ញាបន្តថា ការងារកន្លងមករបស់កញ្ញាគឺធ្វើការពាក់ព័ន្ធនឹងជម្លោះដីធ្លី ការទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនី ការបូមខ្សាច់ ការយករ៉ែត្បូង រ៉ែមាស ជាពិសេសការការពារសិទ្ធិមនុស្ស។

និស្សិតសាកលវិទ្យាល័យ កញ្ញា វណ្ណ ដាណេ ដែលទើបតែចូលរួមក្នុងការការពារធនធានធម្មជាតិនៅចុងឆ្នាំ២០១៨នេះទេ លើកឡើងថា ការកាប់បំផ្លាញព្រៃឈើកើតឡើងស្ទើររាល់ថ្ងៃ។​ កញ្ញាមានការសោកស្តាយពេលដែលចុះទៅល្បាតព្រៃឡង់កន្លងទៅ ឃើញដើមឈើជាច្រើនត្រូវគេកាប់រំលំ។​

កញ្ញាមានប្រសាសន៍ថា៖ «នៅពេលដែលខ្ញុំទៅដល់ នៅតាមផ្លូវហ្នឹងគឺមានសុទ្ធតែដើមឈើដែលកាប់ហើយ ហើយដួលពេញហ្នឹង យើងចូលទៅដល់ព្រៃជ្រៅហើយ ប៉ុន្តែដើមឈើធំៗឃើញតិចតួចមែនទែន ហើយនៅតាមផ្លូវដែលយើងចុះទៅហ្នឹង ក៏ឃើញបទល្មើសដែរ»។

ប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ បានលើកឡើងតែថា នៅក្នុងស្ថានភាពបច្ចុប្បន្ន រដ្ឋាភិបាលបានដាក់តំបន់ការពារជាច្រើនកន្លែង ប៉ុន្តែការកាប់បំផ្លាញនៅតែបន្តកើតមាន។ លោកបន្តថា ចំពោះកំណើននៃការចូលរួមការពារធនធានធម្មជាតិរបស់យុវជនមានការកើនឡើង ហើយដើម្បីឲ្យមានការចូលរួមកាន់តែច្រើន រដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់យុវជនបន្ថែមទៀត ជាពិសេសការបង្កើតកម្មវិធីស្ម័គ្រចិត្តដល់យុវជនជាដើម។

លោកបន្តថា សកម្មជនការពារធនធានធម្មជាតិមាន៣ប្រភេទគឺ ទី១ សកម្មជនចេញមុខ ទី២ សកម្មជនដែលចូលរួមតាមបណ្តាញសង្គម និងទី៣ សកម្មជនដែលគាំទ្រជាជំនួយថវិកា ។

លោក ទឹម​ ម៉ាឡៃ៖ « អ្នកដែលមានភេទផ្សេងគ្នាយ៉ាងណាក៏ដោយ ការចូលរួមការពារធនធានធម្មជាតិជាសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគាត់ទាំងអស់គ្នា មានន័យថា គាត់អាចចូលរួមដោយស្មើភាពគ្នា ដោយមិនមានការបារម្ភនោះទេ។ ហើយក្នុងនាមអង្គការសង្គមស៊ីវិល រាជរដ្ឋាភិបាលបន្តជ្រោមជ្រែង និងលើកទឹកចិត្ត បំពេញតួនាទីរបស់ខ្លួន ដើម្បីធានាថា ធនធានធម្មជាតិ និងសិទ្ធិរបស់ប្រជាពលរដ្ឋត្រូវបានគោរព និងការការពារ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានប្រាប់ វីអូឌី​ ថា ក្រសួងលើកទឹកចិត្តដល់សាធារណៈជនទូទៅ មិនគិតថាបុរស​ឬស្ត្រីទេ ប៉ុន្តែលោកថា ស្រ្តីមានការចូលរួមច្រើននៅក្នុងការ ការពារធនធានធម្មជាតិ ជាពិសេសការល្បាតព្រៃនៅក្នុងសហគមន៍។

លោកបន្តថា បច្ចុប្បន្នក្រសួងមិនទាន់មានជាកញ្ចប់ថវិកាសម្រាប់គាំទ្រដល់សាធារណៈទេ ប៉ុន្តែករណីមានការចុះសហគមន៍ ហើយខ្វះខាត អ្នកដែលចូលរួមអាចដាក់សំណើមកកាន់ក្រសួង ក្រសួងនឹងពិនិត្យមើលលទ្ធភាពក្នុងការផ្តល់ថវិកាគាំទ្រ។

លោកមានប្រសាសន៍ថា៖ « បើសិនបើបងប្អូនដែលមានចិត្តស្រលាញ់ គេហៅថាធម្មជាតិ និងជីវចម្រុះផ្សេងៗ ដែលបានចុះទៅតំបន់ផ្សេងៗហ្នឹង បើសិនជាមានការខ្វះខាតឬអី! ពួកគេអាចដាក់សំណើមកក្រសួង ដើម្បីក្រសួងមានលទ្ធភាពក្នុងការជួយដោះស្រាយចំពោះបន្ទុករបស់គាត់ឬក៏យ៉ាងណា បាទ»។

របាយការណ៍ក្រសួងបរិស្ថានកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បង្ហាញថា កម្ពុជាមានតំបន់ការពារចំនួន ៤៥ មានផ្ទៃដីសរុប ៥,៩០៤,៨៨៣ហិកតា។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ជាថ្ងៃសម្ពោធអាគារទីតាំងថ្មីនៃក្រសួងបរិស្ថាន លោក ហ៊ុន សែន បានប្រកាសបញ្ជាឲ្យលោក សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ប្រើប្រាស់ឧត្ថម្ភាចក្រពីរគ្រឿងសម្រាប់បាញ់រ៉ុកកែតពីអាកាស លើក្រុមឈ្មួញ កាប់ឈើខុសច្បាប់។​

ធនាគារពិភពលោក បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៧​ថា គម្របព្រៃឈើនៅ​កម្ពុជា​ បានធ្លាក់ចុះពីជិត ៦០ភាគរយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ