អាជ្ញាធរជាតិអប្សរា ណែនាំស្នើ​ឲ្យ​ទេសចរកុំឲ្យបរិភោគអាហារក្នុងបរិវេណប្រាសាទ

ភ្ញៀវទេសចរធ្វើដំណើរទស្សនាប្រាសាទអង្គរវត្ត កាលពីខែតុលា ឆ្នាំ២០១៨។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាជូនដំណឹងទៅស្ថាប័នជាតិ និងអន្តរជាតិ ជួយណែនាំភ្ញៀវទេសចរទាំងអស់កុំឲ្យបរិភោគអាហារក្នុងបរិវេណប្រាសាទ អំឡុងពេលចូលទស្សនាប្រាសាទអង្គរវត្ត និងបាយ័ន  ដោយថា ប្រាសាទទាំងពីរនេះ ជាទីគោរពសក្ការៈដ៏ស័ក្តិសិទ្ធិ  និងជាដួងព្រលឹងរបស់ជាតិខ្មែរទាំងមូល។

លិខិតជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចេញផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឲ្យដឹងថា ស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសទេសចរណ៍ មគ្គុទ្ទេសទេសចរណ៍ ក្រុមហ៊ុន រួមទាំងអ្នកដឹកជញ្ជូនភ្ញៀវ និងអាជីវករ ជួយណែនាំភ្ញៀវទេសចរកុំឲ្យបរិភោគក្នុងបរិវេណប្រាសាទ អំឡុងពេលចូលទស្សនាប្រាសាទនាពេលថ្ងៃរះ ឬថ្ងៃលិច។

អាជ្ញាធរអប្សរា ថា ការហាមប្រាមនេះ ធ្វើឡើង​ដើម្បីថែរក្សាការពារនូវតម្លៃដ៏វិសេសវិសាលនៃមរតកដូនតាខ្មែរ និងរក្សានូវរបៀបរៀបរយ សណ្ដាប់ធ្នាប់ អនាម័យក្នុងបរិវេណប្រាសាទ ខណៈតំបន់រមណីយដ្ឋានអង្គរ គឺជារមណីយដ្ឋាននៃបេតិកភណ្ឌពិភពលោកដែលមានប្រាង្គប្រាសាទដ៏ល្បីល្បាញជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត និងបា្រសាសាទបាយ័ន ដែលជាទីគោរពសក្ការៈដ៏ស័ក្តិសិទ្ធិ និងជាដួងព្រលឹងរបស់ជាតិខ្មែរទាំងមូល។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា នឹងធ្វើការហាមឃាត់មិនឲ្យភ្ញៀវទេសចរវេចខ្ចប់អាហារចូលទៅទស្សនាប្រាសាទ ទាំងអំឡុងពេលទិញបណ្ណ និងពេលពិនិត្យបណ្ណចូលទស្សនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ