វៀតណាមជាអ្នកចំណេញលើជំនួបបរាជ័យគីម និងត្រាំ

មេដឹកនាំវៀតណាម លោក ង្វ្រៀន សួនហ្វុក និង មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៩ មុនជំនួប កំពូល ត្រាំ និង គិម (រូប ពី AP)

វៀតណាមនៅតែទទួលបានផលប្រយោជន៍ច្រើនជាងគេលើផ្នែកនយោបាយអន្តរជាតិ និង សេដ្ឋកិច្ច បើទោះជាជំនួបរវាងមេដឹកនាំសហរដ្ឋអាមេរិក និង មេដឹកនាំកូរ៉េខាងជើងនៅទីក្រុងហាណូយបរាជ័យក៏ដោយ។​

ជំនួបកំពូលរវាងលោក លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នៅថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែកុម្ភៈនោះ បានបញ្ចប់ដោយភាពអួរអាប់មិនបានផលដូចការរំពឹងទុកនោះទេ។​

ជំនួបលើកទី២នៅវៀតណាមនេះគឺដើម្បីតាមដានលទ្ធផលការអនុវត្តកិច្ចព្រមព្រៀងកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ ប៉ុន្តែជំនួបនៅវៀតណាមនេះមិនទទួលផលទេដោយសារលោក គីម ជុងអ៊ុនទាមទារឲ្យអាមេរិកទម្លាក់ចោលរាល់ទណ្ឌកម្មទាំងអស់មុនដំណើររំសាយកម្មវិធីអាវុធនុយក្លេអ៊ែ ប៉ុន្តែសំណើនេះត្រូវលោកដូណាល់ ត្រាំបញ្ជាក់ថា មិនអាចធ្វើទៅបានទេគឺត្រូវរំសាយចោលកម្មវិធីអាវុធនុយក្លេអ៊ែជាមុនសិន។​

លោក គីម ជុងអ៊ុន និង លោក ដូណាល់ ត្រាំ ក្នុងជំនួបកំពូលលើកទី២ក្នុងទីក្រុងហាណូយប្រទេសវៀតណាមថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៧(រូបពី AFP)

ភាគីទាំងពីរបានលុបចោលកម្មវិធីអាហារថ្ងៃត្រង់ និងការចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៨ខែកុម្ភៈគឺស្ថានភាពអាប់អូរមិនដូចកាលជំនួបលើកទី១នៅសិង្ហបុរីនោះទេ។​

បើទោះជាម្ចាស់កម្មវិធីអាមេរិក និងកូរ៉េខាងជើងបរាជ័យ ប៉ុន្តែម្ចាស់ផ្ទះគឺវៀតណាម​នៅតែទទួលបានផលច្រើនលើសលប់។​

អ្វីខ្លះជាជោគជ័យរបស់វៀតណាម?

កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ

វៀតណាមអាចបង្ហាញឥទ្ធិពលរបស់ខ្លួនលើឆាកអន្តរជាតិគឺខ្លួនជាប្រទេសកុម្មុយនីស្តអាចដើរតួនាទីជាអ្នកសម្របសម្រួលរៀបចំឲ្យមេដឹកនាំប្រទេសសេរី និង មេដឹកនាំផ្តាច់ការលើពិភពលោកជួបគ្នា។ ជំនួបនេះមានការចាប់អារម្មណ៍ខ្លាំងដោយសារតែវាពាក់ព័ន្ធសន្តិសុខនៅក្នុងតំបន់និងពិភពលោក។​

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន និង បានសរសេរលើបណ្តាញសង្គមរបស់លោក ទាំងTwitters និង Facebook ដោយបានអរគុណថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម​ថា បានរៀបចំពិធីទទួលលោកដោយកក់ក្តៅ។

ប្រយោជន៍សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វ្រៀន សួនហ្វុក ថ្លែងថា ជំនួបលោក គីម និង លោក ត្រាំ បង្ហាញថា វៀតណាម​ជាប្រទេសមានសន្តិសុខ និងសន្តិភាពរឹងមាំពិតប្រាកដ ដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ និងភ្ញៀវទេសចរ។

បើទោះជាជំនួបនេះអាមេរិក និងកូរ៉េខាងជើង មិនទទួលបានជោគជ័យ ប៉ុន្តែវៀតណាម​បានប្រឹងប្រែងអស់លទ្ធភាពក្នុងការរៀបចំជាម្ចាស់ផ្ទះ ហើយដំណើរការតាំងពីចាប់ផ្តើមរហូតដល់ចប់មិនមានបញ្ហាអសន្តិសុខណាមួយកើតឡើងនោះទេ។​

មេដឹកនាំវៀតណាម​បានជួបដាច់ដោយឡែកជាមួយមេដឹកនាំ អាមេរិក និង មេដឹកនាំកូរ៉េខាងជើង ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។​

ក្រុមហ៊ុនអាកាសចរណ៍ និងក្រសួងទេសចរណ៍វៀតណាម​បានផ្តល់សំបុត្រយន្តហោះ និង កន្លែងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥សម្រាប់អ្នកសារព័ត៌មាន៣០០០នាក់ ដែលយកព័ត៌មានក្នុងជំនួបកំពូលនេះ អាចដើរកំសាន្តក្នុងប្រទេសវៀតណាម​២ថ្ងៃ។​

សិស្សសាលាវៀតណាមស្វាគមន៍ជំនួបកំពូលលើកទី២មេដឹកនាំអាមេរិក និងកូរ៉េខាងជើង(រូបពីVnexpress)

សកម្មភាពនេះអាចជួយផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ប្រទេសនេះបានកាន់តែច្រើន ខណៈវៀតណាមរំពឹងថា ភ្ញៀវទេសចរនៅឆ្នាំ២០១៩នេះនឹងកើនដល់ជាង១៨លាននាក់ គឺកើនឡើង២០ភាគរយប្រៀបធៀបឆ្នាំ២០១៨។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ