អតីតថ្នាក់ដឹកនាំមួយរូបនៃបក្សប្រឆាំង ត្រូវបានព្រះមហាក្សត្រផ្ដល់ការលើកទោស និងអនុញ្ញាតឲ្យធ្វើឡើងនយោបាយឡើងវិញហើយ ទៅតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ អតីតសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះ លោក ស៊ីម សុវណ្ណនី ដែលត្រូវបានតុលាការកំពូលហាមឃាត់ធ្វើនយោបាយកាលពីចុងឆ្នាំ២០១៧នោះ ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហមុនី ព្រះរាជទាននីតិសម្បទាសម្រាប់ធ្វើនយោបាយឡើងវិញ។
បើតាមព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្របានសម្រេចឲ្យលោក ស៊ីម សុវណ្ណនី ឬហៅ ស៊ីម វ៉ាន់នី ធ្វើនយោបាយឡើងវិញបាន ទៅតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ស៊ីម សុវណ្ណនី គឺស្ថិតនៅលេខរៀងទី ៤៤ នៃបញ្ជីថ្នាក់ដឹកនាំ ១១៨រូបរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចហាមឃាត់សិទ្ធិនយោបាយរយៈពេល ៥ឆ្នាំ បន្ទាប់ពីតុលាការកំពូលបានសម្រេចរំលាយគណបក្សប្រឆាំងមួយនេះ។
លោក ស៊ីម សុវណ្ណនី គឺជាថ្នាក់ដឹកនាំទី៣ នៃគណបក្សប្រឆាំង ដែលបានទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងកូនប្រុសលោក គឺលោក គង់ បូរ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង កាលពីពាក់កណ្ដាលខែមករាកន្លងមកនេះ។
ថ្នាក់ដឹកនាំទាំង ៣រូបរបស់គណបក្សប្រឆាំងមួយនេះ បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីរដ្ឋសភាដែលគ្រប់គ្រងដោយសមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំងអស់នោះ បានកែប្រែច្បាប់នយោបាយកាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំមុន ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំទាំង ១១៨រូបគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយនោះ អាចស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
បើទោះបីជាច្បាប់ស្ដីពីគណបក្សនយោបាយត្រូវបានកែប្រែបែបនេះក្ដី ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង ១១៨រូប ត្រូវតែដាក់ពាក្យស្នើសុំទៅព្រះមហាក្សត្រតាមរយៈរូបលោក មុននឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃបានក្រើនរំឭកជាថ្មីម្ដងទៀតកាលពីថ្ងៃទី២១ ខែកុម្ភៈ ឲ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីមានតែថ្នាក់ដឹកនាំតែ ២រូបប៉ុណ្ណោះរបស់អតីតបក្សប្រឆាំង បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ចាប់តាំងពីការកែប្រែច្បាប់នយោបាយកាលខែធ្នូឆ្នាំមុននោះ។
គណបក្សសង្គ្រោះជាតិ ដែលកាន់កាប់អាសនៈសភាចំនួន ៥៥ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ និងកាន់កាប់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧កន្លងមកនោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល ហើយអាសនៈជាប់ឆ្នោតទាំងអស់ ត្រូវបានដកហូត និងបែងចែកទៅឲ្យគណបក្សនយោបាយផ្សេងដែលមិនឈ្នះការបោះឆ្នោតទាល់តែសោះ។
គណបក្សប្រឆាំងដ៏ធំមួយនេះ ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការបោះឆ្នោតជាតិកាលពីចុងខែកក្កដាកន្លងមកដែរ ដែលការបោះឆ្នោតនោះបានផ្ដល់ជ័យជម្នះទាំងស្រុងទៅគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សហគមន៍អន្តរជាតិនាំមុខដោយសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានថ្កោលទោសការបោះឆ្នោតនោះ និងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទៀតផង ហើយពួកគេបានចាត់វិធានការមួយចំនួនមកលើកម្ពុជាផងដែរ៕