កម្ពុជា អំពាវនាវឲ្យឥណ្ឌា និង ប៉ាគីស្ថាន ដោះស្រាយទំនាស់​នៅតំបន់កាស្មៀរដោយសន្តិវិធី

ទាហានប៉ាគីស្ថាននិយាយថា វាជាបំណែកនៃយន្តហោះចម្បាំងឥណ្ឌាមួយគ្រឿង ដែលត្រូវបានបាញ់ទម្លាក់នៅកាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន (AFP Photo / STR)

រដ្ឋាភិបាលកម្ពុជា ជំរុញ​ឲ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាន រក្សាការ​អត់ធ្មត់ខ្ពស់បំផុត ហើយ​ធ្វើការដោះស្រាយទំនាស់នៅតំបន់​កាស្មៀរដោយសន្តិ​វិធី។

ការអំពាវនាវរបស់​រដ្ឋាភិបាលកម្ពុជា ធ្វើឡើង ស្របពេលដែល​ឥណ្ឌា និងប៉ាគីស្ថាន​ ​ប៉ះទង្គិចគ្នា​ជាថ្មី​ជុំ​វិញ​បញ្ហាទឹក​ដីកាស្មៀរ ដែលឈានរហូត​ដល់ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំងគ្នាទៅវិញ​ទៅមក។

ក្នុងសេចក្តី​ថ្លែងការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល​ចេញផ្សាយ​កាលពីម្សិលមិញ កម្ពុជាបានលើកឡើងថា ក្នុងឋានៈជាមិត្តនៃប្រទេសទាំងពីរ​ កម្ពុជាសង្ឃឹ​មថា​ប្រទេសប៉ាគីស្ថាន និង​ឥណ្ឌា រក្សាការធ្មត់​ខ្ពស់​បំផុត ដើម្បី​ជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធបន្តថែមទៀត ដែលនាំឲ្យមានអរិភាពក្នុងចំណោមប្រជាជន​ប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍ដដែល បន្តថា៖ «កម្ពុជាជឿជាក់​ថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌា អាចធ្វើការ​ចរចាគ្នា ដើម្បីកាត់បន្ថយភាពតានតឹង​នាពេលបច្ចុប្បន្ន និងស្វែងរកដំណោះស្រាយទំនាស់​តាមមធ្យោបាយសន្តិវិធី»។

វិបត្តិទឹកដីកាស្មៀរ មិនមែនជារឿងថ្មីនោះទេ។ វាបានអូសបន្លាយ​រយៈពេល​៧២ឆ្នាំមកហើយ​។

ភាពតានតឹងជាថ្មីរវាង​ឥណ្ឌា និងប៉ាគីស្ថាន ជុំ​វិញ​បញ្ហាទឹកដីកាស្មៀរក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ផ្ដើមចេញ​ពីការ​វាយប្រហារ​ដោយគ្រាប់​បែក​អត្តឃាត​ទៅលើ​កងទ័ពឥណ្ឌាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩។ ការវាយប្រហារនេះ បានបណ្ដាលឲ្យ​កងទ័ពឥណ្ឌាដែលឈរជើងនៅតំបន់ Pulwama ៤០នាក់បានបាត់​ជីវិត។ ក្រុមយោធាដែល​មានមូលដ្ឋាន​នៅប៉ាគីស្ថាន​ ឈ្មោះថា Jaish-e-Mohammed បានប្រកាស​ទទួលខុសត្រូវ​លើការវាយប្រហារនេះ។

ឥណ្ឌា បាន​បើក​ការវាយប្រហារតាម​ផ្លូវអាកាស​ទៅលើជំរុំ​​យោធាមួយចំនួនដែល​បោះនៅលើទឹកដីប៉ាគីស្ថាន កាលពីថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ រដ្ឋាភិបាល​ឥណ្ឌា បានលើកឡើងថា ការវាយប្រហារ​ដែលខ្លួនធ្វើឡើងទៅលើក្រុម​យោធាក្នុងទឹក​ដីប៉ាគីស្ថាន ជាការប្រឆាំងនឹងក្រុម​ភេរវករ។

ជាការឆ្លើយតបយោធាប៉ាគីស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបាញ់​ទម្លាក់​យន្តហោះ​ចម្បាំងរបស់​ឥណ្ឌា​ពីរគ្រឿង និង​ចាប់​ខ្លួនអ្នកបើកយន្តហោះចម្បាំងរបស់ឥណ្ឌាម្នាក់​។ ក្រុមយោធាឥណ្ឌា ក៏បានអះអាងថា ​ភាគីខ្លួន​ ក៏បាន​បាញ់​​ទម្លាក់​យន្តហោះចម្បាំងរបស់ប៉ាគីស្ថានមួយវិញ​ផងដែរ​។

តាមការចុះផ្សាយរបស់​សាព័ត៌មាន ​BBC  ប្រទេសប៉ាគីស្ថាន នឹង​ដោះលែងអ្នកបើ​កយន្តហោះចម្បាំង​ឥណ្ឌា នៅថ្ងៃសុក្រនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ