ជំនួបកំពូលរវាង​ ត្រាំ និង គីម បានបិទបញ្ចប់​មុនពេលកំណត់​ដោយគ្មានកិច្ចព្រមព្រៀង

ជំនួបកំពូល​ជាលើកទី២ ​រវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រមុខរដ្ឋ​កូរ៉េខាងជើ​ង នៅក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ StraitTimes

ជំនួបកំពូល​ជាលើកទី២ ​រវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រមុខរដ្ឋ​កូរ៉េខាងជើ​ង​ត្រូវបាន​បញ្ចប់​ទៅមុនពេលកំណត់ ដោយមិនមាន​កិច្ចព្រមព្រៀងណាមួយកើតឡើងនោះឡើយ។​

លោក ដូណាល់ ត្រាំ បាន​លើកឡើងជាមួយក្រុម​អ្នកសារព័ត៌មានថា ជំនួបរវាងលោក និងលោក គីម ជុងអ៊ុន ត្រូវបាន​បញ្ចប់​មុនពេលកំណត់ ដោយសារតែភាគីទាំង​ពីរមានការខ្វែងគំនិតគ្នាជុំវិញ​បញ្ហា​ទណ្ឌកម្ម​លើកូរ៉េខាងជើង។ តាមការចុះផ្សាយរបស់​សារព័ត៌មាន​ CNBC លោក ត្រាំ បានលើកឡើងថា មេដឹកនាំកូរ៉េខាងជើងស្នើឲ្យអាមេរិកលុបចោលទណ្ឌកម្មទាំងអស់​ប្រឆាំងខ្លួន ប៉ុន្តែអាមេរិក​មិនអាចធ្វើបាន​នោះទេ។ លោក ត្រាំ បន្ថែម​ថា លោក​ គីម ថានឹង​បិទរោងចក្រផលិតសព្វាវុធមួយកន្លែងជាការដោះដូរនឹងការលើកលែងទណ្ឌកម្ម​ តែ​លោកថា​ អាមេរិក​ចង់​បាន​លើសពីនេះ។

ទោះយ៉ាងណាក៏ដោយលោក ត្រាំ នៅតែមាន​សុទិដ្ឋិនិយមថា​ នឹង​មាន​ជំនួបជាលើកទី៣ រវាងលោក និងលោក គីម ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ។ មុនកិច្ចប្រជុំ​លោក ត្រាំ បានបង្ហាញ​ក្តីសង្ឃឹម​ខ្ពស់​ថា​ ជំនួប​ជាលើកទី២នៅទីក្រុងហាណូយនេះ នឹងទទួលបាន​ផល​ជាវិជ្ជមាន ពោល​គឺការបោះបង់ចោល​កម្មវិធីអាវុធនុយក្លេអ៊ែពីសំណាក់​កូរ៉េខាងជើង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ